មិនធម្មតា! ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិលើកទី១ នៅកម្ពុជាមានអ្នកចូលរួមជាង៣០០០ក្នុងថ្ងៃដំបូង
សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០១៩ គឺជាកម្មវិធីថ្នាក់ជាតិលើកទីមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិទៅមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។ ជាលទ្ធផលសម្រាប់ថ្ងៃដំណើរការដំបូងនៃកម្មវិធីនេះ ទទួលបានអ្នកចូលរួមយ៉ាងច្រើនកុះកររហូតដល់ជាង៣០០០នាក់ ដែលនេះគឺជាមោទកភាពមួយដែលបង្ហាញអំពីចំណាប់អារម្មណ៍ និងភាពរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។

កម្មវិធីពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ២០១៩ បាននាំមកនូវគំនិតឆ្នៃប្រឌិតថ្មីបំផុត និងទំនើបបំផុតក្នុងពិភពបច្ចេកវិទ្យាឌីជីថល មកកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ កាន់តែពិសេស កម្មវិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ អ្នកដឹកនាំ អ្នកច្នៃប្រឌិត និងបុគ្គលដែលមានចក្ខុវិស័យលំដាប់អន្តរជាតិមកពីវិស័យ អាជីវកម្ម រដ្ឋាភិបាល និងសិក្សាស្រាវជ្រាវ បានមកប្រមូលផ្ដុំគ្នាពិភាក្សាបង្ហាញនូវនិន្នាការ និងការអភិវឌ្ឍថ្មីៗក្នុងពិភពបច្ចេកវិទ្យា ព្រមទាំងចែករំលែកផ្ដល់នូវគំនិត និងទស្សនៈទៅលើបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទូរគមនាគមន៍។

កម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១នេះ ត្រូវបានគាំទ្រដោយក្រសួងចំនួន៦រួមមាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នាសាលពិព័រណ៍កោះពេជ្រ ដូច្នេះសំរាប់អ្នកដែលមិនទាន់បានចូលរួម សូមកុំភ្លេចចូលរួមកម្មវិធីដ៏អស្ចារ្យនេះទាំងអស់គ្នា ដើម្បីស្វែងយល់ពីការវិវត្តន៍ និងភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា ឬឌីជីថល នៅកម្ពុជា៕








