គម្រោងផ្លូវក្រវាត់ក្រុងទី៣ប្រវែងជិត៥៣គីឡូម៉ែត្រគ្រោងចំណាយថវិកាសាងសង់២៧៣លានដុល្លាអាមេរិក
កាលពីពេលថ្មីៗកន្លងទៅនេះក្រសួងសាធារណៈការនឹងដឹកជញ្ជូន បានបង្ហាញនូវគម្រូផ្លូវក្រវាត់ក្រុងទី៣ដែលមានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ (ជិត ៥៣គីឡូម៉ែត្រ) ដែលនឹងគ្រោងចំណាយថវិកាក្នុងការសាងសង់ប្រមាណជា ២៧៣លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ផ្លូវក្រវាត់ក្រុងទី៣នេះ តភ្ជាប់ចាប់ពីផ្លូវជាតិលេខ៦ កាត់តាមមហាវិថីឈ្នះឈ្នះ និងស្ពានព្រែកព្នៅ ឆ្លងកាត់ផ្លូវ និងស្ពាន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលដូចខាងក្រោម៖ -ផ្លូវជាតិលេខ៤ (ភ្នំពេញ) (ស្ពានអាកាស) -ផ្លូវជាតិលេខ៣ (ភ្នំពេញ) (ស្ពានអាកាស) -ផ្លូវជាតិលេខ២ (ភ្នំពេញ) (ស្ពានអាកាស) -ផ្លូវជាតិលេខ២១ (កណ្តាល) (ស្ពានអាកាស) -ផ្លូវជាតិលេខ២១A (កណ្តាល) -ស្ពានបាសាក់ (កណ្តាល) (គម្រោងសាងសង់ស្ពានចំនួន២ ប្រវែងសរុប ៩៩០ម៉ែត្រ) -ផ្លូវលេខ១១០ (កណ្តាល) -ភ្ជាប់ផ្លូវជាតិលេខ១ (កណ្តាល)។
ផ្លូវក្រវាត់នេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន (ប្រវែង ២,៨គីឡូម៉ែត្រ) និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ (ប្រវែង ៤៤,៨គីឡូម៉ែត្រ) ដោយមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ សម្រាប់ទីប្រជុំជន ផ្លូវនេះមាន៤គន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ (២ទៅ២មក) ដោយគន្លងនីមួយៗមានទទឹង ៣,៥ម៉ែត្រ និង២គន្លងសម្រាប់ម៉ូតូ (១ទៅ១មក) ដោយគន្លងនីមួយៗមានទទឹង ២,២៥ម៉ែត្រ ព្រមទាំងខឿន និងសួនពុះចែកទ្រូងផ្លូវ មានទំហំទទឹង ៣,៥ម៉ែត្រ និងផ្លូវថ្មើរជើងសងខាង ២,២៥ម៉ែត្រ។
សម្រាប់ក្រៅទីប្រជុំជន៖ ផ្លូវនេះមាន ៤គន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ (២ទៅ២មក) ដោយគន្លងនីមួយៗមានទទឹង ៣,៥ម៉ែត្រ និង២គន្លងសម្រាប់ម៉ូតូ (១ទៅ១មក) ដោយគន្លងនីមួយៗមានទទឹង ២,២៥ម៉ែត្រ ព្រមទាំងខឿន និងសួនពុះចែកទ្រូងផ្លូវ មានទំហំទទឹង ៣,៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ១,៥ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ការសាងសង់នេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈពេលសាងសង់ចំនួន ៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕
ប្រភព៖ Kley Kley News
ដោយ៖ ជួប ស្រីរ័ត្ន