ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជានឹងទទួលបានការលើកចិត្តពន្ធពីរាជរដ្ឋាភិបាល​



កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋភិបាលបានប្រកាសចេញផ្សាយអនុក្រឹត្យស្ដីអំពី ការប្រកាសលើកលែងពន្ធដល់ក្រុមហ៊ុន ឬសហគ្រាសដែលមានបំណងចុះបញ្ជីបោះផ្សាយភាគហ៊ុន(Stock) ឬ បណ្ណបំណុល(Bond)ក្នុងផ្សារមូលបត្រកម្ពុជាលើកដំបូងជាសាធារណៈនឹងទទួលបានការអនុគ្រោះលើកលែងបំណុលពន្ធដែលរួមបញ្ចូលទៅលើពន្ធប្រាក់ចំណូលទាំងស្រុង ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ ដោយការអនុគ្រោះបំណុលពន្ធទាំងស្រុងនោះ។

ចំពោះសេចក្ដីប្រកាសឲ្យប្រើប្រាស់គឺបែងចែកជាពីរ សម្រាប់ក្រុមហ៊ុន ឬសហគ្រាសដែលបានដែលបានបំពេញលក្ខខណ្ឌក្នុងការចុះបញ្ជីនៅទីផ្សារគោល N-3 ដល់ N-10។ សម្រាប់សហគ្រាសធុនតូច និង មធ្យមដែលបានបំពេញលក្ខខណ្ឌក្នុងការចុះបញ្ជីនៅទីផ្សារកំណើនគិតចាប់ពី N-2 ដល់ N-10។

(N គឺឆ្នាំដែលសហគ្រាស ឬ ក្រុមហ៊ុនដែលធ្វើការបោះផ្សាយមូលបត្រជាលើកដំបូងជាសាធារណៈ)

ពន្ធលើប្រាក់ចំណូលដែលក្រុមហ៊ុន ឬសហគ្រាសត្រូវបង់ទៅអគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវកាត់បន្ថយ ៥០ភាគរយនៃពន្ធដែលត្រូវបង់នោះ។ ការលុបបំណុលពន្ធ និងបន្ថយពន្ធលើប្រាក់ចំណូលចំនួន៥០ភាគរយពន្ធលើប្រាក់ចំណូល គឺធ្វើឡើងសម្រាប់លើកទឹកចិត្តក្រុមហ៊ុន ឬសហគ្រាស ដែលបោះផ្សាយមូលបត្រកម្មសិទ្ធ ឬមូលបត្របំណុលលើកដំបូងជាសាធារណៈ ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា និងបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលអនុក្រិត្យនេះចូលជាធរមាន។ ការលើកទឹកចិត្តពន្ធដារខាងនេះ គឺយោងទៅតាមអនុក្រិត្យ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពី ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩។ 

ជាពិសេស ក្រុមហ៊ុនឬសហគ្រាសដែលមានបំណងបោះផ្សាយមូលបត្រមិនតម្រូវឱ្យមានការធ្វើសវនកម្មពេញលេញជាមុនពីអគ្គនាយកដ្ឋានពន្ធដារនោះទេ ដោយគ្រាន់តែផ្តល់ជូនគណៈកម្មការមូលបត្រកម្ពុជា នូវវិញ្ញាបនបត្របញ្ជាក់កាតព្ធកិច្ចពន្ធ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលជាលិខិតសម្រាប់បញ្ជាក់ពីការប្រកាសពន្ធជាប្រចាំដោយមិនទាន់រងការធ្វើសវនកម្មពីអគ្គនាយកដ្ឋានពន្ធដារ៕


ដោយ៖ ច័ន្ទលាភ
ប្រភព៖ ផ្សារហ៊ុន

X
5s