វិនិយោគិនចិនបោះទុន ១៥០លានដុល្លារបន្ថែមទៀតសាងសង់រោងចក្រ Nike​ នៅកម្ពុជា​



កាលពីថ្ងៃពុធទី៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមហ៊ុនសិនចូវអ៊ីនធឺណាសិនណលគ្រុប (Shenzhou International Group) បានប្រារព្ធពិធីបុកគ្រឹះរោងចក្រទីពីររបស់ខ្លួនមួយដែលរោងចក្រនេះផ្តោតសំខាន់ទៅលើការផលិតសម្ភារៈ និងផលិតផលកីឡារបស់ក្រុមហ៊ុនដ៏ល្បីមួយគឺក្រុមហ៊ុន Nike។ រោងចក្រនេះមានឈ្មោះថាសិនចូវអ៊ីនធឺណាសិនណលខេមបូឌា ម៉ាវេលហ្កាមេន (Shenzhou International Cambodian Marvel Garment) នឹងត្រូវសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលមានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសដ្ឋានអន្តរជាតិភ្នំពេញ។ ការសាងសង់រោងចក្រផលិតផលមួយនេះនឹងចំនាយអស់ទឹកប្រាក់សរុប$១៥០លានដុល្លារអាមេរិច។​

ក្រុមហ៊ុនសិនចូវអ៊ីនធឺណាសិនណលគ្រុបនេះជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើការកាត់ដេរ និងផលិតសម្លៀកបំពាក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសចិនខណៈដែលក្រុមហ៊ុននេះក៏បានដើរតួនាទីសំខាន់នៅក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលបានផលិតយីហោ Nike នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៥មកម្ល៉េះ។

តាមការបង្ហាញពីលោក ម៉ា ជៀនរុង (Ma Jianrong) អគ្គនាយកក្រុមហ៊ុននេះបានឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជាគឺជាទីតាំងផលិតមួយដ៏សំខាន់សម្រាប់រោងចក្ររបស់លោកក៏ដូចជាសម្រាប់ក្រុមហ៊ុន Nike ផ្ទាល់តែម្តង។​

លោកបានបន្ថែមទៀតដែរថាជាមួយនឹងការដំណើរការរោងចក្ររបស់លោកអស់រយៈពេលជាង១៤ឆ្នាំមកនេះលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា។ ចំនែកឯធនធានមនុស្សដែលបម្រើការនៅក្នុងរោងចក្ររបស់លោកក៏សុទ្ធតែមានជំនាញ និងការប្តេជ្ញាខ្ពស់ផងដែរ។

ជាមួយគ្នានេះផងដែរលោកក៏មានសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងថាទីផ្សារប្រទេសកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំងជាងមុន ដោយក្នុងនោះក្រុមហ៊ុនរបស់លោកនឹងព្យាយាមរួមចំណែកឱ្យអស់ពីសមត្ថភាពនៅក្នុងការជួយឱ្យកម្ពុជាអាចដើរតួជាអ្នកផ្គត់ផ្គង់ប្រេន Nike ​នេះធំបំផុតមួយនៅក្នុងតំបន់ និងក្នុងពិភពលោក៕

ដៃគូសហការ៖ realestate.com.kh

X
5s