OCIC កាន់ភាគហ៊ុន ៩០% លើគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី តម្លៃ១៥០០លានដុល្លារ ក្នុងខេត្តកណ្ដាល ប្រកាសជាផ្លូវការ​



ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈកម្មការរៀបចំគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បើកកិច្ចប្រជុំជាលើកដំបូង ដោយបញ្ជាក់ថា ទីតាំងព្រលានយន្តហោះថ្មីនេះ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្តាលនិងខេត្តតាកែវ លើផ្ទៃដីទំហំ ២៦០០ហិកតា ជាមួយនឹងទុនវិនិយោគ ១ ៥០០លានដុល្លារអាមេរិក។ ក្នុងកិច្ចប្រជុំ នាល្ងាចថ្ងៃទី២៨ កុម្ភៈ ម្សិលមិញ នេះ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល រៀបចំកិច្ចព្រមព្រៀង ដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ននិងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន សិក្សាកំណត់តំបន់សុវត្ថិភាពនៃការហោះហើរ។ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋាន សុរិយោដីនិងភូមិសាស្ត្រ កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឲ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារ ពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្ន ការធ្វើចរន្តការដីស្ថិតក្នុងទីតាំងដែលបង្កការលំបាកនិងរាំងស្ទះដល់ដំណើរការអនុវត្តន៍គម្រោង។ ជាមួយគ្នាគណៈកម្មការ ក៏បានស្នើស្ថាប័នពាក់ព័ន្ធគួរគិតគូរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាអាទិ៍ ការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គីសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ អង់តែនទូរស័ព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងទៀត ចៀសវាងរៀបចំតាមក្រោយដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេស ប្រព័ន្ធការពារ និងរំដោះទឹកជំនន់។ គួររំលឹកផងដែរថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាលនិងខេត្តតាកែវ លើទំហំផ្ទៃដី ២.៦០០ហិកតា ក្រោមទុនវិនិយោគ១.៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) មានទុន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានទុន១០ភាគរយ៕ ដោយ៖ ស្រីពេជ្រ
X
5s