ប្រទេសទាំង១០នេះ នឹងមានសន្ទុះសេដ្ឋីថ្មីៗកើនឡើងខ្ពស់នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ
បើគេនិយាយពីមហាអំណាចសេដ្ឋកិច្ច គេនឹងនឹកឃើញដល់អាមេរិក ចិន និងជប៉ុនដែលប្រទេសទាំងនេះសំបូរទៅដោយមហាសេដ្ឋីក្តោបក្តាប់ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលច្រើនជាងប្រទេសណាៗទាំងអស់។ ប៉ុន្តែបើគេនិយាយពីប្រទេសដែលមានសេដ្ឋីចំណូលថ្មីមានសន្ទុះកើនឡើងខ្លាំងនៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ គឺគេមិនត្រូវមើលរំលងបណ្តាប្រទេសផ្សេងទៀតនោះឡើយ។
បើយោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនស្រាវជ្រាវ Wealth-X ដែលបានរកឃើញប្រទេសជាច្រើនមានប្រជាជនមានកំណើនប្រាក់ចំណូលស្ទុះឡើងខ្លាំងនោះ បានជ្រើសរើសប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក អាស៊ី និងអឺរ៉ុប។ ដោយបានស្រាវជ្រាវលើក្រុមអ្នកមានទ្រព្យសម្បត្តិចាប់ពី ១ លានទៅ ៣០លានអ្នកចំនួនប្រមាណ ៥៤០ ០០០ នាក់ ក្រុមហ៊ុននេះបានរកឃើញបណ្តាប្រទេសខាងក្រោមនេះដែលនឹងមានកំណើនសេដ្ឋីស្ទុះកើនឡើងខ្លាំងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
របាយការណ៍របស់ក្រុមហ៊ុនខាងលើបានបង្ហាញថា ប្រទេសនីហ្សេរីយ៉ាគឺជាប្រទេសឈានមុខគេដែលមានសន្ទុះសេដ្ឋីចូលថ្មីកើនឡើងដល់ទៅ ១៦,៣% ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៣ ខាងមុខ។ ចំណែកប្រទេសអេហ្ស៊ីបបានឈរនៅលេខរៀងទី២ មានកំណើន ១២,៥% និងបង់ក្លាដេសឈរនៅលេខរៀងទី៣មានកំណើន ១១,៤%។
ប្រភពសំខាន់ដែលធ្វើឲ្យមានចំនួនសេដ្ឋីស្ទុះកើនឡើងនៅក្នុងប្រទេសនេះគឺបានមកពីមុខជំនួញសំខាន់ៗ។ សម្រាប់ប្រទេសនីហ្សេរីយ៉ា និងអេហ្ស៊ីបការនាំចេញថាមពលគឺជាផ្នែកមួយសំខាន់ធ្វើឲ្យអ្នកជំនួញក្នុងប្រទេសរបស់ខ្លួនរកចំណូលបានកាន់តែច្រើន ខណៈដែលសេដ្ឋីប្រទេសបង់ក្លាដេសរកចំណូលបានពីការវិនិយោគពីវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ប្រទេសវៀតណាម ឥណ្ឌា ហ្វីលីពីន និងកេនយ៉ាស្ថិតនៅក្នុងចំណោមប្រទេសដែលមានសន្ទុះសេដ្ឋីកើនឡើងខ្ពស់ដែរពីការវិនិយោគជាប្រព័ន្ធ ខណៈដែលទ្រព្យសម្បត្តិសេដ្ឋីមកពីអ៊ុយក្រែន និងប៉ូឡូញបានមកពីសន្ទុះរីកចម្រើននៃវិស័យបច្ចេកវិទ្យារបស់ខ្លួន។ សម្រាប់ចិនវិញ ត្រូវគេរំពឹងថា នឹងក្លាយជាជម្រករបស់ក្រុមមហាសេដ្ឋី ៣២ នាក់នៅក្នុងចំណោមមហាសេដ្ឋី ៤០ នាក់នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខផងដែរ៕
ប្រភព៖ cnbc