អត្ថប្រយោជន៍៧យ៉ាងនៃអាហារពេលព្រឹក ដែលមនុស្សភាគច្រើនតែងប្រហែសមិនញាំ
អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់ជាងគេបំផុតបើធៀបទៅនឹងអាហារថ្ងៃ និងល្ងាច។ ជារៀងរាល់ឆ្នាំអ្នកស្រាវជ្រាវតែងតែស្វែងរកពីគុណវិបត្តិនៃការមិនពិសាអាហារពេលព្រឹកនេះ។ ដូច្នេះតើវាពិតជាមានសារៈសំខាន់មែនដែរឬទេ? ហេតុអ្វីអ្នកមិនគួរប្រហែសនឹងវា?
១) ល្អសម្រាប់សុខភាពទាំងមូល៖ យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថាអាហារពេលព្រឹកនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់មនុស្សគ្រប់គ្នា។ សាកលវិទ្យាល័យHarvard បានធ្វើការសិក្សាអស់រយះពេល១៦ឆ្នាំ ទៅលើបុរសចំនួន២៦,៩០២នាក់ ក្នុងនោះមានអាយុពី៤៥ទៅ៨២ឆ្នាំ ហើយបានរកឃើញថាអ្នកដែលរំលងការពិសាអាហារពេលព្រឹកនឹងអាចប្រឈមមុខជាមួយជំងឺបេះដូងរហូតដល់ទៅ ២៧ភាគរយ។
២) ជួយធ្វើឲ្យការគិតរបស់អ្នកកាន់តែប្រសើរ៖ គេហទំព័ររបស់ Journal of Physioslogy and Behavior បានបង្ហាញឲ្យដឹងថា៖ «អាហារពេលព្រឹកនេះអាចជួយដល់ការចងចាំរបស់ក្មេងៗក៏ដូចជាក្មេងៗវ័យជំទង់ផងដែរ។»
៣) ផ្ដល់ថាមពល៖ គេហទំព័រ International Journal of Food Science and Nutrition ដែលបានចេញផ្សាយក្នុងឆ្នាំ១៩៩៩ បានបញ្ជាក់ថាអាហារពេលព្រឹកសំបូរដោយសារជាតិ Fiber និងមានសារជាតិCarbohydrates តិចដែលវាជួយអ្នកបំបាត់ការនឿយហត់។
៤) ធ្វើអោយអារម្មណ៍អ្នកល្អ៖ ពិសាអាហារដែលធ្វើអោយរាងកាយអ្នកអាចលូតលាស់ល្អ នៅពេលព្រឹកគឺអាចជួយអោយអ្នកមានអារម្មណ៍វិជ្ជមានពេញមួយថ្ងៃតែម្ដង។ មិនថាអ្នកមានអាយុប៉ុន្មានឡើយ អាហារពេលព្រឹកនេះនឹងជួយកាត់បន្ថយអារម្មណ៍រសាប់រសល់និងការឆាប់ខឹងនានាចេញទាំងអស់។
៥) ទទួលបានអាហារដែលជួយឲ្យរីកលូតលាស់៖ អ្នកនឹងស្រូបយកជីវជាតិសំខាន់ៗទៅក្នុងសារពាង្គកាយអ្នកដោយគ្រាន់តែពិសាអាហារពេលព្រឹក។ វានឹងទៅពន្លឿនការរីកលូតលាស់នៃរាងកាយរបស់អ្នកឲ្យបានឆាប់ ជាងអ្នកឯទៀត។
៦) ជួយដុតបំផ្លាញកាឡូរី៖ អាហារទាំងនោះនឹងធ្វើការដុតបំផ្លាញកាឡូរីដែលអ្នកមិនចង់បាននោះចោល។
៧) ធ្វើអោយអារម្មណ៍មូល៖ Indian Pidiatrics ក្នុងឆ្នាំ២០០៨បានបង្ហាញថា៖ « សិស្សដែល ទទួលទានអាហារពេលព្រឹកជារៀងរាល់ថ្ងៃ គឺមានការយកចិត្តទុកដាក់លើការរៀនសូត្រ ចេះប្រមូលអារម្មណ៍បានល្អ និងមានការជោគជ័យនៅសាលារៀនច្រើនជាងសិស្សមិនដែលពិសាអាហារពេលព្រឹក៕»
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.com