គីមជុងអ៊ុន ជួបប្រជុំជាមួយ ដូណាលត្រាំនៅហាណូយ តើអ្នកទាំងពីរនឹងជជែកគ្នាអំពីអ្វីខ្លះ?​



មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីមជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ទីក្រុងហាណូយដើម្បីចូលរួមកិច្ចប្រជុំជាលើកទីពីរជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណលត្រាំ។ ក្នុងការធ្វើដំណើរនេះដែរ គឺមានការអមដំណើរដោយប្អូនស្រីរបស់លោក អ្នកស្រី គីមយូចុង និង លោក គីមយុងឆូល ដែលជាអ្នកចរចាដ៍សំខាន់របស់លោក គីមជុងអ៊ុន។ ហើយកិច្ចប្រជុំនេះនឹងប្រារព្ធឡើងនៅ ថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ។ ហេតុអ្វីបានជាមេដឹកនាំទាំងពីររូបធ្វើកិច្ចប្រជុំសារជាថ្មីម្ដងទៀត? ទោះបីជាមេដឹកនាំទាំងពីររូបធ្លាប់បានធ្វើកិច្ចប្រជុំជាមួយគ្នានៅឯប្រទេសសិង្ហបុរីកាលពីឆ្នាំមុនក៏ដោយ ក៏កិច្ចប្រជុំរបស់ពួកគេម្ដងនេះនៅតែមានគោលបំណងដូចគ្នាដដែលក្នុងការដោះស្រាយបញ្ហាការរំសាយចោលអាវុធនុយក្លេអ៊ែរ។ កិច្ចប្រជុំលើកនេះគឺនឹងធ្វើឡើងដើម្បីបន្តពីកិច្ចប្រជុំកាលពីលើកមុន ដើម្បីធ្វើការសំណេះសំណាលបញ្ហាមួយចំនួនទាក់ទិននឹងការរំសាយចោលនូវអាវុធនុយក្លេអ៊ែរ។ តើកិច្ចប្រជុំលើកមុនបាននាំមកនូវអ្វីខ្លះ? ដោយសារតែមានការយល់ឃើញថាកិច្ចប្រជុំលើកមុនដូចជាមិនសូវមានអំណោយផលច្រើនក្នុងការដោះស្រាយបញ្ហាការរំសាយចោលអាវុធនុយក្លេអ៊ែរ ទើបមេដឹកនាំទាំងពីររូបសម្រេចចិត្តបើកកិច្ចប្រជុំជាលើកទីពីរក្នុងការសំណេះសំណាលបញ្ហានេះម្ដងទៀត។ ម្យ៉ាងទៀត កិច្ចសន្យាដែលមេដឹកនាំទាំងពីរបានចុះកាលពីកិច្ចប្រជុំលើកមុន គឺមានកម្មវត្ថុមិនជាក់លាក់លើគោលបំណងបំបាត់អាវុធនុយក្លេអ៊ែរ។ ជាពិសេសនោះ លោកដូណលត្រាំបានសន្យាថានឹងដកទ័ពអាមេរិកដែលឈរជើងក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមានសំណួរជាច្រើនបានចោទសួរលោកថា តើលោកទទួលបាននូវផលអ្វីខ្លះមកវិញ? ហើយប្រទេសកូរ៉េខាងជើងគឺនៅតែមិនព្រមកាត់បន្ថយ ឬបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ហេតុនេះហើយបានកិច្ចប្រជុំជាលើកទីពីរនេះត្រូវបានធ្វើឡើងសារជាថ្មីម្ដងទៀតក្នុងគោលបំណងដោះស្រាយបញ្ហាទាំងអស់នោះ។ តើយើងនឹងរំពឹងលទ្ធផលអ្វីខ្លះក្នុងកិច្ចប្រជុំលើកនេះ? ក្នុងកិច្ចប្រជុំម្ដងនេះ គឺមេដឹកនាំដឹងច្បាស់ថាមានការរំពឹងទុកខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះដែលត្រូវតែសម្រេចបានជាគោលដៅច្បាស់លាស់និងមានប្រសិទ្ធិភាព។ ហើយក្រុមអ្នកវិភាគមួយចំនួនកំពុងទន្ទឹងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំនេះក្នុងពេលឆាប់ៗនេះ។ ជាពិសេសនោះ គឺទីក្រុងវ៉ាស៊ីនតោនមានគោលដៅច្បាស់លាស់ក្នុងការទាមទាអោយប្រទេសកូរ៉េខាងជើងបញ្ឈប់សកម្មភាពការផលិតអាវុធនុយក្លេអ៊ែរបស់ខ្លួនមុននឹងសហរដ្ឋអាមេរិកចាត់វិធានការធ្វើដាក់គំនាប់ ឬដាក់ទណ្ឌកម្មលើប្រទេសនេះ។ ហើយចំណុចដែលគេគិតថាប្រទេសសហរដ្ឋអាមេរិកអាចនឹងទាមទារឲ្យប្រទេសកូរ៉េអនុម័តនោះ គឺត្រូវបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ រួមទាំងរុះរើចោលកន្លែងផលិតអាវុធនុយក្លេអ៊ែរ Yongbyon និងមូលដ្ឋានម៉ីស៊ីលជាថ្នូរដើម្បីជៀសវាងការដាក់ទណ្ឌកម្មពីសហរដ្ធអាមេរិក។ ប៉ុន្តែលោកដូណលត្រាំ បានបោះសម្ដីថាលោកមិនមានភាពប្រញ៉ាប់ប្រញាលក្នុងការទាមទារឲ្យប្រទេសកូរ៉េខាងជើងបញ្ឈប់សកម្មភាពនោះភ្លាមៗនោះទេ។ ហេតុអ្វីបានជាកិច្ចប្រជុំនេះប្រារព្ធឡើងក្នុងប្រទេសវៀតណាម? វាជាទីតាំងដ៏ល្អសម្រាប់ហេតុផលជាច្រើន។ វាមានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងផងដែរ បើទោះបីជាប្រទេសវៀតណាមធ្លាប់ជាសត្រូវជាមួយសហរដ្ឋអាមេរិកពីមុនក៏ដោយ។ ហើយម្យ៉ាងទៀត ការដែលសហរដ្ឋអាមេរិកយល់ព្រមយកប្រទេសវៀតណាមមកធ្វើជាម្ចាស់ផ្ទះក្នុងការបើកកិច្ចប្រជុំនេះ គឺបង្ហាញពីការសហការជាមួយគ្នារវាងប្រទេសទាំងពីរទោះបីជាពួកគេធ្លាប់ជាគូសត្រូវជាមួយគ្នាក៍ដោយ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសវៀតណាមនិងប្រទេសកូរ៉េខាងជើង គឺជាប្រទេសកុម្មុយនិស្ត ហើយប្រទេសវៀតណាមគឺមានសន្ទុះអភិវឌ្ឍន៍យ៉ាងលឿនក្នុងតំបន់អាស៊ីដោយបក្សកាន់អំណាចផ្ដាច់ការនៅតែមានឥទ្ធពលក្នុងការកាន់អំណាចនេះ។ ដែលហេតុនេះហើយអាមេរិកអាចយកប្រទេសវៀតណាមធ្វើជាគំរូក្នុងការណែនាំប្រទេសកូរ៉េខាងជើងឲ្យយកគំរូតាមប្រទេសវៀតណាមក្នុងការបើកភាពចំហររបស់ខ្លួនជាមួយនឹងប្រទេសផ្សេងៗ៕ ដោយ៖ នឿន វណ្ណៈ
X
5s