មូលហេតុ​នេះ​សោះដែល​ធ្វើ​ឲ្យ​សហស្ថាបនិក Arrowdot ​​រួម​គ្នា​បង្កើត​ក្រុមហ៊ុនភ្លាម​ក្រោយ​ពី​រៀន​ចប់​



បើ​និយាយ​ពី​ការ​បើក​អាជីវកម្ម​ឬ​បង្កើត​ក្រុមហ៊ុន​មួយ​ មនុស្ស​ភាគ​ច្រើន​ច្បាស់​ជា​យល់​ថា​ត្រូវ​មាន​បទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ​សិន​ទើប​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ដំណើរ​ការ​ទៅ​មុខ​បានដោយរលូន ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​Bizkhmer សហស្ថាបនិក​វ័យក្មេង​និង​ជា​នាយក​ប្រតិ្តបត្តិ​​ក្រុមហ៊ុន​ Arrowdot​ លោក​ លឹម សង្វារ បាន​ប្រាប់​ថា លោក​និង​សហស្ថាបនិក​ផ្សេង​ទៀត​បាន​សម្រេច​ចិត្ត​បង្កើត​ក្រុមហ៊ុន​នេះ​តែ​ម្ដង​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សាភ្លាម​។

នាយក​ប្រត្តិបត្តិ​វ័យ​ក្មេង​រូប​នេះ​បាន​ប្រាប់​ថា មុន​ពេល​សម្រេច​ចិត្ត​បង្កើត​ក្រុមហ៊ុន​នេះ​លោក​រួម​ជា​មួយ​និង​សហស្ថាបនិក​ដទៃ​ទៀត​បាន​ត្រៀម​ខ្លួន​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ ពោល​គឺ​បាន​​ចង​គ្នា​ជា​ក្រុម​ចាប់​តាំង​ពី​កំឡុង​ពេល​នៅ​សិក្សា​ថ្នាក់​ឧត្តម​មក​ម្លេះ។ លោក សង្វារ បន្ត​ថា ក្នុង​កំឡុង​ពេល​នោះ​ពួក​លោក​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​ច្រើន​ទាក់​ទង​នឹង​ផ្នែក​បច្ចេកវិទ្យា​ប្រព័ន្ធ​បញ្ជា​ស្វ័យ​ប្រវត្ត​ (Automation Robotics) ដូច្នេះ​នៅ​ពេល​ដែល​បើក​ក្រុមហ៊ុន​ គឺ​ពួក​លោក​មាន​គ្រឹះ​មាំ​ទៅ​ហើយ។

"ជា​ធម្មតា​ការ​បង្កើត​ក្រុមហ៊ុន​មួយ​គឺ​មាន​បន្ទុក​ខ្លាំង​ណាស់​វា​តៀម​ទារ​ឲ្យ​មាន​ការ​រៀបចំ​តាំង​ពី​ដំបូង ដូច្នេះ​មុន​ពេល​បង្កើត​ក្រុមហ៊ុន​នេះ​ពួក​ខ្ញុំ​មាន​គោលដៅ​ច្បាស់​លាស់ និង​បាន​ត្រៀម​ខ្លួន​តាំង​ពី​ផ្នែក​បច្ចេកទេស ផ្នែក​ទីផ្សារ និង​ផ្នែក​មន្រ្តី​អភិវឌ្ឍន៍​អាជីវកម្ម (Bussiness Development) រួច​ទៅ​ហើយ​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​នេះ"។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​សហស្ថាបនិក​រូប​នេះ។

បន្ថែម​ពី​លើ​មូល​ហេតុ​ទាំង​នេះ​ក៏​នៅ​មាន​មូលហេតុ​ចម្បង​មួយ​ទៀត​ដែល​ជម្រុញ​ឲ្យ​ក្រុមស្ថាបនិក​សម្រេច​ចិត្ត​បង្កើត​ក្រុមហ៊ុន​ Arrowdot​នេះ​ឡើង​គឺ ពួក​គាត់​មាន​ចក្ខុវិស័យ​សម្លឹង​ឃើញ​ថា​នា​ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា​និង​មាន​ការ​រីកច្រើន​ផ្នែក​ឧស្សាហកម្ម ដូច្នេះ​គឺ​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​នៅ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដើម្បី​បម្រើ​នៅ​សេវាកម្ម​ទាំង​នោះ​។

ក្រុមហ៊ុន​ Arrowdot​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ដោយ​កំឡុង​ពេល​ចាប់​ផ្ដើម​គឺ​មាន​ត្រឹម​តែ​សមាជិក​៤​រូប​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ស្ថាបនិក​ពីរ​រូប ដោយ​ឡែក​នា​ពេល​បច្ចុប្បន្ន​មាន​បុគ្គលិក​ចំនួន​១០​នាក់។ បើ​ទោះ​ជា​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង​ក្រុមហ៊ុន​ធ្លាប់​ជួប​ប្រទះ​បញ្ហា​លំបាក​ច្រើន ប៉ុន្តែ​ដោយ​សារ​តែ​ជា​ក្រុមហ៊ុន​ថ្មី​និង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​អាច​ង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​គេ​ស្ទើរ​តែ​មិន​ជឿ​ថា​កូន​ខ្មែរ​អាច​ធ្វើ​បាន ទើប​ធ្វើ​ឲ្យ​មាន​ការ​លើក​តម្កើង​ និង​ទទួល​ស្គាល់​ច្រើន​ឡើងៗ​ពី​មជ្ឈដ្ឋាន​ជុំវិញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​Arrowdot​គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ប្រព័ន្ធ​បញ្ជា​ស្វ័យ​ប្រវត្តិ ឬ​ Automation Robotics ដែល​កន្លង​មក​ក្រុមហ៊ុន​ទទួល​បាន​គម្រោង​ក្នុង​ការ​ដំឡើង​និង​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​រោងចក្រ​ប្រមាណ​ជាង​២០០​គម្រោង​មក​ហើយ៕

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

X
5s