៣ ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​ស្ថានភាព​អ្នក​មាន​នៅ​ជុំវិញ​សាកលលោក​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​



នេះ​គឺ​ជា​ព័ត៌មាន​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​ថ្មី​ទៀត​ស្តី​ពី​អ្នក​មាន​បំផុត​នៅ​លើ​សាកលលោក​សម្រាប់​ឆ្នាំ ២០១៨ កន្លង​ទៅ។ ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​ចំណូល​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​កើន​ឡើង ២% ទៀត​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Wealth-X។

ការ​ស្រាវជ្រាវ​ខាងលើ​បាន​បញ្ជាក់​ថា ​ក្រុម​អ្នក​មាន​​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​នៅ​លើ​សកលលោក​គឺ​មាន​ចំនួន​សរុប​ ២៣ លាន​អ្នក​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​ និង​បាន​កាន់កាប់​ទ្រព្យសម្បត្តិ​សរុប ៦២ ពាន់​ពាន់​លាន​ដុល្លារ។ អាមេរិក​គឺ​ជា​ទឹកដី​ទី១ ដែល​មាន​សេដ្ឋី និង​មហាសេដ្ឋី​កាន់កាប់​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​រហូត​ដល់​ទៅ ៤០% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​អ្នក​មាន​ទាំង​នេះ។ ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​ទាំង​នេះ​ត្រូវ​បាន​កំណត់​ទ្រព្យសម្បត្តិ​ចាប់​ពី ១ លាន​ដុល្លារ​​ឡើង​ទៅ។ ​

១. តើ​​ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​ទាំង​នេះ​​បរិច្ចាគ​ប្រាក់​ទៅ​​លើ​អ្វី​ខ្លះ?
​​ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​​នៅ​លើ​សាកលលោក​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​បុគ្គល​ដែល​បរិច្ចាគ​ប្រាក់​ច្រើន​ជាងគេ​បំផុត។ សកម្មភាព​​មនុស្ស​ធម៌​ គឺ​ជា​​​​កិច្ចការ​សំខាន់​បំផុត​​មួយ​នៅ​ក្នុង​ចំណោម​កិច្ចការ​ផ្សេង​ទៀត​ដែល​ក្រុម​អ្នក​មាន​នៅ​លើ​ពិភពលោក​​បាន​ធ្វើ​ដោយ​ក្នុង​នោះ​សេដ្ឋី ៣៦% និង​មហាសេដ្ឋី ៥៧% បាន​បរិច្ចាគ​ប្រាក់​លើ​សកម្មភាព​មនុស្ស​ធម៌​នេះ។

សកម្មភាព​មនុស្ស​ធម៌​ទាំង​នោះ​មាន​ដូច​ជា ការ​ផ្តល់​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​​វិស័យ​អប់រំ សេវាកម្ម​សង្គម សិល្បៈ វប្បធម៌ និង​សុខភាព​។ បន្ទាប់​មក​​គឺ​ការ​ផ្តល់​មូលនិធិ​សម្រាប់​អាជីវកម្ម​ដែល​ផ្តោត​លើ​ហិរញ្ញវត្ថុ កីឡា និង​ការ​កម្សាន្ត។ ក្រុម​អ្នក​មាន​ទាំង​នេះ​ក៏​ចូលចិត្ត​ចំណាយ​ប្រាក់​ច្រើន​​សន្ធឹកសន្ធាប់​ដែរ​ទៅ​លើ​សកម្មភាព​កម្សាន្ត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដូច​ជា ការ​លេង​កូនគោល (Golf) ជា​កីឡា​ដែល​អ្នក​មាន​ចូលចិត្ត​បំផុត បាល់បោះ ជិះ​ស្គី បាល់ទាត់​ជា​ដើម។

២. តើ​​អ្នក​​មាន​ជាងគេ​បំផុត​ទាំង​នោះ​ជា​នរណា​ខ្លះ​?
ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​ដែល​ជា​បុរស​នៅ​​តែ​ឈរ​នៅ​លេខរៀង​​ច្រើន​ជាងគេ។ នៅ​ក្នុង​ចំណោម​​​សេដ្ឋី​ទាំង​នោះ​មាន​​​ស្ត្រី ត្រឹមតែ ១៦% ប៉ុណ្ណោះ​ និង​​​​មហាសេដ្ឋី​​​ជា​ស្រ្តី​​មាន​ចំនួន ១៤%។ ជាង ៤០% នៃ​អ្នក​មាន​ទាំងអស់​ក្នុង​សាកលលោក បាន​រស់​នៅ​ទ្វីប​អាមេរិក​ខាងជើង ខណៈ​ដែល​១​ភាគ​៤ ​ផ្សេង​ទៀត​រស់នៅ​​ទ្វីប​អឺរ៉ុប និង ១​ភាគ ៤​ផ្សេង​ទៀត​រស់​នៅ​ក្នុង​តំបន់​អាស៊ី។

អាមេរិក​ឈរ​លំដាប់​ទី១ ដែល​មាន​អ្នក​មាន​​កាន់កាប់​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ ​បន្ទាប់​មក​គឺ​ចិន​ឈរ​នៅ​លេខ​២ ជប៉ុន​លេខ៣ អាល្លឺម៉ង់​លេខ​៤ និង​អង់គ្លេស​លេខ​៥។ ក្រុម​​ប្រទេស​ដែល​សំបូរ​អ្នក​មាន​ជាងគេ​បំផុត​ទាំង​១០ នៅ​លើ​សាកលលោក​បាន​ក្តោប​ក្តាប់​ទ្រព្យសម្បត្តិ​ស្មើ​នឹង ៣​ភាគ៤ នៃ​ទ្រព្យ​របស់​ក្រុម​អ្នក​មាន​​ទាំងអស់​នៅ​លើ​ពិភពលោក។ ​

ទីក្រុង​ញីវយ៉ក​ជាប់​លំដាប់​ថ្នាក់​ជា​ទីក្រុង​ដែល​​សំបូរ​អ្នក​មាន​រស់​នៅ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​ចំនួន​​នេះ​បាន​ធ្លាក់​ចុះ​ប្រហែល​ពាក់​កណ្តាល​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​ពោល​គឺ​មាន​ចំនួន​​ប្រហែល​ក្រោម​ ១ លាន​អ្នក។ ក៏​ប៉ុន្តែ​អ្នក​មាន​ទាំង​នេះ​ក្តោប​ក្តាប់​ទ្រព្យសម្បត្តិ​​ច្រើន​ជាង​របស់​​ក្រុម​អ្នក​មាន​កំពូលៗ​របស់​ជប៉ុន​ដែល​ឈរ​នៅ​លេខរៀង​ទី២​ដល់​ទៅ ៦៥%។

ហុងកុង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជា​ទីក្រុង​​ដែល​​មាន​ពលរដ្ឋ​របស់​ខ្លួន​ក្លាយ​ជា​សេដ្ឋី​​ច្រើន​ជាងគេ​បំផុត​​ ពោល​គឺ​ច្រើន​ជាង ១ ម៉ឺន​នាក់។ យ៉ាងណាមិញ ទ្រព្យសម្បត្តិ​របស់​អ្នក​មាន​ទាំង​នោះ​បាន​ធ្លាក់​ចុះ​សរុប​អស់ ១១% កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ​ដោយសារតែ​ភាព​ល្អក់កករ​ដែល​កើត​ចេញ​ពី​ជម្លោះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន។ ចំណែក​ឯ​ប្រទេស​ដែល​គេ​រំពឹង​ថា នឹង​មាន​កំណើន​​អ្នក​មាន​ច្រើន​​ជាងគេ​បំផុត​នោះ​រួម​មាន នីហ្សេរីយ៉ា អេហ្ស៊ីប បង់ក្លាដេស និង​វៀតណាម។

៣. តើ​អ្នក​មាន​ទាំង​នេះ​រក​លុយ​បាន​មក​ពី​ណា? ​
នៅ​ក្នុង​ចំណោម​​ក្រុម​​សេដ្ឋី និង​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក មាន​បុគ្គល​មួយ​ចំនួន​តូច​គឺ ប្រមាណ ៥% ​ប៉ុណ្ណោះ​ដែល​មាន​ទ្រព្យសម្បត្តិ​​ច្រើន​ដោយសារតែ​ទទួល​បាន​តាម​រយៈ​ទាយាទ ឬ​​កេរមរតក​​​។ ៨៤% ​នៃ​ក្រុម​សេដ្ឋី និង​មហាសេដ្ឋី​ទាំង​នោះ​រក​ចំណូល​បាន​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ ឬ​​បង្កើត​​មុខ​ជំនួញ​ដោយ​ខ្លួន​ឯង​ និង​ប្រហែល ១២% ទៀត​មាន​ទ្រព្យសម្បត្តិ​​​ពី​​​មុខ​ជំនួញ​ផង និង​​ពី​កេរមរតក​ផង​​។

របាយការណ៍​ខាងលើ​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ខណៈ​ដែល​វិសមភាព​នៃ​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​​នៅ​លើ​ពិភពលោក​មាន​ការ​កើន​ឡើង​​កាន់តែ ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ ក្រុម​អ្នក​មាន​ដែល​បាន​មក​ពី​កេរមរតក​​​មាន​ការ​ធ្លាក់​ចុះ។ ចំណែក​អ្នក​មាន​ដែល​​កសាង​​ទ្រព្យសម្បត្តិ​​ដោយ​ខ្លួន​ឯង​ មាន​ការ​កើន​ឡើង​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​​វិស័យ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​នៅ​លើ​សាកលលោក​កសាង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​មហាសាល​នោះ​រួម​មាន វិស័យ​ហិរញ្ញវត្ថុ អាជីវកម្ម​ និង​ការ​វិនិយោគ​ឈរ​នៅ​លេខរៀង​ទី១ ស្រប​ពេល​ដែល​វិស័យ​ឧស្សាហកម្ម​ឈរ​នៅ​លេខ​រៀង​ទី២ បច្ចេកវិទ្យា​ឈរ​នៅ​លេខ​រៀង​ទី៣ អាជីវកម្ម​សេវាកម្ម​ទី៤ និង​សំណង់​​ឈរ​នៅ​លេខរៀង​ទី៥៕

ប្រភព៖ cnn

X
5s