ទម្លាប់ទាំង ៤នេះដែលអ្នកត្រូវតែទម្លាក់ចោលដើម្បីទទួលភាពជោគជ័យ ភ្លឺស្វាង
ជាការពិតណាស់មនុស្សយើងម្នាក់ៗតែងតែរស់នៅភ្ជាប់ជាមួយនឹងទម្លាប់។ ហើយម្យ៉ាងវិញទៀតប្រសិនបើទម្លាប់ទាំងនោះល្អវានឹងនាំអ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមានភាពជោគជ័យនៅក្នុងជីវិត។ ក៏ប៉ុន្តែប្រសិនបើទម្លាប់ទាំងនោះអាក្រក់វានិងនាំអ្នកឲ្យក្លាយទៅជាមនុស្សខ្ជិលនិងបរាជ័យនៅក្នុងជីវិតថែមទៀតផង។
ប៉ុន្តែប្រសិនបើអ្នកមិនដឹងថាទម្លាប់បែបណាដែលមិនល្អហើយទម្លាប់បែបណាអ្នកគួរតែបោះបង់ចោល អត្ថបទខាងក្រោមនេះនិងបង្ហាញទម្លាប់មួយចំនួនដែលអ្នកត្រូវតែបោះបង់ចោលដើម្បីទទួលបានភាពជោគជ័យ៖
១)ទម្លាប់ពន្យារពេល
មនុស្សគ្រប់ៗរូបតែងតែជួបប្រទះនៅភារកិច្ចដ៏គួរឲ្យស្មុគស្មាញមួយចំនួននៅលើបញ្ជីការងារដែលត្រូវធ្វើ។ អ្នកប្រាកដជាដឹងច្បាស់ហើយថាការងារទាំងអស់នោះអ្នកត្រូវតែធ្វើ ប៉ុន្តែអ្នកបែរជាមិនចង់ធ្វើវា។ នៅពេលដែលអ្នកដាក់ភារកិច្ចទាំងនេះចោលមិនព្រមធ្វើ ហើយទុកឲ្យវាបង្កភ័យខ្លាចនិងហាក់បីដូចមិនមានភាពសប្បាយចិត្តនិងធ្វើអ្វីផ្សែងទៀត ព្រោះមានអារម្មណ៍ថាដូចមានកង្វល់។ អ្នកគួរតែផ្លាស់ប្តូរទម្លាប់បែបនេះចេញទៅប្រសិនបើអ្នកត្រូវតែធ្វើវាដដែលចូរធ្វើវាឲ្យហើយកុំពន្យារចាំពេលនេះពេលនោះ។
២)ទម្លាប់បរិភោគអាហារមិនល្អ
រាងកាយរបស់យើងត្រូវការអាហារដើម្បីចិញ្ចឹមកោសិការបស់យើងនិងទទួលបានថាមពលដែលយើងត្រូវការ។ នៅពេលដែលយើងគិតអំពីម្ហូបអាហារដែលជួយសាច់ដុំនិងឆ្អឹងរបស់យើងក្នុងរយៈពេលមួយយូរអង្វែងនោះអ្នកនិងនឹកឃើញពាក្យស្លោកមួយបានពោលថា "អ្នកគឺជាអ្វីដែលអ្នកបរិភោគ " ជាមិនខាន។ ការបរិភោគអាហារមិនគ្រប់គ្រាន់និងមិនល្អវាគឺពិតជាផ្តល់ការប៉ះពាល់ទៅដល់សុខភាពរបស់អ្នកបានយ៉ាងងាយខ្លាំងណាស់។ ហេតុដូចនេះហើយចូរអ្នកទទួលទានអាហារដែលមានសុខភាពល្អដើម្បីទទួលថាមពលនិងវីតាមីនដែលអ្នកត្រូវការ។ មានរាប់ពាន់នៃរូបមន្តតាមអ៊ីនធឺណែត ដូច្នេះចូរស្វែងរកមុខម្ហូបដែលមានសុខភាពល្អដែលអ្នកចូលចិត្តនិងចាប់ផ្តើមចម្អិនអាហារទាំងនោះហើយចាប់ផ្តើមជាមួយអាហារដែលមានសុខភាពល្អមួយក្នុងមួយថ្ងៃ។
៣)ទម្លាប់គិតគំនិតអវិជ្ជមាន
អាហារបានផ្តល់នៅថាមពលដល់រាងកាយនិងគំនិតរបស់អ្នក ហើយចិត្តគឺជាមជ្ឈមណ្ឌលបញ្ជាជីវិតរបស់អ្នក។ ប្រសិនបើអ្នកទទួលបានគំនិតអវិជ្ជមានច្រើន អ្នកនឹងបង្កើតជំនឿអវិជ្ជមានជាលទ្ធផល។ ដើម្បីទទួលបានជោគជ័យយើងត្រូវជឿជាក់លើខ្លួនឯង និងយើងត្រូវផ្លាស់ប្តូររបៀបដែលយើងគិត។ បំពេញគំនិតរបស់អ្នកជាមួយនឹងឱកាសវិជ្ជមានក្នុងពេលបច្ចុប្បន្ននេះដើម្បីផ្តល់ឱ្យខ្លួនអ្នកនូវឱកាសដ៏ល្អបំផុតដើម្បីដឹកនាំអនាគតភ្លឺស្វាង។
៤)ទម្លាប់នៅក្នុងកន្លែងសុខស្រួល
នៅពេលដែលអ្នកស្ថិតនៅក្នុងវ័យក្មេងយើងតែងតែព្យាយាមធ្វើអ្វីថ្មីនិងរុករកពិភពលោកនៃដែលជាខ្លួនយើង។ នៅពេលអ្នកកាន់តែចាស់ ចិត្តឆន្ទៈរបស់អ្នកក្នុងការសាកល្បងរឿងថ្មីនិងការផ្សងព្រេងថ្មីៗចាប់ផ្តើមថយចុះ។ ការភ័យខ្លាចនៃការបរាជ័យហាក់ដូចជាពពកងងឹតហើយយើងដកថយទៅតំបន់ងាយរបស់យើង ដោយគេចអំពីបញ្ហាដែលកើតមានឡើង ទៅកាន់កន្លែងមានភាពសុខស្រួលរបស់យើងមានសុវត្ថិភាពនិងជាកន្លែងដែលយើងមានអារម្មណ៍ល្អបំផុត។ ប៉ុន្តែដើម្បីក្លាយទៅជាមនុស្សល្អនិងមានភាពជោគជ័យ យើងត្រូវមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯងដើម្បីទទួលបានការរីកចម្រើននិងសាកល្បងអ្វីដែលថ្មី៕
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង