អាជីវកម្មទាំង ១០ដែលនឹងលូតលាស់ខ្លាំងក្នុងឆ្នាំ ២០២០​



ពិតប្រាកដណាស់ដែលបច្ចុប្បន្ននេះគឺមានការពិបាកយ៉ាងខ្លាំងក្នុងការព្យាករណ៍អំពីសេដ្ឋកិច្ចពិភពលោកនេះ។ ប៉ុន្តែការព្យាករណ៍នេះមានសារៈសំខាន់ជាខ្លាំងចំពោះអ្នក បើសិនជាអ្នកកំពុងតែសិក្សាក្នុងថ្នាក់មហាវិទ្យាល័យ ចាប់ផ្ដើមបើកមុខអាជីវកម្មណាមួយ ឬកំពុងព្យាយាមចាប់មុខជំនាញណាមួយ។ ហើយត្រូវយល់ថា សព្វថ្ងៃនេះគឺល្បឿននៃការផ្លាស់ប្តូរនៅក្នុងពិភពជំនួញគឺប្រែប្រួលយ៉ាងលឿនដោយសារមានអំណោយផលពីកត្តាសកលភាវូបនីយកម្មនិងបច្ចេកវិទ្យាឌីជីថល។ ដូចនេះបើចង់ទទួលបានឱកាសដ៏ល្អនេះក្នុងជំនាញណាមួយគឺត្រូវចេះបែងចែក ជំនាញដែលនឹងរីកមុខមាត់ក្នុងពេលអនាគតនិងជំនាញដែលនឹងត្រូវធ្លាក់ប្រជាប្រិយភាពក្នុងពេលខាងមុខ។ ហើយអ្នកត្រូវតែចំណាយពេលយល់ដឹងនិងសិក្សាពីជំនាញដែលនឹងមានតម្រូវការច្រើនក្នុងពេលអនាគតឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីទទួលបានឱកាសល្អក្នុងពេលអនាគត។ តាមរយៈការសិក្សារបស់ការិយាល័យស្ថិតិការងាររបស់រដ្ឋាភិបាល (BLS) បានបោះផ្សាយបញ្ជីប្រចាំឆ្នាំដែលពាក់ព័ន្ធនឹងឧស្សាហកម្មដែលនឹងមានការធ្លាក់ចុះដោយសារតែវិស័យឧស្សាហកម្មទាំងនោះភាគច្រើនគឺអាចធ្វើការជំនួសការងារដោយកម្លាំងម៉ាស៊ីន។ ក្នុងសម័យកាលនេះគឺជាសម័យកាលនៃបច្ចេកវិទ្យាដែលមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងវិស័យការងារមួយចំនួនដោយសារតែឥទ្ធិពលនៃបច្ចេកវិទ្យា។ ទោះយ៉ាងណាក្ដី ក៍មានមុខជំនាញនិងវិស័យការងារមួយចំនួនផ្សេងទៀតដែលនឹងមានតម្រូវការយ៉ាងខ្ពស់ក្នុងពេលខាងមុខ។ ហើយខាងក្រោមនេះគឺជាមុខជំនាញទាំង ១០ ដែលនឹងរីកដុះដាលយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០ ក្នុងពេលខាងមុខនេះ៖ ១) ប្រមូលទិន្នន័យ សម័យកាលនេះជាសម័យកាលប្រើប្រាស់ទិន្នន័យធំៗ ដោយក្រុមហ៊ុនជាច្រើនចង់ប្រើមូលដ្ឋានទិន្នន័យថ្មីដ៏ធំទូលាយដើម្បីប្រមូលព័ត៌មានបន្ថែមលើអតិថិជនរបស់ពួកគេ គូប្រជែងនិងខ្លួនឯងផងដែរ។ ក្រៅពីប្រមូលទិន្នន័យលេខ មុខជំនាញនេះគឺនឹងប្រើប្រាស់លេខទិន្នន័យទាំងនោះទៅជាគន្លឹះដែលមានសារៈសំខាន់ក្នុងការដឹកនាំអាជីវកម្មណាមួយ។ ហើយវិស័យទីផ្សារនិងការស្រាវជ្រាវទីផ្សារគឺជាវិស័យទាំង ២ ដែលត្រូវទាក់ទិននឹងការប្រើប្រាស់ទិន្នន័យហើយមានការរីកដុះដាលយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននិងក្នុងពេលខាងមុខនេះ។ ២) ប្រឹក្សានិងការព្យាបាល បច្ចុប្បន្ននេះមានការទទួលស្គាល់ជាទូទៅថា សុខភាពផ្លូវចិត្តមានសារៈសំខាន់ដូចជាសុខភាពរាងកាយផងដែរ ហើយកំពុងតែទាមទាតម្រូវការខ្ពស់នៃចំនួនអ្នកជំនាញក្នុងវិស័យនេះ។ តួយ៉ាងការិយាល័យស្ថិតិការងាររបស់រដ្ឋាភិបាល BLS បានរំពឹងទុកថាតម្រូវការនៃចំនួនគ្រូពេទ្យចិត្តសាស្ត្រ នៃការរៀបអាពាហ៍ពិពាហ៍និងគ្រួសារ នឹងកើនឡើងជាង ៤១ ភាគរយនៅឆ្នាំ ២០២០ នេះ។ ៣) ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាថ្មីៗ នឹងបន្តបង្កើតនូវភាពជឿនលឿនក្នុងវិស័យវេជ្ជសាស្ត្រ ការផលិត ការដឹកជញ្ជូន និងវិស័យជាច្រើនទៀតដែលមានន័យថានឹងមានតម្រូវការយ៉ាងខ្ពស់សម្រាប់បុគ្គលិកការងារដែលបានសិក្សាក្នុងជីវវិទ្យាគីមីវិទ្យាគណិតវិទ្យានិងវិស្វកម្ម។ វិស័យមួយចំនួនដែលអាចនឹងនាំមកនូវរបកគំហើញថ្មីៗ មាន៖ ជីវបច្ចេកវិទ្យានិងជីវវេជ្ជសាស្ត្រ បច្ចេកវិទ្យា nanotechnology មនុស្សយន្តនិងការបោះពុម្ព 3D ដែលអាចអោយមានការផលិតផលិតផលរាងកាយពីឯកសារទិន្នន័យឌីជីថល។ ៤) វិស្វករ​កុំព្យូទ័រ កម្មវិធីកុំព្យូទ័រជាច្រើនត្រូវបានធ្វើឡើងនៅក្រៅប្រទេសសព្វថ្ងៃនេះ ប៉ុន្តែតម្រូវការសម្រាប់អ្នកជំនាញកុំព្យូទ័រកម្រិតខ្ពស់ដែលអាចគ្រប់គ្រងប្រព័ន្ធរួមគ្នាបានគឺនៅតែមានតម្រូវការខ្ពស់។ ឧទាហរណ៍ក្នុងវិស័យហិរញ្ញវត្ថុនិងការវិនិយោគ ការគណនាល្បឿនលឿនគឺជាគុណសម្បត្តិប្រកួតប្រជែងយ៉ាងខ្លាំង។ ហេតុនេះហើយបានជាក្រុមហ៊ុនធំៗ ភាគច្រើនត្រូវការបណ្តាញដែលមានល្បឿនលឿន មានភាពរលូន និងសុវត្ថិភាពជាងមុន។ ៥) បសុពេទ្យ ការចិញ្ចឹមសត្វគឺជារឿងពេញនិយមរបស់ប្រជាជនជាច្រើនជុំវិញពិភពលោកសព្វថ្ងៃនេះ។ ហើយជាមួយការថែទាំសត្វចិញ្ចឹមផងដែរនោះគឺតម្រូវឲ្យមានការផ្គត់ផ្គង់ថ្នាំសង្កូវនិងការថែរក្សាសុខភាពសត្វទាំងនោះដូចជាមនុស្សផងដែរ។ ហេតុនេះហើយបានជាការិយាល័យស្ថិតិការងាររបស់រដ្ឋាភិបាល (BLS) បានរំពឹងទុកថាតម្រូវការបសុពេទ្យនឹងកើនឡើងជាង ៣៦ ភាគរយក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ ៦) វិទ្យាសាស្ត្របរិស្ថាននិងអភិរក្ស ការប្រើប្រាស់សម្បត្តិធម្មជាតិឲ្យមានប្រសិទ្ធភាពគឺជារឿងមួយដែលអ្នកទាំងអស់គ្នាត្រូវតែគិត ពីព្រោះថាសព្វថ្ងៃនេះគឺមានសន្ទុះកំណើនប្រជាជនយ៉ាងខ្លាំងដែលទាមទារឲ្យមានការអភិវឌ្ឍហេដ្ធារចនាសម្ព័ន្ធបន្ថែមទៀត។ ហើយជម្រើសការប្រើប្រាស់ថាមពលកកើតឡើងវិញគឺអាចនឹងមានការកើនឡើងក្នុងពេលខាងមុខ។ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនដែលកើតឡើងជុំវិញពិភពលោកដូចជា កំណើនកម្ដៅគឺជាបញ្ហាធំដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ក្នុងការដោះស្រាយនិងសិក្សាបញ្ហាទាំងនោះ រួមទាំងត្រូវការបច្ចេកវិទ្យាថ្មីៗ ក្នុងការតបតទៅនឹងបញ្ហាទាំងនោះផងដែរ។ ៧) វិស័យថែទាំសុខភាព ដោយសារតែបច្ចុប្បន្ន ល្បឿនកំណើនប្រជាជនមានការកើនឡើងជាខ្លាំង។ ហើយដូចនេះបានជាមានតម្រូវការខ្ពស់ចំពោះចំនួនគ្រូពេទ្យ អ្នកវិនិច្ឆ័យរោគ អ្នកថែទាំកូនក្មេង និងអ្នកជំនាញមួយចំនួនផ្សេងទៀត។ ដោយសារតែមានការកាត់បន្ថយការចំណាយលើវិស័យសុខាភិបាល ទើបបានជាក្នុងវិស័យការងារសុខាភិបាលមួយចំនួនមានការផ្ដល់ប្រាក់ខែទាបដល់បុគ្គលិកដែលធ្វើឲ្យគ្រូពេទ្យ អ្នកធ្វើការនៅមន្ទីរពេទ្យ និងអ្នកវិនិច្ឆ័យរោគមួយចំនួនមានការមិនពេញចិត្តជាមួយនឹងការងារនេះ។ ទោះជាយ៉ាងណាក្ដី នៅតែមានតម្រូវការខ្ពស់សម្រាប់គិលានុបដ្ឋាករ គិលានុបដ្ឋាយិការ គ្រូពេទ្យវះកាត់ អ្នកជំនាញខាងពេទ្យធ្មេញ អ្នកព្យាបាលរោគរូបវ័ន្ត និងអ្នកឯកទេសវេជ្ជសាស្ត្រមួយចំនួន។ ៨) ការគ្រប់គ្រង ការងារជាមេដឹកនាំមិនមែនជាការងារងាយស្រួលទេ។ ការគ្រប់គ្រងដោយមានប្រសិទ្ធិភាពក្នុងពេលអនាគត គឺតម្រូវឲ្យមានចំណេះដឹងទាំងផ្នែកអាជីវកម្មរួមជាមួយនឹងសមត្ថភាពក្នុងការគ្រប់គ្រងការងារពីចម្ងាយទាំងក្នុងនិងទាំងក្រៅប្រទេស។ មេដឹកនាំដែលមានការអភិវឌ្ឍលឿនជាងគេគឺច្រើនតែជាបុគ្គលដែលអាចដឹកនាំក្រុមការងារទៅរកភាពរីកចម្រើនដោយអាចកាត់បន្ថយការចំណាយបានយ៉ាងប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះគឺមានការព្យាករណ៍ថានឹងមានការកើនឡើងនៃចំនួនអ្នកដែលមានជំនាញខាងទំនាក់ទំនងមនុស្ស ការគ្រប់គ្រងនិងរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ ៩) ហិរញ្ញវត្ថុ ការគ្រប់គ្រងលុយកាក់គឺមានភាពស្មុគស្មាញយ៉ាងខ្លាំងនិងជាកត្តាសំខាន់ចំពោះក្រុមហ៊ុនមួយចំនួនធំ។ លើសពីនេះទៅទៀតក្រុមហ៊ុនវិនិយោគដែលមិនមានលក្ខណៈដូចជាមូលនិធិការពារហានិភ័យ និងក្រុមហ៊ុនវិនិយោគឯកជនទំនងជារីកចម្រើននៅពេលដែលវិស័យធនាគារទូរទៅគោរពតាមបទបញ្ជាថ្មីៗ និងការគ្រប់គ្រងហានិភ័យ។ នោះមានន័យថានឹងមានតម្រូវការបន្ថែមទៀតសម្រាប់អ្នកជំនាញហិរញ្ញវត្ថុ។ ប៉ុន្តែវាអាចមានកង្វះខាតអ្នកជំនាញហិរញ្ញវត្ថុ នៅពេលដែលនិស្សិតដែលចាប់អារម្មណ៍នឹងហិរញ្ញវត្ថុផ្លាស់ប្ដូរចិត្តទៅចាប់វិស័យផ្សេងវិញ។ ១០) សហគ្រិនភាព តម្រូវការសហគ្រិននឹងអាចមានការកើនឡើងក្នុងពេលខាងមុខនេះ។ ជាមួយនឹងការឆ្នៃប្រឌិតក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួននិងការបើកអាជីវកម្មក្នុងស្ថាប័នផ្សេងៗ គឺបុគ្គលម្នាក់ៗសុទ្ធតែមានគំនិតនិងសមត្ថភាពរបស់ពួកគេដែលអាចផ្ដើមគំនិតអាជីវកម្មណាមួយដែលផ្ដល់គុណតម្លៃល្អដល់អតិថិជនរួមទាំងទាញផលប្រយោជន៍ជាច្រើនដល់ខ្លួនឯងតាមអំណោយផលនៃបច្ចេកវិទ្យា។ ដូចនេះអ្នកដែលមានក្ដីស្រមៃចង់ធ្វើជាសហគ្រិនក្នុងពេលខាងមុខ អាចនឹងក្លាយជាសហគ្រិនជោគជ័យមួយរូបក្នុងឆ្នាំ ២០២០ ខាងមុខនេះ៕ ដោយ៖ នឿន វណ្ណៈ
X
5s