ស្ពានឆ្លងទន្លេវែងជាងគេ ភ្ជាប់ខេត្តកំពង់ឆ្នាំង-កំពង់ធំ តម្លៃ២០០លានដុល្លារ គ្រោងនឹងសាងសង់ចុងឆ្នាំនេះ​



ប្រមុខរាជរដ្ឋាភិបាល ប្រកាសវត្តមានគម្រោងស្ពានឆ្លងទន្លេរប្រវែង ៣៩០០ ម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ ដែលតាមគម្រោងអាចនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩។

រូបតំណាង

គម្រោងស្ពានឆ្លងទន្លេរវែងជាងគេនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងឱកាស ដែលសម្តេច និងសម្តេចកតិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ ដែលប្រារព្ធធ្វើកាលពីល្ងាចថ្ងៃទី១៦ មីនា។ ក្នុងឱកាសនោះ សម្តេច បានមានប្រសាសន៍ថា ស្ពានដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និង ទន្លេកំពង់ហាវ។ ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងស្ពាននេះ អាចចំណាយថវិកាប្រមាណ២០០លានដុល្លារ ដែលជាថវិកាហិរញ្ញប្បទានសម្បទានរបស់ចិន។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងគម្រោងនេះ ទទួលបានការសាទរពីសំណាក់ប្រជាជនដែលកំពង់រស់នៅទាំង២ខេត្តជាខ្លាំង ក៏ដូចជាសាទរពីសំណាក់ប្រជាជនទូទាំងប្រទេស ព្រោះនៅពេលកើតមានស្ពាន និងផ្លូវដែលស្ថិតក្នុងគម្រោងសាសង់ខាងលើនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ។ ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ គឺអាចនឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ ខាងមុខនេះ ដោយប្រើប្រាស់នូវថវិការបស់ចិន។ ជាមួយគ្នាផងដែរ កម្ពុជា ក៏មានគម្រោងសាងសង់ស្ពាន២ទៀត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងស្ពាន៣ទៀត នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ស្ពានដែលវែងជាងគេនៅកម្ពុជា គឺស្ពាន «ត្សឹបាសា» ឬស្ពាន «អ្នកលឿង» ដែលមានប្រវែង២២១៥ម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង និងឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០១៥៕ ដោយ៖ ស្រីពេជ្រ
X
5s