ការវិភាគ៖ សង្គ្រាមពាណិជ្ជកម្មជម្រុញការវិនិយោគរបស់ប្រទេសចិននៅក្នុងអាស៊ាន ដល់ទៅ ៥០០ ពាន់លានដុល្លារអាមេរិក​



តាមការវិភាគរបស់សេដ្ឋកិច្ចវិទូបានបង្ហើបប្រាប់ថា ការវិនិយោគរបស់ប្រទេសចិននៅក្នុងបណ្ដាប្រទេសអាស៊ី ត្រូវបានព្យាករណ៍ថាកើនឡើងរហូតដល់ ៣ ដងក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ៥០០ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)ត្រឹមឆ្នាំ ២០៣៥ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាសេដ្ឋកិច្ចធំទាំងពីរ​ អាមេរិកនិងចិន។

ការវិភាគនេះត្រូវបានចុះផ្សាយក្នុងរបាយការណ៍របស់ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (Asean+3 Macroeconomic Research Office) ដែលជាអង្គភាពឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរីដែលតំណាងឱ្យសមាជិក ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូក៣មានចិន ជប៉ុន និងកូរ៉េខាងត្បូង។

បើតាមសម្តីរបស់លោក Chaipat Poonpatpibul សេដ្ឋវិទូជាន់ខ្ពស់របស់ AMRO បានអោយដឹងថា ខណៈដែលជម្លោះពាណិជ្ជកម្មរវាងវ៉ាស៊ីនតោននិងប៉េកាំងអាចបង្កឱ្យមានការបង្អាក់រយៈពេលខ្លីដល់ការផ្គត់ផ្គង់ទំនិញនិងផលិតកម្មក៍ដោយ គឺក្នុងរយៈពេលនេះ វាជាឱកាសល្អសម្រាប់អាស៊ាន ដោយវាអាចពន្លឿនការវិនិយោគរវាងប្រទេសចិននិងអាស៊ានផងដែរ។

របាយការណ៍នោះបានបង្ហាញថា ប្រទេសចិនបានវិនិយោគទឹកប្រាក់ចំនួន ១៥០ ពាន់លានដុល្លារ(ប៊ីលាន) ក្នុងសមាគមដែលមាន១០ប្រទេសមួយនេះ នៅឆ្នាំ ២០១៨ ប៉ុន្តែតួលេខនេះអាចកើនឡើងជាង ២៣០ ភាគរយនៅត្រឹមឆ្នាំ ២០៣៥។ ការវិនិយោគក្នុងទិសដៅផ្សេងទៀតត្រូវបានគេព្យាករថានឹងកើនឡើងដោយសមាមាត្រស្រដៀងគ្នាទៅនឹងទំហំទឹកប្រាក់ ២០០ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)ត្រឹមឆ្នាំ ២០៣៥ កើនពីចំនួន ៦០ ពាន់លានដុល្លារអាមេកនៅក្នុងឆ្នាំនេះ។

សង្រ្គាមពាណិជ្ជកម្មបាននាំឱ្យក្រុមហ៊ុនអេឡិចត្រូនិចយក្យ LG និង Samsung Electronics របស់កូរ៉េខាងត្បូងផ្លាស់ប្តូរទីកន្លែងផលិតបច្ចេកវិទ្យារបស់ពួកគេពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដើម្បីជៀសវាងការយកពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលរបស់ប្រទេសចិន។ ប៉ុន្តែខណៈពេលដែលការផ្លាស់ប្ដូរនេះអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសវៀតណាមក្នុងរយៈពេលខ្លីនោះក៍ដោយ ការនាំចេញផ្ទាល់របស់ខ្លួនអាចនឹងប៉ះពាល់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនពង្រីកវិធានការដាក់ទណ្ឌកម្មដល់ផលិតករចិនដែលកំពុងប្រតិបត្តិការនៅទីនោះ។

តាមរយៈសម្ដីរបស់លោក Poonpatpibul បានអោយដឹងថាកត្តានេះគឺរួមចំណែកយ៉ាងធំដល់ការពង្រីកពាណិជ្ជកម្មនិងការដាក់ទុនរវាងប្រទេសចិននិងបណ្ដាប្រទេសអាស៊ាន ហើយក្រុមហ៊ុនខ្លះនឹងអាចផ្លាស់ប្ដូរទីទាំងមកតំបន់អាស៊ីដែលជាឱកាសយ៉ាងល្អដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរ។

ទីក្រុងប៉េកាំងបានបកស្រាយថា តំបន់អាស៊ានគឺជាគន្លឹះនៃគោលដៅវិនិយោគរបស់ប្រទេសចិនដែលនឹងមានក្រុមហ៊ុនចិនជាង ៤០០០ នៅចុងឆ្នាំនេះដែលបានផ្ដល់ការងារជាង ៣០០០០០ កន្លែងដល់ប្រជាជនក្នុងតំបន់នោះ​។

​ការវិនិយោគខ្លះរបស់ចិនស្ថិតនៅក្រោមគម្រោង "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ " របស់ប៉េកាំង ទោះបីជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់លោក ស៊ីជីនពីង ជួបប្រទះបញ្ហាខ្លះៗ ក៍ដោយ។ តួយ៉ាង បន្ទាប់ពីឡើងកាន់តំណែងវិញកាលពីខែឧសភាកន្លងទៅ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir Mohamad បានបញ្ឈប់ការសាងសង់ផ្លូវដែកដែលមានតម្លៃ ២០ ពាន់លានដុល្លារ និងគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិពីរដែលស្ថិតនៅក្រោមមូលនិធិអ្នកវិនិយោគចិន។

AMRO ដែលធ្វើការជាស្ថាប័នប្រឹក្សាយោបល់សម្រាប់រដ្ឋាភិបាលក្នុងតំបន់បាននិយាយថាខ្លួនរំពឹងថាចិននឹងមានចំណែក ២២ ភាគរយនៃពាណិជ្ជកម្មរបស់អាស៊ាននៅក្នុងឆ្នាំ ២០៣៥ ពោលគឺកើនឡើងពី ១៧ ភាគរយនៅឆ្នាំនោះ។ ទន្ទឹមនឹងនេះដែរអាស៊ានត្រូវបានគេព្យាករណ៍ថានឹងមានទំហំពាណិជ្ជកម្ម ១៨ ភាគរយនៃពាណិជ្ជកម្មសរុបរបស់ចិនចាប់ពី ១១ ភាគរយនៅឆ្នាំ ២០១៨ នោះ ។

ម្យ៉ាងវិញទៀត គេបានរំពឹងទុកថាចំនួនទេសចរណ៍ចិនដែលទៅកំសាន្ដនៅប្រទេសអាស៊ានត្រូវគេព្យាករណ៍ថានឹងមានការកើនឡើងទ្វេដងដល់ ៧២ លាននាក់ត្រឹមឆ្នាំ ២០៣៥។

ទោះបីជាមានទស្សនវិស័យវិជ្ជមានក៏ដោយ របាយការណ៍របស់ AMRO បាននិយាយថាការធ្លាក់ចុះនាពេលថ្មីៗនេះនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោកអាចជៀសផលប៉ះពាល់អវិជ្ជមានដល់ប្រទេសជិតខាងរបស់ខ្លួនផងដែរ។

តាមសម្ដីរបស់លោក Hoe Ee Khor ដែលជាប្រធានផ្នែកសេដ្ធកិច្ចរបស់ AMRO បាននិយាយថា បញ្ហាចម្បងរបស់ចិនគឺបញ្ហាជុំវិញប្រទេសនេះ ដែលបើសិនជាបណ្ដាប្រទេសនានាក្លាយជាមាតុភូមិនិយមជាងនេះ វានឹងមានការកាត់បន្ថយការចងសម្ព័ន្ធរវាងប្រទេសចិននិងប្រទេសទាំងអស់នោះ៕

ដោយ៖ នឿន វណ្ណៈ

X
5s