សក្តានុពលរបស់ Go-Jek និងការប្រកួតប្រជែងជាមួយគូប្រជែងក្នុងបណ្តាប្រទេសអាស៊ាន
“Go-Jek របស់ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមសេវារបស់ខ្លួននៅក្នុងប្រទេសថៃ និងកំពុងឈានជើងបន្តក្នុងការដំណើរការអាជីវកម្មទៅប្រទេសហ្វីលីពីន” សម្តីរបស់ Nadiem Makarim ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Go-Jek។ ក្រុមហ៊ុននេះកំពុងជ្រៀតខ្លួនចូលទីផ្សារឲ្យបានកាន់តែច្រើនក្នុងគោលបំណងប្រជែងជាមួយនឹង Grab។ លោកបានបន្ថែមទៀតថា “Go-Jek” ជាពាក្យលេងមួយប្រើនៅក្នុងឥណ្ឌូនេស៊ីសម្រាប់សំគាល់លើម៉ូតូឌុប ដោយឡែកពេលឈានជើងចូលក្នុងទីផ្សារប្រទេសថៃគេបានជ្រកក្រោមឈ្មោះយីហោ “GET” និងមានវត្តមាននៅប្រទេសហ្វីលីពីនតាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech)។
ការឈានជើងចូលក្នុងទីផ្សាររបស់ Go-Jek និង Grab បានធ្វើឲ្យមានការកើនឡើងនូវចំនូលរាប់ពាន់លានដុល្លារ ហើយក៏មានការកើនឡើងយ៉ាងខ្លាំងលើការវិនិយោគក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដែលមនុស្សនៅក្នុងតំបន់ច្រើនជាង ៦៤០លាននាក់ងាកទៅរកការធ្វើដំណើរតាមទូរស័ព្ទដៃ (មានន័យថាប្រើ app ដើម្បីកក់និងហៅតាក់ស៊ីក៏ដូចជាម៉ូតូឌុបក្នុងការធ្វើដំណើរ) ការទិញទំនិញតាមប្រព័ន្ធឌីជីថល និងការទូទាត់នានាលើទីផ្សារ។ កាលពីដើមខែនេះប្រភពមួយបានប្រាប់ទៅសារព័ត៌មាន Reuters ថា តម្លៃក្រុមហ៊ុន Go-Jek បានកើនដល់ទៅ ១០ពាន់លានដុល្លារបន្ទាប់ពីការដាក់ទុន ១ពាន់លានដុល្លារពី Tencent Holdings Ltd JD.com Inc និង Alphabet Inc's Google.
Go-Jek ចាប់ផ្តើមសេវាកម្មនៅក្នុងប្រទេសថៃដើម្បីប្រជែងជាមួយ Grab
Go-Jek បានផ្សព្វផ្សាយខ្លួនលើទីផ្សារអន្តរជាតិនិងឈានជើងចូលប្រទេសថៃក្នុងឆ្នាំ ២០១៨ កាលពីឆ្នាំមុនដោយប្រើឈ្មោះថា GET។ តែទោះជាយ៉ាងណា Go-Jek ត្រូវទទួលបរាជ័យក្នុងការពង្រីកខ្លួនទៅក្នុងទីផ្សារហ្វីលីពីនកាលពីខែមុន។ Go-Jek បានធ្វើការប្រកាសជាបន្តបន្ទាប់ចំពោះការទិញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Coins.ph ដោយប្រើប្រាស់នូវសេវាកាបូបលុយអេឡិចត្រូនិច និងប្រាក់បញ្ញើ ដែលមានអ្នកប្រើប្រាស់មិនតិចជាង ៥លាននាក់។
នៅក្នុងឆ្នាំ ២០១១ Go-Jek បានវិវត្តខ្លួនពីសេវារត់ឌុបដឹកអ្នកដំណើរធម្មតា ទៅជា one-stop app ដែលមានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាកក់ និងបង្កើតជាការទូទាត់លើផលិតផលនិងសេវាកម្មច្រើនមុខដូចជា អាហារ និងសេវាកម្មម៉ាស្សាជាដើម។
បន្ថែមពីនេះក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសវៀតណាម និងសាកល្បងជាលើកដំបូងនៅសឹង្ហបុរី និងថៃកាលពីចុងឆ្នាំមុន។ ក្នុងប្រទេសថៃ Go-Jek ផ្តល់សេវាតាក់ស៊ី និងការដឹកជញ្ជូនម្ហូបអាហារនិងទំនិញដទៃទៀតដែលនឹងផ្តល់ឲ្យជាសេវាកម្មទូទាត់ឆាប់ៗនេះ បើតាមការឲ្យដឹងពីនាយកប្រតិបត្តិនៅថៃលោក Pinya Nittayakasetwat។
អ្នករួមទុនលោក Kewin Aluwi បានប្រាប់ថា Go-Jek បានធ្វើការវាយតម្លៃនៅទីផ្សារអាស៊ីអាគ្នេយ៍រួមបញ្ចូលទាំងប្រទេសម៉ាឡេស៊ី ហើយលោកក៏បានធ្វើការបដិសេធមិនបកស្រាយចំពោះសំនួរដែលចោទសួរពីគម្រោងពង្រីកទីផ្សារទៅកាន់ប្រទេសម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ Bangkok Post