តោះទៅមើល និតិវិធីក្នុងការធ្វើអាជីវកម្មក្នុងបណ្ដាប្រទេសអាស៊ានទាំង ១០​



ប្រទេសអាស៊ីអាគ្នេយ៏ គឺជាទីផ្សារមួយកំពុងមានការរីកចម្រើនសំរាប់ការធ្វើអាជីវកម្ម។ ប៉ុន្តែនៅមានសក្ដានុពលជាច្រើនទៀត ក្នុងនោះរួមមានទាំងតំរូវការអ្នកប្រើប្រាស់ និងទីផ្សារការងារ ។ ក្នុងបណ្ដាលប្រទេសអាស៊ីដែលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of Southeast Asian Nations) គឺជាតំបន់ដែលមានការចាប់អារម្មណ៏ និងមានសក្ដានុពលខ្លាំង ហើយកំពុងមានបណ្ដាអ្នកវិនិយោគជាច្រើនបានមកធ្វើការវិនិយោគទាញយកផលចំណេញពីការវិនិយោគរបស់ពួកគេ។ ដើម្បីទទួលបានភាពជោគជ័យក្នុងការធ្វើអាជីវកម្ម ជាដំបូងអ្នកវិនិយោគទាំងអស់នោះត្រូវយល់ដឹងអោយច្បាស់ពី ច្បាប់ និតិវិធី និងលក្ខខណ្ឌនានាក្នុងប្រទេសដែលខ្លួនចង់ធ្វើការវិនិយោគជាមុនសិនដូចជា ដំណើរការក្នុងការបង្កើតអាជីវកម្ម ដំណើរការផ្នែកឥណទាន លក្ខខណ្ឌក្នុងការសាងសង់ និតិវិធីចុះបញ្ចីអចលនៈទ្រព្យ និងច្បាប់ពន្ធដារផ្សេងៗ ។ កត្តាទាំងអស់នេះវាអាចជាឧបសគ្គសំរាប់អ្នកវិនិយោគមួយចំនួន ប៉ុន្តែវាជាជំហានមួយដ៏មានសារៈសំខាន់ក្នុងការបញ្ចៀសនូវហានិភ័យក្នុងការបង្កើតអាជីវកម្មក្រៅប្រទេសទាំងនោះ។ អ្នកវិនិយោគទាំងអស់អាចធ្វើការស្រាវជ្រាវជាមុននូវដំណើរការបង្កើតអាជីវកម្ម ដែលបានផ្សព្វផ្សាយជាសាធារណៈដោយសមាជិករបស់ធនាគារពិភពលោក ដែលមានឈ្មោះថា ការធ្វើអាជីវកម្មក្នុងឆ្នាំ 2017 (Doing Business 2017) ។ ខាងក្រោមនេះជានិតិវិធីខ្លះៗក្នុងការធ្វើអាជីវកម្មក្នុងបណ្ដាប្រទេសដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៖ ១) ប្រទេសសិង្ហបុរី (Singapore)៖ ជាប្រទេសដែលមានចំណាត់ថ្នាក់លំដាប់កំពូលនៅអាស៊ាន ក្នុងអាជីវកម្ម ដោយឈរនៅលេខរៀងលំដាប់ទី ២ ក្នុងចំណាត់ថ្នាក់ពិភពលោកក្នុងប្រទេសអាស៊ាន។ ប្រទេសសិង្ហបុរី ជាប្រទេសដីកោះមួយដែលមានការរឹតបន្តឹងខ្លាំងដើម្បីទទួលបានសិទ្ធិក្នុងការសាងសង់ ការចុះបញ្ចីអចលនៈទ្រព្យ និងការបង់ពន្ធបើធៀបនឹងឆ្នាំមុនៗ ។ រាជរដ្ឋាភិបាលរបស់ប្រទេសនេះបានដោះស្រាយបញ្ហាដែលទាក់ទងនឹងសិទ្ធិក្នុងការសាងសងឲ្យកាន់តែមានភាពងាយស្រួលឡើងៗ ព្រមទាំងបានបង្កើននូវសេវាកម្មចម្រុះសម្រាប់អាជីវកម្មលើបណ្ដាញអ៊ីនធឺណេតតែមួយ (One-Stop online Shop) របស់ប្រទេសនេះ ហើយបានធ្វើឲ្យប្រទេសខ្លួនមានការកើនឡើងនៅចំណាត់ថ្នាក់ទី ១៤ បើធៀបនឹងចំណាត់ថ្នាក់ទី ២៤ ក្នុងឆ្នាំ ២០១៦ ។ ២) ប្រទេសម៉ាឡេស៊ី (Malaysia)៖ ជាប្រទេសដែលឈរនៅលេខរៀងទី ២៣ ក្នុងចំណាត់ថ្នាក់ពិភពលោកដោយធ្លាក់មួយលេខពីឆ្នាំមុន ដោយសារតែមានការរឹតបណ្ដឹង ដាក់កំហិតផ្សេងៗពីរដ្ឋាភិបាលក្នុងការបង្កើតអាជីវកម្មក្នុងប្រទេសនេះ។ ប្រទេសម៉ាឡេស៊ីមានចំណាត់ថ្នាក់ធ្លាក់ចុះខ្លាំងពីលេខរៀងទី ៥៣ មក ៥៩ ក្នុងផ្នែកអាជីវកម្ម ដោយសាររដ្ឋាភិបាលតំរូវឲ្យក្រុមហ៊ុនទាំងអស់ត្រូវមានចំណូលប្រចាំឆ្នាំយ៉ាងតិចពី RM 500,000 (ហាសិបមម៉ឺនរីងហ្គីត) (ដែលស្មើប្រមាណ 119,000 ដុល្លារអាមេរិក) ដើម្បីចុះបញ្ចីពន្ធដារក្នុងប្រទេសនេះ។ ទោះជាយ៉ាងនេះក្ដី ក៏ប្រទេសដែលស្ថិតនៅខាងជើងប្រទេសសិង្ហបុរីមួយនេះបានបង្ហាញពីការអភិវឌ្ឍផ្នែកផ្សេងៗជាច្រើនផងដែល ដូចជាការផ្ដល់ឥណទាន និងការបង់ពន្ធ ដោយធ្វើឲ្យការដាក់ស្នើកម្ចីឥណទានមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងបានអនុគ្រោះពន្ធលើការលក់ផលិតផល និងសេវាកម្ម ហើយនឹងការបង្កើតនូវការបង់ពន្ធតាមអនឡាញជាដើម។ ៣) ប្រទេសថៃ (Thailand)៖ បើទោះណាជាថ្មីៗនេះមានភាពចលាចលផ្នែកនយោបាយក្នុងប្រទេសក៏ដោយ ក៏ចំណាត់ថ្នាក់ក្នុងលេខរៀងទី ៤៦ កាលពីឆ្នាំមុនរបស់ប្រទេសថៃគ្មានការប្រែប្រួលដែរ។ រាជរដ្ឋាភិបាលរបស់ប្រទេសសមាជិកអាស៊ានមួយនេះបានធ្វើកំណែទំរង់ជាច្រើនក្នុងតំបន់មួយចំនួនរបស់ខ្លួន។ បច្ចុប្បន្នសំរាប់អ្នកវិនិយោគដែលមានបំណងចង់បង្កើតអាជីវកម្មក្នុងប្រទេសថៃ គឺកាន់តែមានភាពងាយស្រួល ដោយសាររដ្ឋាភិបាលថៃបានបង្កើតឲ្យមានលក្ខណៈងាយស្រួលក្នុងការបង់ប្រាក់ដើម្បីចុះបញ្ចីពាណិជ្ចកម្ម និងកាត់បន្ថយពេលវេលាដើម្បីទទួលបាននូវការអនុញាតក្នុងការបង្កើតអាជីវកម្មក្នុងប្រទេសថៃ ។ សំរាប់ការទទួលបានកម្ចីក៏កាន់តែមានភាពងាយស្រួល ព្រោះរដ្ឋាភិបាលថៃបានធ្វើឲ្យមានភាពល្អប្រសើរឡើងក្នុងការចូលមើលនូវព័ត៌មានដែលទាក់ទងនឹងឥណទានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ។ ប្រទេសថៃក៏បានធ្វើការដោះស្រាយផងដែលនូវការសងបំណុលទៅរដ្ឋវិញឲ្យកាន់តែមានភាពងាយស្រួល ដោយបានបង្កើតនូវវិធីសាស្ដ្រដើម្បីទូទាត់សងបំណុលថ្មីផ្សេងៗទៅដល់ក្រុមហ៊ុនតូច និងមធ្យម។ ៤) ប្រទេសព្រុយណេ (Brunei)៖ ជាប្រទេសមានផ្ទៃដីតូច ស្ថិតនៅលើកោះ Borneo និងមានចំណាត់ថ្នាក់កើនឡើងមកលេខ ៧២ ក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុនគឺមានចំណាត់ថ្នាក់ទី ៩៧ ។ ប្រទេសព្រុយណេបានធ្វើការបង្កើននូវផ្នែកគុណភាព និងប្រសិទ្ធភាពដល់បណ្ដាក្រុមហ៊ុននានា ដើម្បីទទួលបាននូវអគ្គិសនីប្រើប្រាស់ក្នុងក្រុមហ៊ុនទាំងនោះ ។ រដ្ឋាភិបាលព្រុយណេ បានធ្វើការអនុវត្តនូវយុទ្ធសាស្ត្រជាច្រើនដើម្បីការពារបណ្ដាអ្នកវិនិយោគតូចៗ និងពង្រឹងនូវវិធីសាស្រ្តផ្សេងៗក្នុងការទូទាត់ដោះស្រាយបំណុល ។ ក្រៅពីនេះវាកាន់តែមានភាពងាយស្រួលក្នុងការទទួលបាននូវកម្ចី ការបង់ពន្ធ និងការធ្វើពាណិជ្ចកម្មតាមបណ្ដោយព្រុំដែន ក៏ព្រោះតែការធ្វើកំណែទំរង់របស់រដ្ឋាភិបាលទាំងអស់នេះឯង ។ ៥) ប្រទេសឥណ្ឌូនេស៊ី (Indonesia)៖ ជាប្រទេសធំជាងគេក្នុងបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន និងមានការរីកចម្រើនខ្លាំងតាំងពីឆ្នាំ ២០១៧ ដោយមានចំណាត់ថ្នាក់កើនឡើង ១៦ លេខពីឆ្នាំមុន មកត្រឹមចំណាត់ថ្នាក់ទី ៩១ ក្នុងឆ្នាំនេះ ។ រាជរដ្ឋាភិបាលរបស់ប្រទេសនេះបានធ្វើកំណែទំរង់សំខាន់ៗជាច្រើនសំរាប់បណ្ដាអ្នកវិនិយោគដែលចង់ធ្វើការវិនិយោគក្នុងប្រទេសនេះ ដោយការបង្កើតនូវប្រព័ន្ធទំរង់តែមួយក្នុងការដាក់ស្នើសុំលិខិតចុះបញ្ចី និងអាជ្ញាប័ណ្ណពាណិជ្ជកម្ម ដោយបានលុបចោលនូវតំរូវការក្នុងការដាក់ទុនមួយចំនួនដល់អាជីវកម្មខ្នាតតូច និងមធ្យម និងជំរុញឲ្យមានការប្រើប្រាស់នូវប្រព័ន្ធលើបណ្ដាញអ៊ីនធឺណេតដើម្បីចុះឈ្មោះក្រុមហ៊ុន។ ក្រៅពីនេះពេលវេលាក្នុងការទទួលបាននូវបណ្ដាញអគ្គីសនីប្រើប្រាស់គឺមានភាពប្រសើរជាងមុន ការបង់ពន្ធបច្ចុប្បន្នក៏កាន់តែងាយស្រួលតាមរយៈការបង់ពន្ធតាមប្រព័ន្ធអនឡាញ និងការធ្វើពាណិជ្ចកម្មតាមច្រកព្រំដែនកាន់តែមានភាពងាយស្រួល។ ៦) ប្រទេសហ្វីលីពីន (Philippines)៖ ហ្វីលីពីនជាប្រទេសដែលមានចំណាត់ថ្នាក់ទី ៩៩ ដែលគ្មានការប្រែប្រួលអ្វីនោះទេពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលបានធ្វើកំណែទំរង់ទៅលើកត្តាពីរធំៗ គឺសិទ្ធិក្នុងការសាងសង និងការបង់ពន្ធផ្សេងៗ ។ បច្ចុប្បន្នការទទួលបាននូវសិទ្ធសាងសង គឺកាន់តែងាយស្រួលដោយសារការបង្កើនការសំរួលនូវនិតិវិធីសាងសង់នានារបស់ប្រទេសនេះ ។ ប្រទេសហ្វីលីពីនជាប្រទេសមួយដែលធ្វើឲ្យបណ្ដាអ្នកវិនិយោគមានភាពធូរស្រាលដើម្បីកាត់បន្ថយការចំណាយបង់ពន្ធ ដោយសារតែមាននូវប្រព័ន្ធសំរាប់បំពេញ និងបង់ថ្លៃផ្នែកសុខភាពលើអនឡាញ រួមទាំងការបង់ពន្ធលើប្រាក់ចំនេញ និងការកាត់កងថ្លៃអាករលើតំលៃបន្ថែមលើអនឡាញរបស់ប្រទេសនេះ ។ ៧) ប្រទេសវៀតណាម (Vietnam)៖ ប្រទេសវៀតណាមមានចំណាត់ថ្នាក់ទី ៨២ ក្នុងចំណោមបណ្ដាប្រទេសសេដ្ឋកិច្ចពិភពលោកទាំង ១៩០ ប្រទេស ដែលមានចំណាត់ថ្នាក់កើនឡើងពីឆ្នាំមុនក្នុងចំណាត់ថ្នាក់ទី ៩១ ក្នុងចំណោមប្រទេសក្នុងអាស៊ាន ។ ទោះជាយ៉ាងណាក៏ដោយការបង្កើតអាជីវកម្មក្នុងប្រទេសវៀតណាមគឺមានការលំបាក ។ ជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងជាប្រទេសដែលមានសក្ដានុពលក្នុងការធ្វើអាជីវកម្ម ក៏ព្រោះតែប្រទេសនេះផ្ដល់ឲ្យដល់អ្នកវិនិយោគដូចជា បង្កើនការការពារដល់បណ្ដាអ្នកវិនិយោគតូចៗ ដោយធ្វើឲ្យកាន់តែមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្ដឹងលើបណ្ដាប្រធានក្រុមហ៊ុនក្នុងករណីមានការកេងបន្លំរវាងភាគគីដែលពាក់ព័ន្ធ បង្កើននូវសិទ្ធិ និងច្បាប់ដល់ម្ចាស់ភាគហ៊ុនក្នុងការធ្វើសេចក្ដីសំរេចផ្សេងៗ បង្កើននូវភាពជាម្ចាស់ និងគ្រប់គ្រងរចនាសម្ពន្ធក្នុងក្រុមហ៊ុន ព្រមទាំងបានពង្រឹងឲ្យមាននូវតម្លាភាព និងភាពស្មោះត្រង់រវាងគ្នានឹងគ្នាក្នុងភាគគីដែលពាក់ព័ន្ធ ។ លើសពីនេះទៅទៀត ប្រទេសវៀតណាមបានធ្វើឲ្យការនាំចេញ និងការនាំចូលតាមព្រំដែនកាន់តែមានការងាយស្រួលដោយការអនុវត្តនូវប្រព័ន្ធបង់ពន្ធតាមបច្ចេកវិទ្យាអេឡិចត្រូនិច ។ ៨) ប្រទេសកម្ពុជា (Cambodia)៖ ប្រទេសកម្ពុជាមានចំណាត់ទី ១៣១ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចទាំង ១៩០ ដែលមានការធ្លាក់ចុះចំណាត់ថ្នាក់ទី ១២៨ ពីឆ្នាំមុន។ ដើម្បីទទួលបាននូវការអភិវឌ្ឍរីកចំរើនទៅមុខ ប្រទេសកម្ពុជាចាំបាច់ត្រូវតែបង្កើតឲ្យកាន់តែមានភាពងាយស្រួលក្នុងការបង្កើតអាជីវកម្ម ដើម្បីជួយបង្កើនឲ្យមានការវិនិយោគបន្ថែមទៀត ដែលនឹងជួយពន្លឿនសេដ្ឋកិច្ចក្នុងប្រទេស និងអាចជួយបង្កើតឲ្យមាននូវការងារដែលទទួលបានប្រាក់កំរៃខ្ពស់។ ក្នុងសនិ្នសីទសារព័ត៌មានដែលបានចេញផ្សាយដោយធនាគារពិភពលោក លោក Inguna Dobraja ដែលជាអ្នកគ្រប់គ្រងក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងបង្កើនឲ្យមានការបង្កើតអាជីវកម្មកាន់តែប្រសើរឡើងជាងមុន ។ កំណែទំរង់ដែលប្រទេសកម្ពុជាបានខិតខំអនុវត្តនោះ គឺការជួយបង្កើតឲ្យមាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលនឹងជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន និងជួយឲ្យពួកគេចាកចេញពីភាពក្រីក្រ ។ ៩) ប្រទេសឡាវ (Lao PDR)៖ ក្នុងចំណោមប្រទេសទាំង ១៩០ ប្រទេសឡាវមានចំណាត់ថ្នាក់ទី ១៣៩ ហើយមានលក្ខខណ្ឌកាន់តែប្រសើរក្នុងការបង្កើតអាជីវកម្ម ដោយសារបានកាត់បន្ថយនូវពេលវេលាក្នុងដំណើរការបង្កើតអាជីវកម្មក្នុងប្រទេសនេះ ព្រោះការអនុវត្តនិតិវិធីបង្កើតអាជីវកម្មមានលក្ខណៈសាមញ្ញងាយស្រួលដើម្បីទទួលបាននូវអាជ្ញាប័ណ្ណ និងការចុះឈ្មោះក្រុមហ៊ុន ។ បច្ចុប្បន្នប្រទេសឡាវបានអនុវត្តនូវនិតិវិធីដែលមាន ៨ ចំណុច និង ៦៧ ថ្ងៃ ដើម្បីបង្កើតអាជីវកម្មក្នុងប្រទេសខ្លួន ។ ប្រទេសឡាវបានធ្វើការពង្រឹងនូវនិតិវិធីជាច្រើន ដោយបានធ្វើការអនុវត្តនូវប្រព័ន្ធកត់ត្រាទិន្នន័យប្រចាំឆ្នាំក្នុងការបង្អាក់ដំណើរការអាជីវកម្ម ។ ១០) ប្រទេសមីយ៉ានម៉ា (Myanmar)៖ ក្នុងឆ្នាំនេះ ប្រទេសមីយ៉ានម៉ាមានចំណាត់ថ្នាក់កើនឡើងមួយលេខ គឺពី ១៧១ មកត្រឹមចំណាត់ថ្នាក់ទី ១៧០ ។ មីយ៉ានម៉ាជាប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេក្នុងចំណោមប្រទេសក្នុងសមាគមអាស៊ានលើវិស័យពាណិជ្ចកម្ម ប៉ុន្តែរាជរដ្ឋាភិបាលប្រទេសនេះបានពង្រឹងនូវកំណែទំរង់ជាច្រើនផងដែរមានដូចជា បានកាត់បន្ថយនូវនិតិវិធីជាច្រើនក្នុងការប្រកបអាជីវកម្ម និងបានបង្កើននូវប្រព័ន្ធព័ត៌មានឥណទានរបស់ប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសមីយ៉ាន់ម៉ាបានធ្វើការដកនូវតំរូវការក្នុងការដាក់លិខិតគតិយុទ្ធ និងវិញ្ញាបនប័ត្របញ្ចាក់បទល្មើសដើម្បីបង្កើតអាជីវកម្ម ។ ដើម្បីដំណើរការអាជីវកម្មក្នុងប្រទេសមីយ៉ាន់ម៉ាបាន គឺតំរូវអោយអ្នកវិនិយោគគិនទាំងអស់ត្រូវអនុវត្តនូវនិតិវិធីទាំង ១១ ចំណុច ដែលមានរយៈពេល ១៣ ថ្ងៃជាង ។ ខណៈដែលការកាត់បន្ថយនូវនិតិវិធីផ្សេងៗក្នុងការបង្កើតអាជីវកម្មត្រូវបានគេរំពឹងថា អាចជួយពន្លឿននូវកំណើនសេដ្ឋកិច្ចក្នុងប្រទេសតំបន់អាស៊ានយ៉ាងណាក៏ដោយ ក៏ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅមានភាពមិនស្មើគ្នារវាងប្រទេសជិតខាង មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ព្រមទាំងប្រទេសសេកិច្ចអាស៊ានផ្សេងទៀតដូចជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អាចនៅមានភាពខុសគ្នាកាន់តែខ្លាំងឡើងៗនៅឡើយ ។ ប្រសិនបើការអភិវឌ្ឍផ្នែកសេដ្ធកិច្ចនេះនៅបន្តមានភាពខុសគ្នាខ្លាំងនោះ វាអាចមានផលប៉ះពាល់ច្រើនដល់ដំណើរការសមាហរណកម្មសេដ្ធកិច្ចក្នុងតំបន់អាស៊ាន ។ ដើម្បីធ្វើអោយមានភាពដើរទន្ទឹមគ្នានឹងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរវាងប្រទេសជិតខាងមានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចាំបាច់ត្រូវបង្កើនការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ និតិវិធីផ្សេងៗ ធនធានមនុស្ស ភាពត្រឹមត្រូវនូវគោលនយោបាយសេដ្ឋកិច្ច និងស្ថេរភាពនយោបាយជាដើម ។ ហើយដើម្បីសំរេចបាននូវកត្តាទាំងអស់នេះបាន ប្រទេសជិតខាងមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបង្កើនការធ្វើពាណិជ្ចកម្ម និងទាញប្រយោជន៍ឲ្យបានពេញលេញនូវសក្ដានុពលក្នុងប្រទេសខ្លួន៕
X
5s