តោះស្វែយល់ពីកម្ចី ២ បែបសម្រាប់ទិញផ្ទះនៅកម្ពុជា
យោងតាមការស្ទង់មតិវិស័យអចលនទ្រព្យឆ្នាំ ២០១៨ បានបង្ហាញ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិ ចំនួន ២,០០០ នាក់ មាន ៧៥ ភាគរយ បានអះអាងថាពួកគេត្រូវការកម្ចីទិញផ្ទះ។
ប្រាកដណាស់ការទិញផ្ទះទាមទារឲ្យមានប្រាក់ដើមច្រើន ដែលអ្នកទិញមួយចំនួនអាចមានលទ្ធភាព គ្រប់គ្រាន់ ខណៈអ្នកទិញមួយចំនួនទៀតត្រូវស្វែងរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។
១) កម្ចីពីធនាគារ
នៅពេលដែលធ្វើសំណើខ្ចីប្រាក់ពីធនាគារយើងត្រូវបា្រកដថាត្រូវមានឯកសារសំខាន់ៗមួយចំនួន ដូចជា៖ លិខិតបញ្ជាក់ប្រាក់ខែ កិច្ចសន្យាការងារ លិខិតបញ្ជាក់ពីការបង់ពន្ធប្រចាំខែ និងឆ្នាំ និងអត្តសញ្ញាណប័ណ្ណដែលនៅមានសុពលភាព ឬលិខិតឆ្លងដែន។
តាមរយៈធនាគារអ្នកទិញផ្ទះតម្រូវឱ្យមាន ៣០ ភាគរយយ៉ាងតិចនៃតម្លៃអចលនទ្រព្យសរុប ដែលមានន័យថា អ្នកអាចអាចខ្ចីបាន ៧០ ភាគរយ។ ឧទាហរណ៍៖ ប្រសិនបើផ្ទះមានតម្លៃ ១០ ម៉ឺនដុល្លារ អ្នកទិញត្រូវមាន ៣ម៉ឺនដុល្លារ ក្នុងនោះធនាគារនឹងឲ្យខ្ចី ៧ ម៉ឺនដុល្លារ។
ការទាមទារឲ្យមានតម្រូវការបែបនេះ ដោយសារទីផ្សារលំនៅដ្ឋាន និងសេដ្ឋកិច្ចកម្ពុជានៅមាន ហានិភ័យជាងប្រទេសអភិវឌ្ឍន៍។ ដើម្បីការពាររាល់ហានិភ័យណាមួយ ធនាគារតម្រូវឱ្យ ដាក់ប្រាក់តម្កល់ខ្ពស់ ជាមួយនឹងនឹងអត្រាការប្រាក់ខ្ពស់ចាប់ពី ៨ ទៅ ១៣ ភាគរយក្នុងមួយឆ្នាំ។
ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ អ្នកជំនាញអចលនទ្រព្យជឿថា ការទិញផ្ទះ ដោយប្រើប្រាស់កម្ចីពីធនាគារអាចធានាបានសុវត្ថិភាពខ្ពស់។
២) កម្ចីពីគម្រោង ឬអ្នកភិវឌ្ឍន៍
អ្នកមួយចំនួនមួយមិនចង់ខ្ចីប្រាក់ពីធនាគារនោះទេ ដោយសារធនាគារមានលក្ខខណ្ឌតឹងតែង ដូចនេះពួកគេត្រូវស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីអាចទិញផ្ទះបាន។ មធ្យោបាយគឺការទទួល យកកម្ចីពីអ្នកអភិវឌ្ឍន៍ដោយផ្ទាល់ ឬជាទូទៅហៅថា ការបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍។ បុរីបានដើរតួទីជាធនាគារសម្រាប់អ្នកដែលចាប់អារម្មណ៍ទិញលំនៅដ្ឋាន និងរស់នៅក្នុងគម្រោងបុរីរបស់ពួកគេ។
ជាទូទៅ ផ្ទះក្នុងបុរីមានតម្លៃទាប មធ្យម និងខ្ពស់ទៅតាមប្រភេទនីមួយៗរបស់វា។ យ៉ាងណាមិញ ដំណើការនៃទិញផ្ទះ ដោយបង់ផ្ទាល់ជាមួយបុរីមានលក្ខខណ្ឌងាយស្រួល ទាំងផែនការ នៃការបង់ ប្រាក់ និងឯកសារចាំបាច់ដែលតម្រូវ។ កម្ចីទិញផ្ទះពីអ្នកអភិវឌ្ឍន៍បុរីមានភាពងាយស្រួល ដោយសារការមិនតម្រូវឲ្យបង់ប្រាក់តម្កល់ច្រើន និងមិនទាមទារឲ្យមានឯកសារពាក់ព័ន្ធច្រើន។ នេះជាឱកាសដ៏ល្អបំផុត សម្រាប់អ្នកមិនមានលទ្ធភាពខ្ចីប្រាក់ពីធនាគារ ពួកគេអាចងាកទៅរក ហិរញវត្ថុពីអ្នកអភិវឌ្ឍន៍បុរីវិញ ដើម្បីទិញផ្ទះក្នុងក្ដីសុបិន្តរបស់ពួកគេបាន។
ជារួមទៅ អ្នកអភិវឌ្ឍន៍បុរីគឺជាអ្នកលក់ផង និងជាធនាគារផង។ ប៉ុន្តែអ្នកទិញមិនអាចខ្ចីប្រាក់ពី អ្នកអភិវឌ្ឍន៍មួយទៅទិញ ផ្ទះនៅក្នុងគម្រោងផ្សេង មួយទៀតបានឡើយ។
សូមចងចាំថា ក្នុងករណីដែលអ្នកទិញមិនបានបំពេញកិច្ចព្រៀមព្រៀងបង់ប្រាក់ ដែលបានចែង ក្នុងកិច្ចសន្យាដូចជា៖ ការបង់ប្រាក់ប្រចាំខែមិនទាន់ពេល ឬការខកខានបង់ប្រាក់ ម្ចាស់បុរីមានសិទ្ធិ ស្របច្បាប់ក្នុងការលក់ផ្ទះទាំងនោះវិញនៅក្នុងទីផ្សារ៕
ដៃគូសហការ៖ www.realestate.com.kh