ចំណេះដឹងខ្លីៗ! អ្វីទៅជាអ្នកធានាទិញមូលបត្រ Underwriter?
អ្នកធានាទិញមូលបត្រគឺជាអន្តរការីហិរញ្ញវត្ថុដែលផ្តល់ភាពខុសគ្នាច្រើនផ្នែកនៃសេវាកម្ម។ អ្នកធានាទិញមូលបត្រភាគច្រើនមានឯកទេសធំសំខាន់ និងស្មុគស្មាញផ្នែកប្រតិបត្តិការហិរញ្ញវត្ថុដូចជា ការធានាទិញមូលបត្រ សកម្មភាពអន្តរការីមូលបត្ររវាងអ្នកបោះផ្សាយនិងវិនិយោគិនមូលបត្រ (ក្នុងដំណាក់កាល IPO) ធ្វើការសម្របសម្រួលក្នុងការទិញ ឬរួមបញ្ចូលគ្នានៃក្រុមហ៊ុនសាជីវកម្មនានា និងសកម្មភាពជាឈ្មួញជើងសារមូលបត្រ ឬអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុសម្រាប់ស្ថាប័ន។ នៅប្រទេសកម្ពុជា ប្រតិបត្តិករដែលជាអ្នកធានាទិញមូលបត្រមានដូចជា៖ ១) Yuanta Securities (Cambodia) Plc. ២) RHB Indochina Securities PLC. ៣) Cana Securities Ltd. ៤) Campu Securities Plc. ៥) SBI Royal Securities Plc. ៦) Phnom Penh Securities
ដំណើរការនៃប្រតិបត្តិករធានាទិញមូលបត្រ
ក្នុងការផ្តល់ប្រឹក្សារបស់ប្រតិបត្តិករធានាទិញមូលបត្រគឺ ត្រូវធ្វើការបង់ថ្លៃលើសេវាកម្មប្រឹក្សារបស់ពួកគេ ខណៈការជួញដូរទាំងនោះអាចខាតឬចំនេញវាផ្អែកលើដំណើរការរបស់ទីផ្សារនិងជាបទពិសោធន៍ដែលពួកគេធ្លាប់ឆ្លងកាត់។ អ្នកជំនាញដែលធ្វើការក្នុងប្រតិបត្តិករធានាទិញមូលបត្រនេះ សុទ្ធសឹងជាអ្នកផ្តល់់ប្រឹក្សាហិរញ្ញវត្ថុ ឬអ្នកជួញដូរបូលបត្រជាដើម។ ដំណើរការនៃប្រតិបត្តិករធានាទិញមូលបត្រនេះអាចមានផលចំនេញច្រើន តែជាក់ស្តែងវាត្រូវប្រើពេលវេលាយូរនិងមានភាពស្មុគស្មាញច្រើន។ ជាទូទៅគេបានដឹងថាប្រតិបត្តិករធានាទិញមូលបត្រដើរតួជាអន្តរការីហិរញ្ញវត្ថុ ពួកគេជួយដល់ក្រុមហ៊ុនសាជីវកម្មក្នុងការបោះផ្សាយលក់មូលបត្រថ្មីរបស់ខ្លួននៅក្នុងទីផ្សារដំបូង (Primary Market) ក្នុងដំណើរការ IPO។
ពួកគេក៏បានជួយដល់ក្រុមហ៊ុនសាជីវកម្មក្នុងការស្វែងរកវិនិយោគិនសម្រាប់សញ្ញាប័ណ្ណសាជីវកម្ម។ តួនាទីរបស់ប្រតិបត្តិករធានាទិញមូលបត្រចាប់ផ្តើមពីការផ្តល់ប្រឹក្សា និងបន្តការបែងចែកមូលបត្រក្នុងទម្រង់ជាការណែនាំជាមុនសិនមុនពេលសម្រេចដល់ការធានាទិញ (Start from Pre-underwriting in form of advice)។ ប្រតិបត្តិករធានាទិញមូលបត្រនឹងធ្វើការកំណត់នូវរបាយការណ៍ហិរញ្ញវត្ថុសម្រាប់បញ្ជាក់ភាពត្រឹមត្រូវ និងចេញផ្សាយឯកសារផ្តល់ព័ត៌មាន (prospectus) ដើម្បីពន្យល់ក៏ដូចជាបង្ហាញផ្លូវដល់វិនិយោគិនមុនពេលមូលបត្រត្រូវបោះផ្សាយលក់ជាផ្លូវការ។
អតិថិជនរបស់ធនាគារវិនិយោគ ឬប្រតិបត្តិករធានាទិញមូលបត្រមានដូចជា សាជីវកម្ម មូលនិធិសោធននិវត្តន៍ (Pension Fund) ស្ថាប័នហិរញ្ញវត្ថុដទៃទៀត រដ្ឋាភិបាល និង (Hedge Fund)។ ទំនាក់ទំនងកាន់តែច្រើននៃធនាគារក្នុងទីផ្សារ នាំឲ្យមានផលចំនេញកាន់តែច្រើនក្នុងការរវាងផ្គូរផ្គងអ្នកលក់ និងអ្នកទិញមូលបត្រ។ បញ្ជាក់៖ ប្រតិបត្តិករធានាទិញមូលបត្រអាចដើរតួនាទីជា អ្នកធានាទិញមូលបត្រផង ពាណិជ្ជករមូលបត្រផង និងជាឈ្មួញជើងសារមូលបត្រក៏បាន៕
ដោយ៖ យ៉ាយ៉ា ប្រភព៖ SECC