សារៈប្រយោជន៍ទាំង ៦យ៉ាងបានពីការចេះគ្រប់គ្រងពេលវេលាបានល្អ
ហេតុអ្វីអ្នកត្រូវចេះគោរពពេលវេលាឲ្យបានល្អ? ចម្លើយដ៏ងាយមួយនោះគឺ ការចេះគ្រប់គ្រងពេលវេលាជួយសម្រួលពេលវេលារបស់អ្នកឲ្យធ្វើការបានទាន់ពេលទាន់វេលា។ ហើយវាមានសារៈប្រយោជន៍ច្រើនជាងនេះទៀតដែលអ្នកនឹងស្មានមិនដល់។ តើមានអ្វីខ្លះទៅ?
១) កាត់បន្ថយភាពតប់ប្រមល់៖ ការរៀបចំពេលវេលាបានល្អ គឺប្រដូចទៅនឹងអ្នកកំពុងកាត់បន្ថយភាពតានតឹងអីចឹង។ ការភិតភ័យក៏ត្រូវបានកាត់បន្ថយដូចគ្នា កាលណាអ្នកចេះគ្រប់គ្រងពេលវេលាបានល្អ។
២) បញ្ចប់ការងារបានច្រើន៖ ពិតជាត្រឹមត្រូវណាស់ ចំណេញការងារបានច្រើនក៏ជាសារៈប្រយោជន៍ដ៏សំខាន់មួយ នៃការចេះរៀបចំពេលវេលាដែរ។ អ្នកអាចធ្វើការបានច្រើនបន្ថែមទៀត ដោយសារអ្នកអាចបញ្ចប់ការងារបានលឿនទាន់ពេល ជាងអ្នកដទៃ ។
៣) កាត់បន្ថយបញ្ហា៖ តើអ្នកបានបង្កើតបញ្ហាដោយខ្លួនឯង ញឹកញាប់ដែរឬទេ? មិនថាអ្នកភ្លេចនូវការណាត់ជួប ឬមួយក៏ធ្វើការលើសពេលកំណត់ត្រូវយកនោះឡើយ។ ដូចនេះដើម្បីជៀសវាងបញ្ហាទាំងនោះ អ្នកត្រូវចេះរៀបចំពេលវេលាឲ្យបានល្អ ទើបអ្នកអាចមានពេលពិនិត្យការងារអ្នកម្ដងហើយម្ដងទៀតកុំឲ្យមានកំហុស។
៤) មានឱកាសច្រើន៖ ការធ្វើការដោយចំណេញពេល និងចំណេញការងារនឹងនាំមកនូវឱកាសល្អៗ ដល់អ្នក។ អ្នកដែលធ្វើរួចរាល់មុនគេតែងតែទទួលបានអ្វីលើសគេ និងចំណេញលើសគេទាំងអស់។
៥) មិនចាំបាច់ខំប្រឹងច្រើន៖ កាលណាអ្នកមិនចេះរៀបចំពេលវេលាទេ អ្នកនឹងខំធ្វើការលើសម៉ោង និងប្រឹងលើសគេលើសឯងដើម្បីបញ្ចប់វា។ តែផ្ទុយទៅវិញបើអ្នកចេះរៀបចំពេល អ្នកនឹងធ្វើឲ្យជីវិតខ្លួនឯង កាន់តែងាយស្រួលជាងរាល់ដងទៅទៀត។
៦) បង្កើនកិត្តិយសផ្ទាល់ខ្លួន៖ អ្នកគោរពពេលវេលា គឺជាអ្នកស្រឡាញ់ពេលវេលាបំផុត។ ខណៈដែលមនុស្សជាច្រើនធ្វេសប្រហែសមិនផ្ដោតលើពេលវេលា ជាពិសេសយឺតយ៉ាវក្នុងការណាត់ជួប តែងទទួលពាក្យតិះដៀលថាជាមនុស្សគ្មានវិន័យ។ ផ្ទុយទៅវិញកិត្តិយសនៅតែល្អសម្រាប់អ្នកចេះរៀបចំពេលវេលា៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ timemanagementninja.com