Big C Supercenter គ្រោងនឹងបោះទុនវិនិយោគជិត៧០លានដុល្លារ លើទឹកដីក្រុងប៉ោយប៉ែត
តាមសេចក្តីប្រកាសព័ត៌មានរបស់បណ្តាញសង្គមផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងកាលពីថ្ងៃទី ២០ កុម្ភៈ ២០១៩ ថា “សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ ក្រុមហ៊ុន Big C Supercenter (Cambodia) CO.,LTD ក្នុងគម្រោងបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៦,៨ លានដុល្លារអាមេរិច និងអាចបង្កើតការងារបានចំនួន ១,២២២ កន្លែង។”
គួរបញ្ជាក់ផងដែរថា ប៊ីកស៊ី Big C ឬ Big C Supercenter (บิ๊กซี ซูเปอร์เซ็นเตอร์) គឺជាកន្លែងលក់រាយគ្រឿងទេស និងទំនិញប្រើប្រាស់ឧបភោគបរិភោគទូទៅ ដែលស្ថិតក្នុងទម្រង់ជាម៉ាតខ្នាតធំ (hypermart) មានស្នាក់ការកណ្តាលនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ប៊ីកស៊ី គឺជាប្រតិបត្តិករផ្សារទំនើបធំលំដាប់ទី២ ក្នុងឆ្នាំ ២០១៦ បន្ទាប់ពី Tesco Lotus។ វាមានប្រតិបត្តិការនៅក្នុង ៣ប្រទេសគឺ ថៃ វៀតណាម និងឡាវ ក្រោយមកក៏មានការរួមបញ្ចូលធុរកិច្ចគ្នារបស់ Carrefour (ដែលជាក្រុមហ៊ុនអន្តរជាតិមួយផ្នែកលក់រាយរបស់បារាំង បើកដំណើរការនៅប្រទេសជាង ៣០ ក្នុងពិភពលោក) ហើយបច្ចុប្បន្នមានសាខាទាំងអស់ ១៨៥ ដែលបានបែងចែកជា ប៊ីកស៊ីស៊ូភើសែនធើ (BigC Supercenter) ១៣៣សាខា ប៊ីកស៊ីអ៊ិចត្រា (BigC Extra) ១៦សាខា និងប៊ីកស៊ីម៉ាខេត (BigC Market) ៣៣សាខា។ ដោយមានហាងដែលជាបុត្រសម្ព័ន្ធប្រតិបត្តិការចំនួន ៦៩៧ ក្នុងប្រទេសថៃគិតត្រឹមខែកញ្ញាឆ្នាំ ២០១៥។
ក្រុមហ៊ុនបានបង្ហាញពីប្រាក់ចំណេញសុទ្ធចំនួន ៣៨លានដុល្លារសម្រាប់ចុងត្រីមាសទី៣ ២០១៥។ ប៊ីកស៊ីបានឲ្យនិយមន័យនៃពាក្យ “Big C” ថា៖
_ Big គឺអ្វីដែលមានខ្នាតធំ មានការផ្តល់សេវាកម្មងាយស្រួលដល់អតិថិជន និងមានទំនិញច្រើនមុខច្រើនប្រភេទដើម្បីបម្រើដល់តម្រូវការរបស់អតិថិជន។
_ C សំដៅដល់អតិថិជនដែលតែងតែគាំទ្រប៊ីកស៊ីរហូតមក៕
ដោយ៖ ទីន ម៉ាទីយ៉ា
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)