ប្រទេសទាំង ១០ ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការបំពាក់បំប៉នការអប់រំជំនាញសម្រាប់ពេលអនាគត
ប្រទេសហ្វាំងឡង់ ជាប់ជាប្រទេសដែលនាំមុខគេក្នុងការរៀបចំការអប់រំជំនាញសម្រាប់ពេលអនាគត នេះបើយោងតាម សន្ទស្សន៍ការអប់រំពិភលោកក្នុងពេលអនាគត (Worldwide Educating for the Future Index)។
របាយការណ៍ សន្ទស្សន៍ការអប់រំពិភលោកក្នុងពេលអនាគត (WEFI) ដែលធ្វើឡើងដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (Economist Intelligence Unit)បានធ្វើការតាមដានទៅលើគោលនយោបាយ វិធីសាស្រ្តបង្រៀន និងមជ្ឍដ្ឋានសង្គមនិងសេដ្ឋកិច្ច ទៅលើប្រទេសចំនួន ៥០។ ក្នុងរបាយការណ៍ដដែលនេះបានរកឃើញនូវប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេចំនួន ៥មានដូចជា ប្រទេស អេស៊ីប នីស៊ែរីយ៉ា អាល់ហ្សេរី អ៊ឺរ៉ង់ និងប្រទេសប៉ាគីស្ថាន។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលបានត្រៀមខ្លួនបំពាក់បំប៉នការអប់រំជំនាញសម្រាប់ពេលអនាគត៖
១) ប្រទេសហ្វាំងឡង់
២) ប្រទេសស្វីស
៣) ប្រទេសណូវែលសេឡង់
៤) ប្រទេសស៊ុយអែត
៥) ប្រទេសកាណាដា
៦) ប្រទេសហូឡង់
៧) ប្រទេសអាឡឺម៉ង់
៨) ប្រទេសសិង្ហបុរី
៩) ប្រទេសបារាំង
១០) ប្រទេសអង់គ្លេស
ផ្នែកមួយដែលអ្នកអប់រំភាគច្រើនកំពុងជួបប្រទះនោះគឺការផ្លាស់ប្ដូរដ៏លឿននៃបច្ចេកវិទ្យា ដែលតម្រូវឲ្យមានការប្រើប្រាស់ជំនាញដែលមិនមានក្នុងកម្មវិធីសិក្សាក្នុងសម័យចាស់ ដោយជំនាញទាំងនោះរួមមានដូចជា បញ្ញាផ្លូវអារម្មណ៍ ការគិតបែបឆ្នៃប្រឌិត ការសហការជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេដែលត្រូវផ្លាស់ប្ដូរបរិស្ថានថ្នាក់រៀនបែបប្រពៃណី។
ការផ្លាស់ប្ដូរដ៏លឿននៃបច្ចេកវិទ្យា ដែលគេហៅថាបដិវត្តឧស្សាហកម្ម ៤.០ គឺផ្អែកទាំងស្រុងទៅលើការអភិវឌ្ឍបច្ចេកវិទ្យា ដែលរួមមានម៉ាស៊ីនស្វ័យប្រវត្តិ បញ្ញាសម្បនិមិត្ត អ៊ីនធឺណេតភ្ជាប់ទៅអ្វីគ្រប់យ៉ាង (internet of things) ការចាក់បញ្ចូលវិទ្យាសាស្រ្តហ្សែនដោយប្រើបច្ចេកវិទ្យាខាងវិទ្យាសាស្រ្ត និងការទាញយកទិន្នន័យបានគ្រប់ពេលនិងទីកន្លែងជាដើម។
របាយការណ៍ដដែលនេះក៏បានបង្ហាញអំពីសារៈសំខាន់នៃការសិក្សាភាសានិងតួនាទីនៃបញ្ញាសម្បនិមិត្ត (AI) ជាជំនួយក្នុងការបង្រៀនក្នុងថ្នាក់។ ប៉ុន្តែរបាយការណ៍នេះក៏បានលើកឡើងអំពីធាតុផ្សំសំខាន់ៗនៃជំនាញដែលត្រូវសិក្សាក្នុងពេលអនាគតផងដែរ។
ក្នុងការសិក្សាស្រាវជ្រាវមួយដែលមានបោះពុម្ពក្នុងឆ្នាំ ២០១៦ បានបង្ហាញថា អ្នកជំនាញសហរដ្ឋអាមេរិកបានរកឃើញថាវត្តមានក្នុងក្លឹបសិក្សាគឺមានទំនាក់ទំនងជាវិជ្ជមានជាមួយនឹងលទ្ធផលសិក្សា និងសង្គម ជាពិសេសសម្រាប់សិស្សខ្សោយ។ គេបានរកឃើញថាសិស្សដែលចូលរួមក្នុងសកម្មភាពកីឡានិងសកម្មភាពផ្សេងៗមានជំនាញទំនាក់ទំនងសង្គម បញ្ញាផ្លូវអារម្មណ៍ និងអាក្បកិរិយាល្អប្រសើរជាងសិស្សដែលមិនបានចូលរួមសកម្មភាពទាំងនោះ៕
ដោយ៖ លង់ វណ្ណៈ