ប្រធានសមាគមធានារ៉ាប់រង៖ កម្ពុជានៅមានទីផ្សារទូលាយសម្រាប់ការវិនិយោគក្នុងឧស្សាហ៍កម្មនេះ​



ប្រធានសមាគមធានារ៉ាប់រង ថាកម្ពុជានៅមានទីផ្សារធំសម្រាប់ការវិនិយោគក្នុងឧស្សាហ៍កម្មនេះ ខណៈបុព្វលាភដុល មានទំហំត្រឹមតែ ១៩៦លានដុល្លារ ស្មើនឹង១% បើធៀបនឹងGDPពលរដ្ឋសរុប ដែលមានទំហំរហូតដល់២៥ពាន់លានដុល្លារ។ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាបរងកម្ពុជា បានឲ្យដឹងតាមទូរសព្ទ័ថា ការវិនិយោគលើឧស្សហ៍កម្មធានារ៉ាប់រងនៅក្នុងទីផ្សារកម្ពុជា នៅតែមានឱកាសច្រើនសម្រាប់វិស័យនេះ បើយើងធៀបទៅនឹងGDPរបស់ពលរដ្ឋសរុប និងទំហំបុព្វលាភសរុប គឺនៅមានគំលាតឆ្ងាយ ដែលទាមទារអោយមានការវិនិយោគបន្ថែម ដើម្បីបំពេញតម្រូវការ។ លោកបន្ថែមថា បើគិតត្រឹមបំណាច់ឆមាសទី២ឆ្នាំ២០១៨នេះ បុព្វលាភដុលធានារ៉ាប់រងនៅកម្ពុជា បានកើនឡើងប្រមាណ២៥% ដោយក្នុងនោះបុព្វលាភធានារ៉ាប់រង ទូទៅ មានទំហំ៨៦.៧លានដុល្លារ កើនឡើង១៥% បុព្វលាភធានារ៉ាប់រងអាយុជីវិត មានទំហំ ១០០លានដុល្លារ កើនឡើង៤៣.៥% និងបុព្វលាភធានារ៉ាប់រងខ្នាតតូច មានទំហំ៩លានដុល្លារ កើនឡើងប្រហាក់ប្រហែលនឹងឆ្នាំមុន។ លោកបញ្ជាក់ថា ការកើនឡើងនៃបុព្វលាភដុល ក្នុងឧស្សាហ៍កម្មនេះ គឺដោយសារ កម្ពុជា អាចរក្សាបាននៅកំណើនសេដ្ឋរឹងមាន ក្នុងសន្ទស្សន៍រង្វង់ ៧% ក្នុងមួយឆ្នាំ កំណើនGDP ពលរដ្ឋក្នុងម្នាក់បានកើនឡើងដល់ប្រមាណ១៥០០ដុល្លារក្នុង១ឆ្នាំ និងកំណើននៃការវិនិយោគពីវិស័យឯកជនផ្សេងៗ ដែលធ្វើអោយតម្រូវការផ្នែកនេះ មានការកើនឡើងផងដែរ។ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឧស្សាហកម្មធានារ៉ាប់ងរបស់ប្រទេសកម្ពុជា បានមើលឃើញកំណើនកើនឡើងនៅក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ ជាមួយនឹងបុព្វលាភដុលបាន កើនឡើងពី ៣០ លានដុល្លារកាលពីឆ្នាំ ២០១១ ដល់ ១៩៦ លានដុល្លារ កាលពីចុងឆ្នាំ ២០១៨។ លោកជំទាវបញ្ជាក់ថា៖ «ខ្ញុំពេញចិត្តខ្លាំងណាស់ជាមួយនឹងកំណើនរបស់វិស័យធានារ៉ាប់រងនៅកម្ពុជា ហើយនេះឆ្លុះបញ្ចាំងពីកំណើនទំនុកចិត្តរបស់ប្រជាជនកម្ពុជាលើផលិតផលថ្មីៗ»។ គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ទឹកប្រាក់ដែលអតិថិជន បានទិញធានារ៉ាប់រងអាយុជីវិតបានកើនដល់ចំនួនសរុប ១០០ លានដុល្លារ កើនឡើងជាង៤០%បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់សមាគមធានារ៉ាប់រងកម្ពុជា៕ ដោយ៖ ស្រីពេជ្រ
X
5s