អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា មនុស្ស​ឆាប់​ចូល​គេង​​ហើយ​ឆាប់​ក្រោក មានអត្រាជីវិត​ជោគជ័យ​ច្រើន​



អ្នក​ប្រហែល​ជា​ធ្លាប់​បាន​អាន​សម្រង់​សម្ដី​របស់​លោក Ben Franklin ដែល​បាន​ផ្តល់​ដំបូន្មាន​ថា "​ឆាប់​ចូល​គេង និង​ឆាប់​ក្រោក​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ បង្កើន​ទ្រព្យ និង​ឆ្លាតវៃ”។ ​

ទស្សនៈ​របស់​លោក​គឺ​ជា​រឿង​ត្រឹមត្រូវ​ដោយសារតែ​​ការ​ស្រាវជ្រាវ​នានា​ក៏​បាន​ទទួលស្គាល់​ដែរ​ពី​គុណសម្បត្តិ​ជា​ច្រើន​នៃ​ការ​ឆាប់​ទទួល​ទាន​ដំណេក និង​ឆាប់​ក្រោក​នេះ៖

១.ជួយ​ដោះស្រាយ​​​ភាព​អវិជ្ជមាន​បាន​ល្អ​ប្រសើរ​ជាង​មុន

ការចូល​គេង​យប់​យឺត​ពេក ធ្វើ​ឲ្យ​សមត្ថភាព​ខួរក្បាល​របស់​អ្នក​ចុះ​ខ្សោយ និង​បង្ក​ជា​ជម្ងឺ​ស្ត្រេស​ច្រើន​ប្រសិន​បើ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់។ នេះ​មិន​រាប់​បញ្ចូល​ទាំង​សកម្មភាព​​រំខាន​ផ្សេងៗ​ទៀត​នៅ​ពេល​កំពុង​ទទួលទាន​ដំណេក​​ផងដែរ​។ យ៉ាងណាមិញ នៅ​ពេល​អ្នក​​ឆាប់​ទទួល​ទាន​ដំណេក​ឲ្យ​បាន​​គ្រប់គ្រាន់ ឬ​​យ៉ាងហោចណាស់​ពី ៦​ ទៅ ៩ ម៉ោង វា​នឹង​អាច​​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន។ ​

២.បង្កើត​ឱកាស​​ភាព​ជោគជ័យ​បាន​ច្រើន

យោង​តាម​​ការ​​ស្រាវជ្រាវ​របស់​លោក Christopher Randler ជា​សាស្ត្រាចារ្យ​ជីវវិទ្យា​មកពី​សាកលវិទ្យាល័យ​អប់​រំ Heidelberg ​អាល្លឺម៉ង់​បាន​និយាយ​ថា នៅ​ពេល​និយាយ​អំពី​ជោគជ័យ​​លើ​ជំនួញ​អ្នក​ដែល​ក្រោក​ពី​ព្រលឹម​មាន​ឱកាស​ជោគជ័យ​ច្រើន។ លោក​ថា អ្នក​ក្រោក​ពី​ព្រលឹម​ជា​មនុស្ស​ស្វាហាប់ សកម្ម មិន​ស្ពឹក​ស្រពន់ ឲ្យ​តម្លៃ លើ​ពេលវេលា ដែល​កត្តា​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួកគេ​មាន​ឱកាស​ជោគជ័យ​លើ​ការងារ​ ឬ​មុខ​ជំនួញ​របស់​ពួកគេ។

៣.មាន​ភាព​រឹងមាំ ចូលចិត្ត​ការ​សហការ មាន​មនសិការ​ខ្ពស់

លោក Christopher Randler ​ក៏​បាន​លើកឡើង​បន្ថែម​ទៀត​ដែរ​ថា បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ចូល​ដំណេក​យឺត​នៅ​ពេល​យប់ អ្នក​ឆាប់​ក្រោក​ពី​ព្រលឹម​​ជា​មនុស្ស​​អត់​ធន់ តស៊ូ រឹងមាំ​ សហការ រីករាយ និង​មាន​មនសិការ​ខ្ពស់​ជាង។ លោក​ថា គុណសម្បត្តិ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ដែល​ឆាប់​ក្រោក​ពី​​ដំណេក​​​​ឆាប់​ទទួល​បាន​ជោគជ័យ និង​មាន​ភាព​ជា​អ្នកដឹកនាំ​ល្អ មាន​ទម្លាប់​វិន័យ​ផ្ទាល់​ខ្លួន។​​​

៤.ទទួលទាន​ដំណេក​​គ្រប់គ្រាន់​មាន​គុណប្រយោជន៍​មហាសាល​ដល់​សុខភាព

ប្រសិន​បើ​អ្នក​ធ្វើ​ការ​ក្រៅ​ម៉ោង ម្ចាស់​ជំនួញ​ផ្ទាល់​ខ្លួន ឬ​ជា​ឪពុក​ម្តាយ​របស់​គេ អ្នក​ពិបាក​នឹង​រក​ពេល​​ឈឺ​​សឹង​មិន​មាន​​នោះ​ឡើយ។ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​មិន​ចោទ​ជា​បញ្ហា​នោះ​ឡើយ​ប្រសិន​បើ​អ្នក​​លៃលក​ពេលវេលា​ឲ្យ​បាន​​ត្រឹមត្រូវ​ដោយ​​ឆាប់​ចូល​ទទួលទាន​ដំណេក ហើយ​ឆាប់​​ក្រោក​ពី​ដំណេក​នៅ​ព្រឹកព្រលឹម​វិញ​​។ នៅ​ពេល​​ឆាប់​ក្រោក​ពី​ដំណេក អ្នក​អាច​មាន​ពេល​ច្រើន​ដើម្បី​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​ផ្សេងៗ​ដែល​​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព និង​ការ​រក​ចំណូល​របស់​អ្នក​។

៥.ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ស្អាត

បើ​ប្រៀបធៀប​​គ្នា ​មនុស្ស​គេង​មិន​ឆ្អែត ឬ​មនុស្ស​ចូលចិត្ត​គេង​យប់​ជ្រៅ​មាន​រាងកាយ​មិន​មាំមួន​ល្អ​​ជាង​អ្នក​ឆាប់​ចូល​ទទួលទាន​ដំណេក និង​អ្នក​ដែល​​ឆាប់​ក្រោក​ពី​ដំណេក​នោះ​ឡើយ។ សាកលវិទ្យាល័យ Stockholm បាន​រក​ឃើញ​ថា មនុស្ស​​ចូលគេង​យឺត និង​ក្រោក​យឺត​មិន​សូវ​ទាក់ទាញ​អ្នកដទៃ​បាន​ច្រើន​នោះ​ឡើយ៕

ប្រភព៖ Etrepreneur ​

X
5s