គ្រឿងសង្ហារឹម បានក្លាយជាចំណែកទីផ្សារថ្មីមួយដ៏សំខាន់នៅកម្ពុជា ស្របពេលដែលវិស័យសំណង់កំពុងរីកដូចផ្សិត
ស្របពេលដែលការអភិវឌ្ឍន៍វិស័យសំណង់លំនៅដ្ឋាននៅកម្ពុជា កាន់តែមានការរីកចម្រើន ឥតឈប់ឈរ វិស័យនេះ បានធ្វើទាញអោយវិស័យដទៃផ្សេងទៀប អាចទទួលបានផលប្រយោជន៍ និងតម្រូវការទីផ្សារខ្ពស់ផងដែរ ដើម្បីផ្គត់ផ្គង់ទៅក្នុងឧស្សាហកម្មថ្មីមួយនេះ។
ជាក់ស្ដែងការផ្គត់ផ្គង់គ្រឿងសង្ហារឹម នៅក្នុងវិស័យនេះ បានក្លាយជាទីផ្សារថ្មីមួយទៀត សម្រាប់វិនិយោគក្នុង និងក្រៅស្រុក ធ្វើការវិនិយោគ ។ លោក ដូង អក្ខរា អគ្គនាយក មជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ បានផ្តល់បទសំភាសន៍ផ្ទាល់ឲ្យ Bizkhmer ដឹងថា ទីផ្សារផ្គត់ផ្គង់គ្រឿងសង្ហារឹមនៅកម្ពុជា មួយរយៈចុងក្រោយនេះ គឺមានតម្រូវការខ្ពស់ ដោយសារ កើននៃសំណងអគារខ្ពស់ៗ ការរីកចម្រើននៃស្ថាបនធនាគារ និងវិស័យឯកជនជាដើម ។
លោកបញ្ជាក់ថា វត្តមានត្រឹមតែជាង២ឆ្នាំនៃ មជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ ក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន អាចទទួលបានការបញ្ជាទិញកើនឡើងយ៉ាងច្រើន ដោយការលក់ បានកើនឡើងពី២០% ក្នុងឆ្នាំដំបូង រហូតដល់ ៨០% ក្នុងឆ្នាំបន្ទាប់ ដោយក្នុង១ឆ្នាំ ការលក់អាចកើនឡើងប្រហែលជាបួនដង។
លោកបន្ថែមថា ដើម្បីពង្រីកបាននូវទីផ្សារលក់កើនឡើងឆាប់រហ័ស ក្រុមហ៊ុនលោក បានពង្រីកកិច្ចសហការជាមួយភ្នាក់ងារលក់ និងដៃគូសហការជាច្រើនផ្សេងទៀតក្នុងប្រទេស ដើម្បីពង្រីកវិសាលភាពលក់ និងបំពេញតម្រូវការទីផ្សារឲ្យបានទាន់ពេលវេលា និងឆាប់រហ័សផងដែរ។
ផលិតផលដែលមជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ អាចផ្គត់ផ្គង់បាននៅលើទីផ្សាររួមមាន កៅអី, តុប្រតិបត្តិការិយាល័យ, គ្រែជាមួយសាឡុង, ផ្ទះបាយ, ទូដាក់ចាន, តុកិច្ចប្រជុំ និងទូផ្ទុកឯកសារក្នុងការិយាល័យជាដើម ដោយផលិតផលទាំងនេះ ត្រូវបាននាំចូលពីប្រទេសថៃ និងចិន តម្រូវតាមចិត្តអតិថិជនបញ្ជាទិញ។
ក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹមហ៊ីហោក្នុងមួយនេះ យើងក៏បានមើលឃើញពីការហូរចូលនៃការវិនិយោគរបស់ក្រុមហ៊ុន បរទេសមួយចំនួន ផងដែរ គឺក្រុមហ៊ុម RCD Kitchen Cambodia ដែលជាក្រុមហ៊ុនដ៏ធំមួយ ដែលមានបទពិសោធន៍ក្នុងវិស័យនេះជាង៤៥ឆ្នាំនៅក្នុងប្រទេសថៃ ក្នុងការផ្គត់ផ្គង់នូវគ្រឿងសង្ហារឹម និងបរិក្ខាសម្ភារផ្ទះបាយ ជាមួយនឹងការផ្ដល់នូវសេវកម្មតំលើងជូនដល់អតិថិជនសម្រាប់លំនៅដ្ឋានធម្មតា ក៏ដូចជាគម្រោងខុនដូផ្សេងៗផងដែរ។
បើតាមតំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា វត្តមានជាច្រើនឆ្នាំ នៃការវិនិយោគក្នុងប្រទេសកម្ពុជា ពួកយើងផ្តោតសំខាន់ទៅលើគុណភាពជាចំបងធ្វើយ៉ាងណាប្រាកដថាផលិតផល និងសេវាកម្មពិតជាឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ មិនតែប៉ុណ្ណោះពួកយើងក៏បានសហការជាមួយ ក្រុមហ៊ុនអន្តរជាតិ ដែលផ្គត់ផ្គង់សម្ភារផ្ទះបាយយីហោ Blum & Hafele ផងដែរ។
គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនវិនិយោគពីបរទេស និងក្រុមហ៊ុនក្នុងស្រុកដែលនាំចូល ទៅលើប្រភេទគ្រឿងសង្ហារឹមបែបទំនើបទាន់សម័យ មកចរាចរលក់នៅក្នុងទីផ្សារកម្ពុជានេះ យើងក៏សង្កេតឃើញថា ផលិតផល ដែលផលិតនិងកែច្នៃដោយអ្នកផលិតក្នុងស្រុក ក៏មានតម្រូវការច្រើនផងដែរ ជាពិសេសគឺគ្រឿងសង្ហារឹមរចនាបទបែបខ្មែរបុរាណ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាឈើក្រញ៉ុង នាងនួន និងបេងជាដើម។
តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ទំហំទីផ្សារគ្រឿងសង្ហារឹមក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៧ មានទំហំទឹកប្រាក់រហូតដល់ទៅ ជាង ៣៨០ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧។ ជាមួយគ្នានោះដែរ ទំហំគ្រឿងសង្ហារឹមដែលនាំចូលមកក្នុងប្រទេសកម្ពុជា មានដល់ទៅជាង ១០៦ លានដុល្លារអាមេរិក៕
ដោយ៖ ស្រីពេជ្រ