Emirates គ្រោងដាក់ដំណើរការជើងហោះហើរភ្ជាប់ពីភ្នំពេញ-បាងកកនៅខែមិថុនាខាងមុខនេះ
យោងតាមបណ្តាញសង្គម Twitter របស់ Emirate កាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០១៩ បានឲ្យដឹងថា ក្រុមហ៊ុន Emirates នឹងដាក់ដំណើរការសេវាហោះហើរប្រចាំថ្ងៃភ្ជាប់ពីភ្នំពេញ និង ទីក្រុងបាងកក ចាប់ពី ថ្ងៃទី ០១ មិថុនា ខាងមុខនេះ។ ជើងហោះហើរពីភ្នំពេញទីក្រុងឌូបៃតាមរយៈទីក្រុងបាងកក នឹងផ្តល់ជម្រើសហោះហើរកាន់តែច្រើនទៅដល់អ្នកដំណើររវាងទីក្រុងនៃប្រទេសកម្ពុជា និងប្រទេសថៃ។ អ្នកទេសចរពីបណ្តាប្រទេសក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍នឹងរីករាយជាមួយការភ្ជាប់ទំនាក់ទំនងទៅ ១៥០គោលដៅ ក្នុង ៨៦ប្រទេសនិងដែនដី។
ក្នុងការដាក់ដំណើរការផ្លូវថ្មីនេះនឹងហោះហើរជាមួយយន្តហោះ Boeing 777 ដោយចេញដំណើរពីទីក្រុងឌូបៃ (Dubai International Airport DXB) នៅម៉ោង 8:45នាទីព្រឹក តាមជើងហោះហើរ EK370 និងទៅដល់ទីក្រុងបាងកកនៅម៉ោង 6:15នាទីល្ងាច។ ជើងហោះរហើរដដែលនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង 8:00នាទីយប់ ហើយទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង 9:25នាទីយប់។ ចំពោះការហោះត្រឡប់ទៅទីក្រុងឌូបៃវិញ ជើងហោះហើរ EK371 នឹងចេញពីភ្នំពេញនៅម៉ោង 11:20នាទីយប់ និងទៅដល់ទីក្រុងបាងកកនៅម៉ោង 12:40នាទីរំលងអាធ្រាត។ វានឹងហោះចេញទៅទីក្រុងឌូបៃនៅម៉ោង 2:25នាទីអាធ្រាត និងទៅដល់នៅម៉ោង 5:35នាទីព្រឹកម៉ោងនៅក្នុងស្រុក។ គួរបញ្ជាក់ផងដែរថា Emirates បានបើកដំណើរការដឹកអ្នកដំណើរច្រើនជាង ១០០,០០០នាក់ ទៅភ្នំពេញ តាំងពីខែ កក្កដា ឆ្នាំ ២០១៧ កន្លងមក៕
ដោយ៖ ទីន ម៉ាទីយ៉ា
ប្រភព÷ Emirate Twitter