លំហូរវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងបីដង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីAIFTA​



ទំហំវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌា មកកាន់ប្រទេសអាស៊ាន បានកើនឡើងបីដង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើអោយឥណ្ឌា ក្លាយជាទីផ្សារដ៏សំខាន់មួយរបស់ប្រទេសស៊ាន។ របាយការណ៍មួយដែលត្រូវបាន បង្ហាញនៅក្នុងវេទិកាពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ កាលពីថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈនេះ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌាចូលមកអាស៊ាន មានការកើនឡើងបីដង ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានឥណ្ឌា (AIFTA) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០។ របាយការណ៍ដដែរបានបង្ហាញថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីអាស៊ាន និងឥណ្ឌា សរុបមានចំនួន ៧៣,៥៩ពាន់លានដុល្លារ ដែលកើនឡើង ២៥,៥% ធៀបនឹងឆ្នាំមុនគឺ ៥៨,៦ពាន់លានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងពី ១,៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១,៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះ បានលើកឡើងថា ស្របពេលដែលឥណ្ឌា កំពុងក្លាយជាទីផ្សារមួយដ៏សំខាន់របស់ប្រទេសអាស៊ាន ហើយក្នុងនាមកម្ពុជា ជាសមាជិកអាស៊ាន បានស្នើអោយប្រទេសជាសមាជិកអាស៊ាន លប់បំបាត់នូវរបាំងមិនមែនពន្ធគយ និងទទួលស្គាល់កំរិតស្តង់ដារគ្នាមួយ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ច ក្នុងតំបន់ ព្រោះកន្លងមករបាំងមិនមែនពន្ធគយនៅតែជាឧបសគ្គរារាំងដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជា ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឥណ្ឌា-អាស៊ាន(AIFTA) បានធ្វើអោយមុខទំនិញប្រមាណ៩០ ភាគរយត្រូវរួចពន្ធ ក្នុងនោះក៏មានផលិតផល ប្រេងឆៅ ប្រេងកែច្នៃពី ដូងប្រេង កាហ្វេ តែ និងម្រេចផងដែរ និងទំនិញប្រមាណ៤ពាន់ប្រភេទមកពីបណ្តាប្រទេស អាស៊ាននាំចេញ នាំចូលជាមួយឥណ្ឌា ដោយគ្មានបង់ពន្ធ៕ ដោយ៖ ស្រីពេជ្រ
X
5s