ជប៉ុន​ផ្ដល់​ថវិកា​ជាង​២៦​ម៉ឺន​ដុល្លា​រ ​ដល់​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន​៣​​



ថវិកា​ចំនួន​ ២៦២ ៧៥០ ​ដុល្លារ​អាមេរិក​ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​ឯកភាព​ផ្ដល់​ជូន​មក​កម្ពុជា​ លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន​៣​ ក្រោម​គ្រោង​ការណ៍​នៃ​ជំនួយ​ឧបត្ថមភ្ភ​ឥត​សំណង​សម្រាប់​គម្រោងទ្រង់​ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ជាតិ​ជំនួយ​គូសាណូណិ។

កិច្ច​សន្យា​ផ្ដល់​ជំនួយ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ ឯក​ឧត្តម​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ក្នុង​នោះ​ថវិកា​ចំនួន ៨៩១១២​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ស្ដារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្រ្ត​អូរ​ស្នូក​ខេត្ត​បន្ទាយ​មាន​ជ័យ ទឹក​ប្រាក់ ៨៨៩៣៥​ដុល្លារ​អាមេរិក សម្រាប់​គម្រោងស្ដារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បឹង​ខ្ញុំ ខេត្ត​បាត់ដំបង និង​ថវិកា​ចំនួន​ ៨៨៧០៣​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ពង្រីក​បន្ថែម​បរិក្ខា​សាលារៀន និង​ដំឡើង​សម្ភារ​បណ្ដុះ​បណ្ដាល​ក្នុង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ ខេត្ត​បាត់​ដំបង។

លោក​ ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បាត់​ដំបង បាន​ឲ្យ​ដឹង​ថា គម្រោង​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្រ្ត​បឹង​ខ្ញុំ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​ជាង​២៣០​គ្រួសារ មាន​ទឹក​ធ្វើ​ស្រែ​ និង​បង្កើន​ទិន្នផល​ធ្វើ​កសិកម្ម។ ចំណែក​លោក ញឺន កួន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​លើក​ឡើង​ថា​ ប្រជាជន​ក្នុង​តំបន់​ជាង​១ ៣០០​នាក់ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​គម្រោង​ស្ដារឡើង​វិញ​ប្រព័ន្ធ​ធារាសាស្រ្ត​អូរស្នូក៕

ប្រភព៖ AKP ដោយ៖ ជួប ស្រីរ័ត្ន

X
5s