វិធីទាំង៥យ៉ាងដើម្បីបំភ្លេចអតីតកាលជូរចត់ ហើយផ្ដោតតែរឿងថ្មីៗ
មនុស្សខ្លះនិយាយថា ការចងចាំពីរឿងអតីតកាលគឺពិតជាសំខាន់ណាស់ក្នុងការ ទុកវាជាភស្តុតាងសម្រាប់អភិវឌ្ឍខ្លួនឯងនិងទូន្មានខ្លួនឯង។ តែតាមពិតទៅ វាក៏គ្មានប្រយោជន៍អីណាស់ណាដែរ ដែលត្រូវបន្តការចងចាំទាំងនោះទុក។ វាហាក់ដូចជាអ្នកកំពុងតែគរសំរាមជាច្រើន នៅក្នុងខួរក្បាលរបស់អ្នកអីចឹង។ ម៉្លោះហើយបើវាពិបាកយ៉ាងហ្នឹង ហេតុអីអ្នកមិនរកវិធីសាស្ត្របំបាត់រឿងអតីតកាលចោលឲ្យអស់ទៅ?
១) ផ្លាស់ប្ដូរផ្នត់គំនិតចាស់ៗ៖ ប្រសិនបើអ្នកនៅតែផ្ដោតសំខាន់ទៅលើចំណុចអវិជ្ជមានក្នុងជីវិតអ្នក។ ប្រាកដណាស់អ្នកនឹងដើរទៅរកផ្លូវអវិជ្ជមានទាំងនោះដដែលៗជៀសមិនផុតឡើយ។ អ្នកគួរផ្លាស់ប្ដូរចោលនូវគំនិតទាំងនោះហើយព្យាយាមគិតពីផ្លូវថ្មីៗ និងផ្លូវដ៏វែងឆ្ងាយដែលអ្នកមិនធ្លាប់ដើរទៅមើល។
២) កាត់ផ្ដាច់ទំនាក់ទំនងជាមួយមិត្តភ័ក្ដិមួយចំនួន៖ អ្នកគួរបោះបង់ចោលមនុស្សមួយចំនួនដែលចាំតែបង្អាក់គោលដៅរបស់អ្នក។ អ្នកគួរនៅម្នាក់ឯងហើយចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើចក្ខុវិស័យរបស់អ្នកល្អជាង។ អ្នកដែលចាំតិះដៀល និងរិះគន់ពីសមត្ថភាពរបស់អ្នក គឺគ្រាន់តែជាបិសាចតែលតោល ដើម្បីរារាំងជោគជ័យនៃជីវិតអ្នកប៉ុណ្ណោះ។
៣) កំណត់ទិសដៅសម្រាប់អនាគត៖ បើអ្នកចេះរៀបចំគោលដៅសម្រាប់ថ្ងៃអនាគតអ្នកអាចនឹងបំភ្លេចពីបញ្ហាអតីតកាលរបស់ខ្លួនឯងបានយ៉ាងលឿនជាទីបំផុត។ កាលដែលអ្នកចេះតែចងចាំអតីតកាលគឺមកពីអ្នកមិនដាច់ចិត្ត នឹងវាតែប៉ុណ្ណោះ។
៤) រៀនលើកលែងទោសឲ្យអ្នកដទៃ៖ ការច្រណែនឈ្នានីសគឺប្រៀបបានទៅនឹងការផឹកថ្នាំបំពុលខ្លួនឯងហើយចង់អោយអ្នកដទៃស្លាប់ទៅវិញ។ អ្នកអាចនឹងបំភ្លេចអ្វីគ្រប់យ៉ាងបានដោយគ្រាន់តែនិយាយថា«ខ្ញុំនឹងលើកលែងឲ្យ»។
៥) មិនបាច់ខ្វល់ពីអ្នកដទៃ៖ អ្នកគួរស្វែងរកផ្លូវដ៏ល្អមួយសម្រាប់ខ្លួនឯង ហើយកំណត់គោលដៅមួយជាក់លាក់វាប្រសើរជាងសម្របខ្លួនទៅអ្នកដទៃ ព្រោះថាចុងក្រោយបង្អស់អ្នកនឹងស្ដាយក្រោយបើសិនអ្នកចំណាយជីវិតស្ដាប់តែពាក្យអ្នកដទៃនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity.com