គិតមកដល់ចុងត្រីមាសទី១ ការទិញ លក់ ជួលដីក្នុងខេត្តព្រះសីហនុស្ថិតក្នុងសភាពទ្រឹង
ចរន្តនៃការទិញលក់វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុត្រូវបានគេដឹងឮ ថាមានភាពពុះកញ្រ្ជោលជាខ្លាំងក្រោយពីមានការសម្រុកចូលមកវិនិយោគយ៉ាងគំហុកពីសំណាក់អ្នកវិនិយោគជនជាតិចិន ។ ប៉ុន្តែអ្វីដែលជាការគួរឱ្យគត់សម្គាល់នោះគឺនៅត្រឹមមួយរយៈពេលខ្លីនៃដើមឆ្នាំ២០១៩នេះសកម្មភាពនៃការទិញលក់ ឬជួលអចលនទ្រព្យហាក់មានភាពនៅទ្រឹង មិនមានអ្វីប្រែប្រួលនោះឡើយ ។
មន្ត្រីជាន់ខ្ពស់នៃខេត្តព្រះសីហនុបានអះអាងថាការទិញ និងការជួលដីនៅក្នុងខេត្តព្រះសីហនុក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ហាក់មានភាពនៅទ្រឹងដោយសារតម្លៃដី និងតម្លៃនៃការជួលបានឡើងកប់ពពករួចទៅហើយ។
លោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការសាលាខេត្តព្រះសីហនុបានឱ្យដឹងថាពេលនេះតម្លៃអចលនទ្រព្យទាំងក្នុងក្រុង និងក្រៅក្រុងនៅតែរក្សាសភាពធម្មតា សកម្មភាពទិញ ឬលក់ ជួលនៅក្នុងក្រុងព្រះសីហនុពេលនេះគឺមិនមានអ្វីប្រែប្រួលនោះទេពោលគឺភាគច្រើននៅដំណើរការដូចកាលពីឆ្នាំចាស់កន្លងទៅ។
លោកបន្តថាតម្លៃដីក្នុងតំបន់ក្រុងគឺនៅរក្សាតម្លៃដដែលចំណែកឯដីដែលស្ថិតនៅក្រៅក្រុងក្នុងចម្ងាយប្រមាណជាង៣ទៅ៥គីឡូម៉ែត្រឡើងក៏មានការកើនឡើងអ្វីដែរ ។
បច្ចុប្បន្នតម្លៃដី និងតម្លៃនៃការជួលនៅខេត្តព្រះសីហនុពេលនេះហាក់មានភាពឆ្អែតទៅហើយ។ ពេលនេះបើសិនជាការទិញ ហើយយកមកប្រើផ្ទាល់វានៅតែមានភាពល្អប្រសើរមិនជាបញ្ហានោះទេ ប៉ុន្តែបើទិញដើម្បីវិនិយោគបន្តវាទំនងជាប្រើពេលយូរបន្តិចទើបទទួលបានផល៕
ជារួមតម្លៃនៅពេលនេះវាមិនទាន់ដល់កំពូលនៅឡើយនោះទេប៉ុន្តែឱកាសនៃការឡើងគឺនៅមានតិចតួចណាស់៕
ដៃគូសហការ៖ www.realestate.com.kh