វិស័យ​សំខាន់ៗចំនួន ​៤​នៅ​កម្ពុជា​កំពុង​ទាក់​ទាញ​ការ​វិនិយោគ​ពី​​ឥណ្ឌា​



វិស័យ​អាទិភាព​ចំនួន​ ៤​នៅ​កម្ពុជា​រួម​មាន វិស័យ​វិទ្យាសាស្រ្តនិង​បច្ចេកវិទ្យា  វិស័យ​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ​ថ្នល់ ផ្លូវ​ដែក និង​ស្ពាន) និង​វិស័យ​កសិឧស្សាហកម្ម បាន​និង​កំពុង​ធ្វើ​ឲ្យ​តំណាង​វិស័យឯកជន​នៃ​ប្រទេស​ឥណ្ឌា​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​វិនិយោគ​ ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

ប្រភពរូបភាព៖ ក្រសួងពាណិជ្ជកម្ម

តាម​រយៈ​ប្រភព​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឥណ្ឌា​លើក​ទី​៤ នៅ​ក្នុង​ទី​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា លោក សាន់ឌិប សូម៉ានី (Sandip Somany) ប្រធាន​សហព័ន្ធ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ឥណ្ឌា ​(FICCI) បាន​ជម្រាប​ជូន​​ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ឥណ្ឌានិង​រដ្ឋ​ជា​សមាជិក​អាស៊ាន ព្រម​ទាំង​បង្ហាញ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ការ​ពង្រីក​កិច្ច​សហប្រត្តិបត្តិការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា​ដែល​បច្ចុប្បន្ន​នៅ​មាន​ទំហំ​តិចតួច​នៅ​ឡើយ បើ​ធៀប​ជា​មួយ​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់។

ប្រភពរូបភាព៖ ក្រសួងពាណិជ្ជកម្ម

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ប៉ាន សូរស័ក្ដិ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាង​លើ​ និង​បាន​ជម្រាប​លោក​ សាន់ឌិប សូម៉ានី អំពី​លក្ខណៈ​អំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្រ្ត​ប្រទេស​កម្ពុជា​ គោល​នយោបាយ​បើក​ចំហរ និង​គោលការណ៍​លើក​ទឹក​ចិត្ត​វិនិយោគ​ផ្សេងៗ​របស់​រារដ្ឋាភិបាល​ ព្រម​ទាំង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (IDP) ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោល​ដៅ​កែប្រែ​កម្ពុជា​ពី​ប្រទេស​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ប្រើ​កម្លាំង​ទៅ​ជា​ប្រើប្រាស់​ជំនាញ​នៅ​ឆ្នាំ​២០៣០។

ប្រភពរូបភាព៖ ក្រសួងពាណិជ្ជកម្ម

ក្នុង​នោះ​ផងដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​កម្ពុជា និង​បាន​ស្នើ​សុំ​លោក​ សាន់ឌិប សូម៉ានី ជួយ​កៀងគរ​ធុរជន​ឥណ្ឌា​ធ្វើ​ការ​បណ្ដាក់​ទុន​លើ​ការ​កែឆ្នៃ​ផលិតផល​ខ្មែរ​ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ព្រម​ទាំង​ផ្គតផ្គង់​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភព​លោក។ លើស​ពី​នេះ​ឯកឧត្តម​ក៏​បាន​សំណូមពរ​ ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​ឥណ្ឌា មក​កម្ពុជា​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s