សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំសប្ដាហ៍
Bizkhmer សូមផ្ដល់ជូនលោកអ្នកនូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗចំនួន៥ ពីស្ថាប័នព័ត៌មានក្នុងស្រុកដែលគួរឲ្យទុកចិត្តចំនួន៤គឺ កាសែតកោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្តិ៍ និងសាព័ត៌មានKley Kley News ដើម្បីផ្ដល់ជាជំនួយដល់លោកអ្នកក្នុងការសម្រេចចិត្តអាជីវកម្ម ក៏ដូចជាស្វែងយល់អំពីព្រឹត្តិការណ៍សំខាន់ដែលកើតឡើងក្នុងប្រទេសកម្ពុជាផងដែរ។
យោងតាមកាសែតកោះសន្តិភាពដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ដីអំពី កំពង់ផែទេសចរអន្តរជាតិខេត្តកំពតនឹងក្លាយជាច្រកទ្វារអន្តរជាតិ ផ្លូវសមុទ្រដ៏សំខាន់ក្នុងការសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ៖ កំពង់ផែទេសចរអន្តរជាតិខេត្តកំពត ដែលមកដល់បច្ចុប្បន្ននេះសម្រេចការសាងសង់ប្រមាណជាង ២៥ ភាគរយនោះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់មួយ ក្នុងការធានារ៉ាប់រងនិងសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការជាតិគ្រប់គ្រងគម្រោង និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យសកម្មភាពសាងសង់កំពង់ផែកាលពីថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១៩។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើដែលបានចេញផ្សាយក្នុងថ្ងៃដដែលនោះ បានចេញផ្សាយស្ដីអំពី កម្ពុជានឹងស្នើកូរ៉េខាងត្បូងពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលពីកម្ពុជា៖ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យដឹងថានៅក្នុងជំនួបជជែកពិភាក្សាការងារជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអិន (Moon Jae-in) នៅថ្ងៃនេះ (ថ្ងៃទី ១៤ ខែមីនា) កម្ពុជាគ្រោងស្នើទៅកូរ៉េខាងត្បូង ឲ្យជួយទិញផលិតផលរបស់កម្ពុជាបន្ថែមទៀត។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសំរាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី កូរ៉េខាងត្បូងផ្តល់ឥណទានសម្បទានដល់កម្ពុជា ៧០០ លាន ដុល្លារសម្រាប់ឆ្នាំ ២០១៩-២០២៣៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងឲ្យដឹងថា៖ សាធារណរដ្ឋកូរ៉េបានផ្ដល់ ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ( ២០១៩-២០២៣)សរុបចំនួន ៧០០ លានដុល្លារអាម៉េរិក ដោយបានផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ,វិស័យធនធានទឹក, សុខុមាលភាពសាធារណៈ, វិស័យអប់រំ ,បណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទមានជាអាទិ៍គម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរណ៍ស៊ីវិល, គម្រោងស្ដារផ្លូវជាតិលេខ២, និងផ្លូវជាតិលេខ២២ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបែបនេះនៅក្នុងវេទិកាធុរកិច្ចកម្ពុជា កូរ៉េ លើកទី៤ នៅកម្ពុជានាព្រឹកថ្ងៃទី ១៥ ខែមីនានេះ វេទិកានេះក៏មានការចូលរួមពីលោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉ផងដែរ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយពី សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បារម្ភពីការស្នើដកប្រព័ន្ធ GSP៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា មានការបារម្ភយ៉ាងខ្លាំងចំពោះការស្នើ «ច្បាប់ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩» ដោយសមាជិកព្រឹទ្ធសភាអាមេរិក ដោយបានលើកឡើងថា វិធានការនេះនឹងមិនគ្រាន់តែធ្វើឲ្យប៉ះពាល់ដល់កម្មកររោងចក្ររាប់សែននាក់ និងជីវភាពរស់នៅរបស់គ្រួសារពួកគេប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកទៀតផង។ នេះបើតាមសេចក្ដីថ្លែងការណ៍ផ្ញើទៅសមាជិកព្រឹទ្ធសភាអាមេរិក។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
សម្រាប់ព័ត៌មានចុងក្រោយគឺ សារព័ត៌មានKley Kley News កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី អាកាសយានដ្ឋានភ្នំពេញថ្មី គ្រោងនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤៖ បើមិនមានការប្រែប្រួលទេ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានភូមិសាស្ត្រនៅក្នុងស្រុកកណ្ដាលស្ទឹង និងខេត្តតាកែវ គ្រោងចាប់ផ្ដើម នៅដើមឆ្នាំ ២០២៤ខាងមុខ។ នេះបើតាមប្រសាសន៍ លោកឧកញ៉ា ពុង ឃាវសែ។ អគ្គនាយកក្រុមហ៊ុន OCIC បានថ្លែងប្រាប់អ្នកព័ត៌មានក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសំណង់រវាងសមាគមអ្នកសាងសង់កម្ពុជា និងភ្នាក់ងារលើកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (Kotra) កាលពីព្រឹកថ្ងៃទី ១៤ មីនា ឆ្នាំ២០១៩។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន