គិតត្រឹមថ្ងៃទី១៨កុម្ភៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់រហូតអាចបង្កើតឱកាសការងារជិត៨ពាន់កន្លែងជូនពលរដ្ឋ
កំពង់ស្ពឺជាខេត្តមួយដែលមានទីតាំងភូមិសាស្រ្តចំងាយ ៤៨គីឡូម៉ែត ពីរាជធានីភ្នំពេញ។ បើគិតចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មក នៅលើគេហទំព័រហ្វេប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវគម្រោងវិនិយោគជាហូរហែរដោយក្នុងនោះ ខេត្តកំពង់ស្ពឺបានទទួលគម្រោងវិនិយោគរោងចក្រចំនួន៤ជាបន្តបន្ទាប់ពីក្រុមហ៊ុនវិនិយោគ ដោយអាចផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋបានរហូតដល់ ៧.៩៦៤កន្លែង។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគរោងចក្រចំនួន២សរុបទុនវិនិយោគប្រមាណ១១,៦លានដុល្លារអាមេរិក និងឱកាសការងារ១.៥៨៥។ ទី១ ក្រុមហ៊ុន TOP RISE MASTER INDUSTRY CO.,LTD. គម្រោងរោងចក្រផលិតនិងតម្លើងសម្ភារៈបរិក្ខាអគ្គីសនី ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,៩លានដុល្លារអាមេរិក និងបង្កើតការងារបាន៥១០កន្លែង។
ទី២ក្រុមហ៊ុន FULL EVER TEXTILES (CAMBODIA) COMPANY LIMITED. គម្រោងរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ស្ថិតក្នុងភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៧,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន១.០៧៥កន្លែង។
នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខេត្តនេះទទួលបានគម្រោងវិនិយោគបន្ថែមមួយទៀតពីក្រុមហ៊ុន CNDEGRE INTERNATIONAL (KH) CO.,LTD. លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ៣៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.០០៥កន្លែង។
គម្រោងរោងចក្រមួយទៀតដែលខេត្តនេះទើបតែទទួលបានការអនុម័តពីCDCកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះគឺ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់និងកាបូបស្ពាយពីក្រុមហ៊ុនJACK TSENG GARMENT (CAMBODIA) CO.,LTD. ដែលស្ថិតក្នុង ភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន៤.៣៧៥កន្លែង៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន