ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួនពីរបានបញ្ជាទិញយន្តហោះ ១១០គ្រឿងពីក្រុមហ៊ុន ប៊ូអ៊ិង​



តាម​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​មា​ន Bloomberg កាលពី​ថ្ងៃទី ២៧ កុម្ភៈ កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម Bamboo Airways និង VietJet Aviation JSC បាន​ចុះ​ហត្ថលេខាព្រម​ព្រៀងក្នុង​ការ​បញ្ជាទិញយន្តហោះ​ពី​ក្រុម​ហ៊ុនប៊ូអ៊ិង (Boeing Co.) អំ​ឡុង​ពេល​ជំនួបកំពូលរវាង​ប្រធានាធិប​តីសហរដ្ឋអាមេរិក ដូណាល់​ត្រាំ និង​ ប្រធា​នា​ធិប​តីកូ​រ៉េ​ខាង​ជើង​លោក គីម ជុង​អ៊ុន។ ​ ​ ក្រុមហ៊ុន Bamboo យល់​ព្រម​ទិញ Dreamliners ចំនួន​ ១០ គ្រឿង​ក្នុង​តម្លៃ ៣ពាន់​លាន​ដុល្លារ​អាមេរិច ខណៈដែល VietJet Aviation JSC បញ្ជាទិញយន្ត​ហោះ Boeing 737 Max ១០០ គ្រឿង មាន​តម្លៃ ១២.៧ ពាន់​លាន​ដុល្លារ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ Boeing កាល​ពី​ថ្ងៃ​ពុធកន្លងទៅ។ ការបញ្ជាទិញ​ Boeing 737 Max ១០០ គ្រឿងនេះជា​ប្រភេទ​យន្ត​ហោះ​ដែលមាន​តួ​ខ្លួនតូចៗ ​ដើម្បី​យក​មក​ជំនួស​យន្តហោះ​ចាស់។ ហើយ​យន្តហោះ​ថ្មី​នេះ​​សម្រាប់​ធ្វើ​ការ​ដឹក​ជញ្ជូន​នៅ​ចន្លោះ​ឆ្នាំ ២០២០ និង ២០៣០ តាម​រយៈការ​ផ្តល់​កិច្ច​សម្ភាសន៍​ដោយ​កាយក​ប្រតិបត្តិ VietJet Aviation JSC លោក ឌួង ទ្រីតាញ់ កាលពី​សប្តាហ៍​មុន។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​វៀត​ណាម​ទើប​ទទួល​បាន​ការអនុញ្ញាតឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ទៅ​សហរដ្ឋអាមេរិក ហើយ​ការ​ទិញ​យន្ត​ហោះ​នេះ​ក៏​សម្រាប់​ការ​ហោះហើរទៅ​កាន់ California ​ដូច​គ្នា៕ ដោយ៖ ទីន ម៉ាទី​យ៉ា ប្រភព៖ Bloomberg
X
5s