សង្ខេប​ព្រឹត្តិការណ៍សេដ្ឋកិច្ច​​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​



ថ្ងៃ​នេះ​Bizkhmer​សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ប្រចាំ​សប្តាហ៍ ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​និង​ជំនួយ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​ដក​ស្រង់​ចេញ​ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​មួយ​ចំនួន​ដូច​ជា កាសែត​កោះ​សន្តិភាព​ រស្មី​កម្ពុជា ភ្នំពេញ​ប៉ុស្ដិ៍ និង​សាព័ត៌មាន​Sabay News ។

តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត ភ្នំពេញ​ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​កម្ពុជា​ចំណាយ​ជាង ​$៤០០ លាន​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​៖ ប្រជាជន​កម្ពុជា​បាន​ចំណាយ​ប្រាក់​យ៉ាង​ហោច​ណាស់​ ៤១៣ ​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ​២០១៨ ​ទៅ​លើ​អេឡិចត្រូនិក​ ដែល​ជា​កំណើន​ដ៏​​ខ្លាំង​មួយ​ធៀប​នឹង​ឆ្នាំ ​២០១៧​​។ ​នេះ​​បើ​យោង​តាម​ទិន្នន័យ​ពី​​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​លក់​ឧបករណ៍​ប្រើប្រាស់​ក្នុង​លំនៅឋាន​ GfK​។ របាយការណ៍​បង្ហាញ​ថា ​ប្រជាជន​កម្ពុជា​បាន​ចំណាយ​លើ​ការ​​ទិញ​ទូរស័ព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​សំខាន់ៗ​ក្នុង​លំនៅឋាន​ ដូច​ជា​ទូទឹកកក ម៉ាស៊ីន​បោកគក់​ និង​ម៉ាស៊ីន​ត្រជាក់​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​រយៈ​ប្រភព​ខាង​លើ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​GDT ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​ពន្ធ​ដល់​វិនិយោគិន​ចិន ​ដែល​កំពុង​កើន​ឡើង​នៅ​កម្ពុជា​៖ អគ្គ​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា ​(GDT)​ កាល​ពី​ម្សិលមិញ បាន​រៀបចំ​វេទិកា​ពន្ធ​កម្ពុជា ​និង​ចិន​លើក​ដំបូង​នៅ​ភ្នំពេញ​ដែល​មាន​គោល​បំណង​គាំទ្រ​ដល់​ការ​យល់​ដឹង​អំពី​​ប្រព័ន្ធ​ពន្ធ​កម្ពុជា​ក្នុង​ចំណោម​​ ក្រុមហ៊ុន​របស់​​ប្រទេស ​ចិន ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត​ រស្មីកម្ពុជា កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពីកម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​លឿន​បំផុត​លំដាប់​ទី​៦​លើ​ពិភពលោក៖ ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់​ទី​៦​លើ​ពិភពលោក​ដោយ​សម្រេចបាន​កំណើន​ខ្ពស់​តាមរយៈ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន​។​ នេះ​ជា​ប្រសាសន៍​របស់លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថ្លែង​ក្នុង​វេទិកាសាធារណៈ​ឯកជន​ស្តីពី​“​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​”​កាលពីពេល​ថ្មីៗ​នេះ​។​ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​រយៈ​ប្រភព​ព័ត៌មាន​ខាង​លើ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​បារាំង​ចុះ​សិក្សា​និង​ស្វែងយល់​ផ្ទាល់​អំពី​វិស័យ​ស្រូវ អង្ករ​របស់​កម្ពុជា​៖ ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល​០៨​ថ្ងៃ នៅ​ប្រទេស​កម្ពុជា ក្រុមប្រឹក្សា​របស់​ទីភ្នាក់ងា​របាំ​រាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) នឹងសិក្សាស្វែងយល់និង​វាយតម្លៃ​អំពី​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ផ្តោតជាសំខាន់​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដូចជា​ប្រព័ន្ធធារាសាស្ត្រ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​កាសែត កោះ​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​ ក្នុង​ខែកុម្ភៈ CDC​ចេញ វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន វិនិយោគ​មាន​តម្លៃ​ជាង ៧០០​លាន​ដុល្លារ៖ ក្នុង​រយៈពេល​ពេញ​មួយ​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង ៧៥៧​លាន​ដុល្លារ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រាប់​ម៉ឺន​នាក់​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចុង​ក្រោយ​គឺ​សាព័ត៌មាន​Sabay News បាន​ចេញ​ផ្សាយ​អំពី ទុន​វិនិយោគ​លើវិស័យ​សំណង់កើនឡើង​ជាង ១៧០​% ក្នុង​ខែ​មករា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន៖ រដ្ឋមន្ត្រីក្រ​សួង​ដែន​ដី​ឲ្យ​ដឹងថា​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទំហំទុន​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ជាង​៤៣​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ហ៊ុនសាង​សង់ និង​សិក្សា​គម្រោង​មានអាជ្ញាប័ណ្ណ​មាន​ចំនួនជាង​ពីរពាន់​ក្រុម​ហ៊ុន។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ៖ ជួប ស្រីរ័ត្ន

X
5s