ក្រសួងពាណិជ្ជកម្មកំណត់យុទ្ធសាស្ត្រ ៦ចំណុចបន្តពង្រឹងនិងលើកកម្ពស់វិស័យ SMEs​



ក្រសួងពាណិជ្ជកម្មកំណត់គោលដៅយុទ្ធសាស្ត្រ ៦ចំណុច ដើម្បីបន្តពង្រឹងការអភិវឌ្ឍ និងលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម ដែលមានស្រាប់និងទើបបង្កើតថ្មី ។ ឯកឧត្តម ថៅ សុខមុនី អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ថា ពីរទស្សវត្សចុងក្រោយនេះប្រទេសកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ គួរជាទីមោទនៈ ក្នុងវង្វង់៧ភាគរយ ដែលសមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយកើតចេញពីការសហការគ្នាយ៉ាងសស្រាក់សស្រាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដោយក្នុងនោះវិស័យSMEs បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាលស្តីពី ការជំរុញពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាលពីដើមសប្ដាហ៍នេះ ឯកឧត្តមបន្តទៀតថា រដ្ឋាភិបាលបានដាក់គោលដៅយុទ្ធសាស្ត្រក្នុងការបន្តពង្រឹង ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ដោយផ្តោតអាទិភាពលើ ០៦ចំណុច៖ ទី១- ការបញ្ចប់ការរៀបចំ និងជំរុញការអនុវត្តគោលនយោបាយសហគ្រាសធុនតូច និងមធ្យមឱ្យមានប្រសិទ្ធភាព។ ទី២-ការពង្រឹងការអនុវត្តយន្តការគាំទ្រដើម្បីជួយសម្រួលដល់ការចុះបញ្ជី ការផ្តល់សេវាសម្របសម្រួល ការផ្សព្វផ្សាយព័ត៌មានទីផ្សារឱ្យបានទូលំទួលាយ និងទាន់ពេលវេលាការផ្សព្វផ្សាយ និងបញ្រ្ជាបបច្ចេកវិទ្យាថ្មី និងការបន្តខិតខំស្វែងរក និងជ្រៀតចូលទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជា។ ទី៣-ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ហរិញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញការៀបចំ និងអនុវត្តនូវជម្រើសហិរញ្ញប្បទាននានារួមទាំងយន្តការគ្រប់គ្រង អាជីវកម្ម គម្រោងវិនិយោគផង។ ទី៤ ការបង្កើតមូលនិធិជាតិសហគ្រិតភាព និងមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនភាពដោយសហការជាមួយវិស័យឯកជនសំដៅលើកកម្ពស់សហគ្រិនភាព និងប្រសិទ្ធភាពធុរកិច្ច។ ទី៥-ការពង្រឹង និងពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា៖ មន្ទីរពិសោធន៍ថ្នាក់ជាតិ ការបន្តកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រព័ន្ធឡូជីស្ទីក ព្រមទាំងការបន្តលើកទឹកចិត្ត និងការទាក់ទាញការវិនិយោគក្នុងការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម។ ទី៦-ការជំរុញការលើកកម្ពស់គុណភាពផលិតផលនៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងអនុលោម ភាពលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងស្តង់ដារ ព្រមទាំងការលើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធិបញ្ញា និងការផ្តល់ប្រកាសនីយបត្រតក្កកម្ម (Patents)។ លោកស្រី កែវ មុំ នាយិការក្រុមហ៊ុននំស្រួយលីលី និងជាអតីតប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាភាគច្រើន កំពុងជួបបញ្ហកង្វះហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្ម ខណៈដែររដ្ឋាភិបាល ចង់អោយវិស័យនេះ ក្លាយជាផ្នែកមួយរឹងមាំ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកផលិតផលក្នុងស្រុកអោយបានច្រើន។ លោកស្រីបន្តថា បើសិនជាដំណើរការធនាគារ SME របស់រាជរដ្ឋាភិបាលចេញជាផ្លែផ្កាលឿននោះ បញ្ហាសម្រាប់សហគ្រិនទៅលើការពង្រីក អាជីវកម្ម អាចនឹងកាត់បន្ថយ ហើយសហគ្រិន ដែលខ្វះទុនតែចង់ពង្រីកអាជីវកម្មបន្ថែម អាចសរសេរសំណើរទៅកាន់ធនាគារ ដើម្បីយកហិរញ្ញវត្ថុមកពង្រីកអាជីវកម្មរបស់ខ្លួនបាន។ គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺន សហគ្រាសនៅក្នុងប្រទេសកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៩,៨ភាគរយ ដែលបានផ្ដល់ការងារសរុបប្រមាណ៧០ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕ ដោយ៖​ ស្រីពេជ្រ
X
5s