ផ្សារអនឡាញជាច្រើនបង្កើតឡើងនៅកម្ពុជា តែដួលទៅវិញក៏ច្រើនដែរ
បច្ចុប្បន្ននេះ ផ្សារអនឡាញក្នុងប្រទេសកម្ពុជា កំពុងតែទទួលបានការចាប់អារម្មណ៍ ប៉ុន្តែនៅមានកម្រិត និង ត្រូវការរយៈពេលសមស្របដើម្បីឲ្យប្រភេទអាជីវកម្មមួយនេះ អាចរឹងមាំ និង ឈរជើងបានយូរនៅក្នុងប្រទេសកម្ពុជា ដូចបណ្តាប្រទេសជឿនលឿន។
ទោះបីជា ការប្រើប្រាស់អ៊ីនធឺណិតមានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យផ្សារអនឡាញ ក៏ចាប់ផ្ដើមរីកខ្លាំងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ប៉ុន្តែកម្រិតជោគជ័យ នៅមិនច្រើននៅឡើយ។
ក្រុមហ៊ុន Mall855 ដែលបង្កើតឡើងតាំងពីឆ្នាំ២០១៣នោះ ក៏កំពុងព្យាយាមវាយលុកទីផ្សារអនឡាញកម្ពុជា ដោយមើលឃើញពីឱកាសច្រើននៅពេលខាងមុខ។
លោក ស៊ុន សុជាតិ ស្ថាបនិករបស់mall855.comដែលមានជំនាញ និង បទពិសោធន៍ច្រើនឆ្នាំ ផ្នែកទីផ្សារអនឡាញឲ្យដឹងថា យ៉ាងហោចណាស់ក៏ត្រូវប្រើរយៈពេល២ឆ្នាំទៀតដែរ ទើបទីផ្សារអនឡាញប្រទេសកម្ពុជា នឹងមានសន្ទុះខ្លាំង ព្រោះទីផ្សារមួយនេះត្រូវការរយៈពេលសមស្របមួយ។
សម្រាប់ស្ថាបនិករូបនេះ ការប្រកួតប្រជែងពិតប្រាកដ គឺមិនទាន់មានច្រើននោះទេ ទោះបីជាមើលទៅឃើញហាក់ដូចជាច្រើនក្ដី ព្រោះថា បង្កើតក៏ច្រើនហើយដួលទៅវិញក៏ច្រើនដែរ។
លោក សុជាតិ បញ្ជាក់៖ «ទោះបីជា មានផ្សារអនឡាញបើកដំណើរការច្រើនក្ដី ប៉ុន្តែក្នុងប្រទេសកម្ពុជាមិនមានការប្រកួតប្រជែងខ្លាំងនោះឡើយ ព្រោះអ្នកទាំងនោះបង្កើតមកគ្រាន់តែលម្អប៉ុណ្ណោះ ហើយក៏ដួលទៅវិញ»។
លោក ឈុន ហួរ ជាស្ថាបនិក និង ជាអ្នកគ្រប់គ្រងទូទៅរបស់ClickIT ដែលដំណើរការប្រហែលជិតមួយឆ្នាំមកនេះ បានបញ្ជាក់ថា កំណើនអ្នកបញ្ជាទិញនៅលើគេហទំព័ររបស់លោកមានការកើនឡើងជាលំដាប់ ដោយសារតែវាផ្ដល់ភាពងាយស្រួលដល់អ្នកទិញ ក្នុងការជ្រើសរើសទំនិញ និង ចំណេញពេលវេលា។
«ទំនិញដែលពេញនិយម គឺមានសំលៀកបំពាក់ និង គ្រឿងអេឡិចត្រូនិក។ កំណើនគឺកើនឡើងជាលំដាប់ ប៉ុន្តែអត់ខ្លាំងពេកទេ»។ នេះបើតាមការបញ្ជាក់របស់ស្ថាបនិកខាងលើ។
ជុំវិញការបញ្ជាទិញទំនិញផ្សេងៗតាមអនឡាញនេះ កញ្ញា លីញ ដែលធ្វើការផ្នែករចនានៅក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ បានលើកឡើងថា ជារឿយៗខ្លួនបានទិញទំនិញមួយចំនួន ជាពិសេសសំលៀកបំពាក់តាមផ្សារអនឡាញ ដោយសារតែតម្លៃសមរម្យ និង មិនចាំបាច់ខាត់ពេលធ្វើដំណើរទៅដល់កន្លែងលក់ទំនិញ។
កញ្ញា លីញ បញ្ជាក់៖ «ខ្ញុំឃើញស្អាត ហើយក៏ទិញទៅ ព្រោះវាមិនថ្លៃពេកទេ បើធៀបនឹងកន្លែងលក់ទូទៅ»។
ដោយឡែក លោក ជាង បូរ៉ា ជាស្ថាបនិករបស់គេហទំព័រផ្សារដំរី (domreymarket.com) បានលើកឡើងថា បច្ចុប្បន្នទីផ្សារអនឡាញហាក់មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅមានកម្រិតនៅឡើយ ដោយសារតែចំណេះដឹងផ្នែកបច្ចេកវិទ្យា កម្រិតជីវភាពរបស់ប្រជាជន និង បញ្ហាទំនុកចិត្ត ។
« ទាក់ទងនឹងប្រជាជនវិញ ទាល់តែគាត់High Level [កម្រិតខ្ពស់] បន្តិច ដូចអ្នកចេះលេងហ្វេសហ៊ុកអីហ្នឹង បានគាត់ហ៊ានទិញតាមអនឡាញ»។ លោក ជាង បូរ៉ាបញ្ជាក់។
ស្ថាបនិករបស់គេហទំព័រផ្សារដំរីបញ្ជាក់បន្ថែមថា៖« ទាក់ទងនឹងប្រជាជនវិញ ទាល់តែគាត់High Level [កម្រិតខ្ពស់] បន្តិច ដូចអ្នកចេះលេងហ្វេសហ៊ុកអីហ្នឹង បានគាត់ហ៊ានទិញតាមអនឡាញ»។
តាមអនឡាញនេះក្តី ក៏ប៉ុន្តែមានមនុស្សជាច្រើនទៀត ហាក់មិនទាន់មានទុកចិត្ត និង មិនទាន់យល់ច្បាស់អំពីដំណើរការទិញលក់ទំនិញនៅតាម គេហទំព័រនេះនៅឡើយ ជាហេតុធ្វើឲ្យពួកគេរារែកចិត្ត។ ជាក់ស្ដែង គេហទំព័រផ្សារដំរី បង្កើតឡើងប្រហែល៣ ឆ្នាំហើយ ប៉ុន្តែមិនទាន់បានទទួលចំណូលជាអ្វីច្រើននោះទេ ប៉ុន្តែស្ថាបនិករូបនេះ យល់ឃើញថា នៅពេលអនាគត នឹងទទួលបានប្រយោជន៍ច្រើនពីទីផ្សារទំនើបមួយនេះ។
«ផ្សារអនឡាញយើងបច្ចុប្បន្ននេះ បង្កើតឡើងមកដើម្បីអមជាមួយពេលវេលាសិនប៉ុណ្ណោះ តែពេលវេលាមកដល់យើងនឹងសម្រុកធ្វើ»។ ការអះអាងរបស់លោក ជាង បូរ៉ា។
កញ្ញា ធឿន ដែលជានិស្សិតនៅរាជធានីភ្នំពេញបានអះអាងថា ខ្លួនមិនទាន់ហ៊ានទិញទំនិញផ្សេងៗតាមទីផ្សារបែបបច្ចេកវិទ្យាមួយនេះនៅឡើយ ដោយហេតុថា មិនទាន់ជឿជាក់លើទីផ្សារអនឡាញ។
«ខ្ញុំមិនដែលទិញទេ ព្រោះអត់ទាន់ជឿជាក់ ហើយមិត្តភ័ក្តិខ្ញុំមួយចំនួនត្អួញត្អែរពីការទិញទំនិញតាមអនឡាញហ្នឹង»។ កញ្ញា ធឿនបញ្ជាក់។
សូមបញ្ជាក់ថា មានទីផ្សារអនឡាញ់ជាច្រើនត្រូវបានបង្កើតឡើង ប៉ុន្តែក៏ដួលទៅវិញយ៉ាងងាយដែរ ដោយសារតែកត្តាជាច្រើន ជាពិសេសនោះពាក់ព័ន្ធនឹងផ្នែក បច្ចេកទេស ដើមទុន និង ឆន្ទៈក្នុងដំណើរការអាជីវកម្មដ៏ថ្មីសម្រាប់ប្រជាជនកម្ពុជានេះ។ដូច្នេះហើយ សម្រាប់អ្នកដែលចង់រកស៊ីផ្នែកនេះ គឺត្រូវតែសិក្សាឲ្យបានច្បាស់ ដើម្បីបញ្ចៀសបញ្ហាថ្ងៃក្រោយ៕
ដោយ៖ អ៊ុន ភក្តី