ក្រសួងដែនដី បង្ហាញរបាយការណ៍ចុះថយនៃគម្រោងសំណង់ ខណៈមន្ត្រីជំនាញ ថានឹងបន្តកើនឡើង​



ក្រសួងដែនដី បង្ហាញរបាយការណ៍ចុះថយនៃគម្រោងវិនិយោគក្នុងវិស័យសំណង់ ខណៈមន្ត្រីជំនាញ មានសុទិដ្ឋិនិយមវិជ្ជមាន សម្រាប់ការវិនិយោគលើឧស្សាហ៍កម្មនេះ ក្នុងឆ្នាំ២០១៩ ថានឹងបន្តកើនឡើង។ របាយការណ៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅខេត្ត មណ្ឌលគិរី ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ធមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ជា សុផារ៉ា បង្ហាញថា ទំហំទុនវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន ២៨៦៧គម្រោង មានផ្ទៃក្រឡាចំនួន ១១ ៤២៧ ១៩០ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៥ ២២៨ ៩៩២ ៥២២ ដុល្លារអាមេរិច មានការថយចុះចំនួន ១៨,៦៦% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំនួន ៣ ០៥២ គម្រោង លើផ្ទៃក្រឡាចំនួន ១០ ៧៤៦ ២១៩ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ានស្មានទុនវិនិយោគប្រមាណ ៦ ៤២៨ ៧៩៤ ១៧៩ ដុល្លារអាមេរិច។ របាយការណ៍ដដែលបានបង្ហាញថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ ២០១៨ មានចំនួន ២៤២០គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៤ ៦៨២ ៥៦៥ ម៉ែត្រការ៉េ មានទុនវិនិយោគ ១ ៨៣៥ ៤១៦ ៩១២ ដុល្លារ ស្មើនឹង ១៨ ៤៧១ខ្នង ចំណែកគម្រោងអគារខ្ពស់ៗចាប់បី៥ជាន់ឡើងទៅ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៨ មានចំនួន ១១០អគារ និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៨ ចំនួន ២៨ទីតាំង។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ២០១៩នេះ នៅតែមានភាពល្អប្រសើរ ខណៈគម្រោងធំៗក្នុងមួយចំនួនបាននឹងកំពុងមានវត្តមានជាបន្តបន្ទាប់ ហើយគម្រោងធំៗមួយចំនួនផ្សេងទៀត ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ និងស្នើសុំអាជ្ញាប័ណ្ណសាងសង់ផងដែរ។ ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប ក៏បានប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយបានប្រកាសបើកគម្រោងបួនទីតាំងទៀត ក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០១៩នេះផងដែរ ដើម្បីចូលរួមឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យសំណង់នៅកម្ពុជា។ ក្រៅពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ក្រុមហ៊ុនវិនិយោគដ៏ធំក្នុងស្រុក Royal Group ក៏ទើបនឹងប្រកាសបុកគ្រឹះសាងសង់ អគារពាណិជ្ជកម្មកម្ពស់ ៦២ជាន់ ក្នុងរាជធានីភ្នំពេញផងដែរ ដោយគម្រោងនេះ ស្ថិតក្រោមការវិនិយោគរួមគ្នាពីវិនិយោគិនខ្មែរ និងតៃវ៉ាន់។ គួរបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ ២០១៨នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានចេញវិញ្ញាបនបត្រប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួនសរុប ៣០១ ក្រុមហ៊ុន កើនឡើងចំនួន២៦ក្រុមហ៊ុន ស្មើនឹង៩,៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧៕ ដោយ៖ ស្រីពេជ្រ
X
5s