អចលនទ្រព្យវៀតណាម កំពុងស្រូបយកវិនិយោគិនចិននិងជប៉ុន
វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានបន្តមានភាពរឹងមាំក្នុងឋានៈជាសេដ្ឋកិច្ចខ្លាបីឆ្នាំជាប់ៗគ្នា និងបានស្រូបយកអ្នកវិនិយោគទាំងចិន និងជប៉ុនជាមួយទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ ។
យោងតាមក្រសួងផែនការ និងបរិស្ថានវៀតណាមបានបង្ហាញថាការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យមានសរុបចំនួន៧០០លានដុល្លារនៅក្នុងគម្រោងចំនួន៦១៨។ គម្រោងថ្មីចំនួន៣៩ត្រូវបានអនុម័ត ហើយភ្នាក់ងារអចលនទ្រព្យចំនួន២,២៧៩ត្រូវបានផ្តល់អាជ្ញាប័ណ្ណដែលនេះតំណាងឲ្យការកើនឡើងជិត៧០ភាគរយបើធៀបនឹងឆ្នាំមុនៗកន្លងមក ។
វិនិយោគិនសិង្ហបុរី ហុងកុង និងតៃវ៉ាន់គឺជាអ្នកទិញអចលនទ្រព្យអាផាតមេនមានសេវាកម្មថែទាំ (service apartment) និងខុនដូច្រើនជាងគេក្នុងអត្រារហូតដល់ទៅ៧៥ភាគរយនៃទីផ្សារទិញហើយដាក់ជួល។
ក្រុមហ៊ុន Kajima របស់ជប៉ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Indochina Capital ដែលមានមូលដ្ឋាននៅទីក្រុងហាណូយនឹងធ្វើការវិនិយោគលើគម្រោងប្រកបដោយសក្តានុពលចំនួន ៥០ ក្នុងរយៈពេល ១០ ឆ្នាំ ដែលនឹងរួមបញ្ចូលនូវ អាផាតមេន សណ្ឋាគារ និងអគារការិយាល័យ ។
ក្រៅពីនោះមានក្រុមហ៊ុនជប៉ុនផ្សេងទៀតដូចជា Creed Group, Tokyu, Hankyu Realty, Nishi-Nippon Railroad និង Sanyo Homes ដែលបាន និងកំពុងវិនិយោគ ក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកលូតលាស់របស់ប្រទេសវៀតណាម ។
គួរបញ្ជាក់ផងដែរថាអ្នកវិនិយោគទុនបរទេសមិនមែនគ្រាន់តែចូលមកវៀតណាមដើម្បីបង្កើតប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានប្តេជ្ញារក្សាទុនរបស់ពួកគេនៅទីនេះទៀត ពោលគឺពួកគេមានបំណងនៅទីនេះសម្រាប់រយៈពេលវែង ៕
ដៃគូសហការ៖ www.realestate.com.kh