ហេតុ​អ្វី​ក្រុមហ៊ុន​នីមួយៗ គួរ​តែ​មាន​បុគ្គលិក​ចម្រុះ​ជាតិសាសន៍ធ្វើការ​?​



តើ​ចាំ​បាច់​អី​ដែល​ក្រុមហ៊ុន​នីមួយៗ ​គួរ​តែ​ជ្រើសរើស​បុគ្គលិក​ចម្រុះ​ជាតិសាសន៍​ផ្សេង​ៗ​គ្នា​ មក​ធ្វើ​ការ​រួម​គ្នា​នោះ ? តាម​ពិត​ទៅ​ការ​ធ្វើ​ការ​ជាមួយ​មនុស្ស​ចម្រុះជាតិសាសន៍​គ្នា​គឺ​នាំ​មក​នូវ​ក្រុម​ការងារ​ដ៏​​ខ្លាំង​មួយ​​, រួម​គ្នា​ធ្វើ​ការងារ​ដែល​​មាន​ប្រសិទ្ធភាព​មួយ​បាន​, ជាពិសេស​គឺ​​បង្ហាញ​នូវ​ភាព​ខ្លាំង​ក្លា​​របស់​ក្រុមហ៊ុន​តែ​ម្ដង​។ តើ​នៅ​​មាន​ចំណុច​ណា​ផ្សេង​ទៀត​ ទើប​ក្រុមហ៊ុន​ចង់​បាន​បុគ្គលិក​ចម្រុះ​ជាតិសាសន៍​នេះ​?

១) ទទួល​បាន​​គំនិត​ទូលំទូលាយ៖ មនុស្ស​ជា​ច្រើន​តែង​មាន​​ការ​ជឿ​ទៅ​លើ​អ្វី​ផ្សេង​ៗ​គ្នា​។ ដូចនេះ​វា​នឹង​នាំ​ឲ្យ​អ្នក​ទាំង​នោះ​ងាយ​បំបែក​គំនិត​គិត​រៀង​ៗ​ខ្លួន​។ ហើយ​កាល​ណា​អ្នក​បូក​ផ្សំ​គំនិត​ផ្សេង​ៗ​នោះ​ ក្រោម​ដំបូល​បញ្ហា​តែ​មួយ​ អ្នក​នឹង​ងាយ​រក​ដំណោះស្រាយ​បាន​ឆាប់​ជាពិសេស​​​បាន​​ដំណោះស្រាយ​ល្អ​ៗ មក​ទៀត​ផង​។ លើស​ពី​នោះ​ទៀត​ ពួក​គេ​អាច​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត​ បាន​ច្រើន​ជូន​ក្រុមហ៊ុន​ទៀត​។​

២) មាន​ប្រាក់ចំណេញ​ច្រើន​ជាង​មុន​៖ កាល​ណា​អ្នក​ធ្វើ​ការ​តែ​ជាមួយ​បណ្ដុំ​មនុស្ស​ដដែល​ៗ អ្នក​​នឹង​មើល​ឃើញ​​ថា គឺ​​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដែល​ចាំ​តែ​បញ្ចេញ​មតិ, ដែល​ចាំ​តែ​ធ្វើ​ការ​តែ​ម្នាក់​ឯង​។ រី​ឯ​អ្នក​ផ្សេង​វិញ​គឺ​ ដឹង​តែ​លើក​ការងារ​ឲ្យ​បុគ្គល​ម្នាក់​នោះ​ធ្វើ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ ចុះ​បើ​ងាក​ទៅ​មើល​បុគ្គលិក​ដែល​ធ្វើ​ការ​ជម្រុះ​ជាតិសាសន៍​វិញ​ ពួក​គេ​តែង​ផ្លាស់​ប្ដូរ​មតិ​គ្នា​ដើម្បី​រក​ចំណូល​មក​កាន់​​ក្រុមហ៊ុន​។ បើ​ក្រុមហ៊ុន​មាន​បុគ្គលិក​រក​ចំណូល​ចូល​​ច្រើន​​ហើយ​នោះ ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​កើន​ប្រាក់​ចំណេញ​លើសលប់​តែ​ម្ដង​។​

៣) ពង្រីក​ការ​វិវត្ត​ទៅ​មុខ​៖ មាន​ការ​សិក្សា​ច្រើន​ណាស់​ ដែល​បង្ហាញ​ថា ការ​ធ្វើ​ការ​ចម្រុះ​គ្នា​ភាគ​ច្រើន​នាំ​ការ​វិវត្ត​ទៅ​មុខ​។​ ក្រុមហ៊ុន​អាច​មាន​ការ​វិវត្ត​​បាន​ លុះ​ត្រា​តែ​មាន​​បុគ្គលិក​មាន​គំនិត​ច្នៃ​ប្រឌិត ប្លែក​ៗ តែ​មាន​​ប្រយោជន៍។

៤) ទាក់ទាញ​អ្នក​ក្រៅ​ឲ្យ​ចាប់​អារម្មណ៍​ក្រុមហ៊ុន​អ្នក​​៖ កាល​ណា​ក្រុមហ៊ុន​មាន​បុគ្គលិក​ ចេះ​ច្រើន​ភាសា , ចេះ​ទំនាក់ទំនង, យល់ដឹង​គ្រប់​វប្បធម៌​ , ពួក​គេ​អាច​មាន​សមត្ថភាព​ទាក់ទាញ​ដៃ​​គូ​ជំនួញ​បរទេស​បាន​យ៉ាង​ងាយ​។ ជាពិសេស​អាច​បង្កើន​សេចក្ដី​​ទុកចិត្ត​ពី ជនបរទេស​បាន​ទៀត​ ដោយ​សារ​តែ​សមត្ថភាព​ចម្រុះ​របស់​ក្រុមហ៊ុន​នេះ​​ផ្ទាល់​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ hubspot.com

X
5s