ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាអនុម័តគោលការណ៍ក្នុងការបង្កើតគម្រោងទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន​



មួយរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តទៅលើការវិនិយោគក៏ដូចជាដាក់ឱ្យសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធមានដូចជាអគារ ស្ពាន និងផ្លូវសំខាន់ៗជាច្រើន ដែលដំណឹងទាំងនេះសុទ្ធតែជាដំណឹងល្អ និងអាចជាផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​

តួយ៉ាងកាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើសេចក្តីសម្រេចឆ្លើយតបទៅនឹងសំណើរសុំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្ម អាស៊ាន-ជប៉ុន ពីខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការមួយរៀបចំឡើងដោយទីស្តីការនាយករដ្ឋមន្ត្រី)។​

នៅក្នុងលិខិតនេះផងដែរក៏មានចំណារយល់ព្រម និងគាំទ្រដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផងដែរពាក់ព័ន្ធនឹងការស្នើសុំបង្កើតទីក្រុងនេះ។ គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនេះត្រូវបានដាក់ចេញជាគោលនយោបាយឱ្យអនុម័តដោយរដ្ឋាភិបាលជប៉ុននៅក្នុងការវិនិយោគ និងបង្កើតទីក្រុងទាំងនេះឱ្យបាននៅទូទាំងឧបទ្វីបអាស៊ីអាគ្នេយ៍ដោយក្នុងនោះមានរាជធានី រដ្ឋធានី ទីក្រុង និងខេត្តសរុបចំនួន២៦ ដែលនឹងមានសាងសង់គម្រោងនេះឡើង។​

បច្ចុប្បន្ននេះមិនមែនមានតែកម្ពុជាមួយទេដែលកំពុងសិក្សា និងអនុម័តគម្រោងទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុននេះ ប៉ុន្តែក្នុងនោះទីក្រុងហាណូយប្រទេសវៀតណាម និងទីក្រុងមេនដាឡេប្រទេសមីយ៉ាន់ម៉ាជាដើមសុទ្ធតែកំពុងមម៉ាញឹកទៅលើសិក្សា និងអនុវត្តគម្រោងនេះឱ្យចេញជារូបរាង៕

ដៃគូសហការ៖ realestate.com.kh

X
5s