ក្រុមហ៊ុន Facebook ស្ថិតនៅក្រោមការសើបអង្កេតទាក់ទងនឹងកិច្ចព្រមព្រៀងផ្ដល់ទិន្នន័យអ្នកប្រើប្រាស់ឲ្យក្រុមហ៊ុនដទៃ
ភ្នាក់ងារសារព័តមាន The New York Time បានអោយដឹងថា សមាជិកនៃក្រុមព្រះរាជអាជ្ញាសហរដ្ឋអាមេរិកបានបើកការសើបអង្កេតករណីកិច្ចព្រមព្រៀងចែកចាយទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលធ្វើឡើងរវាងក្រុមហ៊ុន Facebook និងក្រុមហ៊ុនផលិតឧបករណ៍ចល័តផ្សេងៗដូចជា ស្មាតហ្វូន (smartphone)និង ថេបឡិត (tablet) ជាដើម ។
យោងទៅតាមការសើបអង្កេតក្នុងករណីចែកចាយនូវទិន្នន័យអ្នកប្រើប្រាស់នេះ ភ្នាក់ងារសារព័តមាន The New York Time កាលពី ខែមិថុនា បានរាយការណ៍ថា ក្រុមហ៊ុន Facebook បានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតនូវឧបរកណ៍ចល័តមានដូចជា ក្រុមហ៊ុន Apple, Amazon និង Microsoft អាចចូលមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ រួមមានតារាងមិត្តភ័ក្ដ ព័តមានទំនាក់ទំនង និងជាពិសេសសារទំនាក់ទំនងឯកជន ដោយគ្មានការអនុញាតពីអ្នកប្រើប្រាស់ ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា សមាជិកនៃក្រុមជំនុំជំរះវិនិច្ឆ័យក្នុងទីក្រុង New York បានដាក់ដីកាកោះហៅឲ្យចូលខ្លួនស្រាយបំភ្លឺក្នុងករណីដែលត្រូវបានគេចោតប្រកាន់ខាងលើទៅតុលាការរួចហើយ ក្នុងនោះមានយ៉ាងតិចក្រុមហ៊ុនស្មាតហ្វូនចំនួនពីរ និងក្រុមហ៊ុនផលិតឧបករណ៍ផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធ។
អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Facebook បានប្រាប់ The Times ថា “ យើង (ក្រុមហ៊ុនFacebook) កំពុងធ្វើការសហការណ៍គ្នាជាមួយក្រុមអ្នកសើបអង្កេត និងបានធ្វើការសើបសួរក្នុងករណីនេះយ៉ាងសកម្ម ព្រមទាំងបានធ្វើការប្រកាសជាសាធារណៈ ហើយបានសន្យាថានឹងនៅតែបន្តសហការណ៍ក្នុងករណីនេះ“
ព័តមាននៃការសើបអង្កេតពីបញ្ហានេះ គឺជាករណីថ្មីមួយទៀតរបស់ Facebook ក្នុងចំណោមករណីផ្សេងទៀតដែលជាប់ទាក់ទងនឹងការផ្ដល់ទិន្នន័យឯកជនរបស់មនុស្សប្រមាណជាពីរពាន់លាននាក់ ( 2,000,000,000 នាក់) របស់អ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមយក្សមួយនេះ ។
ក្រុមហ៊ុន Facebook បាននឹងកំពុងខិតខំប្រឹងប្រែងដោះស្រាយយ៉ាងខ្លាំងដើម្បីធ្វើឲ្យ Facebook មានភាពល្អប្រសើរឡើងវិញ និងបញ្ហាដែលទាក់ទងនឹងការបើកឲ្យក្រុមហ៊ុន Cambridge Analytica ចូលមើលទិន្នន័យឯកជនផ្ទាល់ខ្លួនជាច្រើនរបស់អ្នកប្រើប្រាស់ ហើយបាននឹងមានភស្តុតាងជាច្រើនដែលបង្ហាញពីរបៀបនៃការប្រើប្រាស់បណ្ដាញសង្គមមួយនេះដើម្បីធ្វើការចែកចាយព័ត៌មានមិនពិតក្នុងកំឡុងពេលការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកនាឆ្នាំ ២០១៦ កន្លងទៅ ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Faceook មានការធ្លាក់ចុះ ១.៥ ភាគរយ (1.5%) តែប៉ុន្មានម៉ោងប៉ុណ្ណោះកាលពីថ្ងៃពុធកន្លងទៅ។
គួរគូសបញ្ចាក់ផងដែលថា មានបញ្ហាមួយផ្សេងទៀតដែលបានកើតឡើងនាពេលថ្មីៗនេះគឺ ក្នុងបណ្ដាញសង្គមរបស់ក្រុមហ៊ុន Facebook បានទទួលរងនូវបញ្ហាមួយយ៉ាងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនោះគឺ កាលពីថ្ងៃពុធកន្លងមកនេះមានការគាំងមិនដំណើរការ ដែលបានធ្វើឲ្យអ្នកប្រើប្រាស់ និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មមិនអាចចូលទៅក្នុងកម្មវិធី ឬវេបសាយ Facebook បានអស់រយៈពេលជាច្រើនម៉ោង ។
ក្រុមហ៊ុន Faceook កំពុងអាចប្រឈមនឹងការបង់ពិន័យជាប្រាក់ចំនួនរាប់ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ចប់លើបញ្ហានៃការសើបអង្កេតករណីលួចផ្ដល់ទិន្នន័យដោយគ្មានការអនុញាតនេះ។
ទាក់ទងនឹងការសាកសួរក្នុងករណីបទឧក្រិដ្ធនេះវិញ កាលពីថ្ងៃពុធនេះយ៉ោងទៅតាមប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាញដែលរាយការណ៍ដោយការសែត The New York Time បានឲ្យដឹងថា វាពុំមានភាពច្បាស់លាស់ណាមួយនោះទេ អំពីការសាកសួររបស់ក្រុមព្រះរាជអាជ្ញាសហរដ្ឋអាមេរិក ថាបានផ្ដោតសួរទៅលើពីបញ្ហាអ្វីខ្លះ និងបានកើតឡើងតាំងពីពេលណានោះទេ៕
ដោយ៖ វឌ្ឍនា