ឧកញ៉ា គួច ផេង៖ កង្វះដើមទុននៅតែជាបញ្ហាសម្រាប់សហគ្រិនក្នុងការពង្រីកអាជីវកម្ម​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា ថា កង្វះហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា នៅតែមានបញ្ហាប្រឈម ដល់ការផលិតផលិតផលក្នុងស្រុកឲ្យបានច្រើន។ លោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សហគ្រិនវ័យក្មេងកម្ពុជាជាច្រើន បានខិតខំបង្កើតអាជីវកម្ម និងកែច្នៃអាជីវកម្មរបស់ខ្លួនបានល្អមួយកម្រិត បើធៀបនឹងប៉ុន្មានឆ្នាំមុន។ ក៏ប៉ុន្តែបញ្ហាប្រឈម នៅតែកើតឡើង ចំពោះសហគ្រិនវ័យក្មេង ដោយសារមិនមានទុនគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្ម ហើយមានធនាគារតិចណាស់ ដែលអាចផ្ដល់កម្ចីទៅពួកគាត់ ដោយមិនទាមទារយកទ្រព្យបញ្ចាំ។ លោកឧកញ៉ា បន្តថា ក្រៅពីកង្វះហិរញ្ញវត្ថុសម្រាប់អាជីវកម្មហើយនោះ បញ្ហាប្រព័ន្ធគ្រប់គ្រង ក៏ជាកត្តាប្រឈមមួយ សម្រាប់សហគ្រិនកម្ពុជាដែរ ដូចនេះហើយយើងក៏ត្រូវការទាមទារ ឲ្យមានការជួយជ្រោមជ្រែង ពីបណ្ដាស្ថាប័នជាតិ និងអន្តរជាតិដែលមានជំនាញសម្រាប់បណ្ដុះបណ្ដាលដល់សហគ្រិននានា។ លោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកា ក្រុមហ៊ុនផលិតនំស្រួលលីលី និងជាអតីតប្រធាន សមាគមសហគ្រិនស្ត្រីកម្ពុជា បានឲ្យដឹងថា អាជីវកម្មរបស់សហគ្រិនស្ត្រីមួយចំនួន បាន ដំណើរការល្អទៅមុខ ហើយចង់ពង្រីកឲ្យធំធាត់បន្ថែមទៀត ប៉ុន្តែការរារាំងមិនអាចឲ្យពង្រីកបាននោះ គឺហិរញ្ញវត្ថុតែម្ដងអ៊ីចឹងហើយ ពួកគាត់ក៏បានងាកមកពង្រីកបន្តិចម្ដងៗទៅតាមធនធានដែលខ្លួនមាន។ លោកឧកញ៉ាបន្តថា បើសិនជាដំណើរការធនាគារ SME របស់រាជរដ្ឋាភិបាលចេញជាផ្លែផ្កាលឿននោះ បញ្ហាសម្រាប់សហគ្រិនទៅលើការពង្រីក អាជីវកម្មអាចនឹងកាត់បន្ថយ ហើយសហគ្រិន ដែលខ្វះទុនតែចង់ពង្រីកអាជីវកម្មបន្ថែម អាចសរសេរសំណើរទៅកាន់ធនាគារ ដើម្បីយកហិរញ្ញវត្ថុមកពង្រីកអាជីវកម្មរបស់ខ្លួនបាន។ គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺន សហគ្រាសនៅក្នុងប្រទេសកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៩,៨ភាគរយ ដែលបានផ្ដល់ការងារសរុបប្រមាណ៧០ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕ អត្ថបទ៖ ស្រីពេជ្រ
X
5s