ជំងឺផ្ដាសាយជ្រូកកំពុងវាយលុកប្រទេសជប៉ុនយ៉ាងធ្ងន់ធ្ងរ​



ជំងឺផ្ដាសាយជ្រូក (swine fever)គឺជាប្រភេទជំងឺដែលបង្ករដោយមេរោគ ដែលមេរោគនោះធ្វើឲ្យសត្វជ្រូកក្ដៅខ្លួន និង​ អាចហូរឈាមនៅក្នុងសាច់ និងអាចធ្វើឲ្យសត្វជ្រូកស្លាប់។ ជំងឺនេះមានសមត្ថភាពខ្ពស់ក្នុងការចម្លងទៅកាន់ជ្រូកដទៃទៀតតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬប្រយោល។

ជំងឺផ្ដាសាយជ្រូក បានកំពុងតែវាយលុកដល់តំបន់ចំនួនប្រាំធំៗនៅក្នុងប្រទេសជប៉ុនដែលក្នុងនោះមានដូចជារដ្ឋ អូសាកា និងតំបន់ដទៃទៀតក្នុងប្រទេស។ រដ្ឋាភិបាលជប៉ុនបានប្រមូលជ្រូកដែលមានផ្ទុកជំងឺនេះចំនួន ១៥ ០០០ក្បាលយកមកកប់ចោលដើម្បីជៀសវាងការឆ្លងជម្ងឺទៅកាន់សត្វជ្រូកដទៃ។

យ៉ាងណាក៏ដោយរដ្ឋាភិបាលប្រទេសជប៉ុនកំពុងតែខិតខំប្រឹងប្រែងរកវិធានការទប់ស្ដាត់ជម្ងឺឆ្លងមួយនេះយ៉ាងសស្រាក់សស្រាំដើម្បីបញ្ចៀសជំងឺមួយនេះកុំឲ្យរីករាលដាលបន្ដទៀត។

ជំងឺផ្ដាសាយជ្រូកកើតឡើងទៅលើប្រភេទសត្វជ្រូកទាំងអស់ មិនថាជ្រូកព្រៃឬជ្រូកស្រុកនោះទេ ជម្ងឺនេះវាធ្វើឲ្យជ្រូកងាប់ ហើយ ឆ្លងទៅកាន់ជ្រូកដទៃទៀត ប៉ុន្តែជំងឺនេះមិនចំលងមេរោគទៅដល់មនុស្សឡើយ។

ជាមួយគ្នាផងដែរ ប្រទេសចិនកំពុងតែជួបបញ្ហាជំងឺផ្ដាសាយជ្រូក ដោយបានរាលដាលទៅដល់កសិដ្ឋានជាច្រើនកន្លែងក្នុងប្រទេសចិន។ រដ្ឋាភិបាលចិនកំពុងតែរកវិធានការទប់ស្កាត់ជំងឺមួយនេះ ដើម្បីមិនឲ្យឆ្លងរាលដាលទៅដល់កសិដ្ឋានចញ្ចឹមជ្រូកដទៃទៀតក្នុងប្រទេស។ ការឆ្លងជំងឺនេះធ្វើឲ្យការផ្គត់ផ្គង់សាចជ្រូករបស់ចិនធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រទេសនេះគឺជាប្រទេសនាំចេញសាច់ជ្រូកលេខ១ក្នុងពិភពលោក។

គួរបញ្ចាក់ផងដែរថា ជំងឺផ្ដាសាយជ្រូកនេះត្រូវបានគេរកឃើញដំបូងក្នុងប្រទេសកេនយ៉ា​ ក្នុងឆ្នាំ ១៩២១៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ Reuters

X
5s