ម៉ាឡេស៊ីអាចនឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅអាស៊ានក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ​



រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី Lim Guan Eng បានថ្លែងនៅក្នុងវេទិកាទីផ្សារមូលធនវិនិយោគនៅម៉ាឡេស៊ីឆ្នាំ ២០១៩ នៅថ្ងៃអង្គារទី ១៩ កន្លងទៅ ថាប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រទេសកូនខ្លាខាងផ្នែកសេដ្ឋកិច្ចម្ដងទៀតជាក់ជាមិនខានក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។

លោកបានបន្តទៀតថា តាមតួរលេខបានឲ្យឃើញថាការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងប្រទេសម៉ាឡេស៊ីមានអត្រាកើនឡើងយ៉ាងខ្ពស់រហូតដល់ជាង ៤៨% ក្នុងឆ្នាំ ២០១៨ (សរុបជាទឹកប្រាក់ជាង ៨០.៥ ពាន់លានរីងហ្គីតម៉ាឡេស៊ី RM) បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៧ ដែលមានទឹកប្រាក់ជាង ៥៤.៤ ពាន់លានរីងហ្គីត។ ជាពិសេសនោះគឺការវិនិយោគពីសំណាក់ប្រទេសចិននិងជប៉ុនមានការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ដែលធ្វើឲ្យលោក Lim Guan Eng មានការជឿជាក់យ៉ាងខ្លាំងថាសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានដំណើរការយ៉ាងល្អក្នុងពេលបច្ចុប្បន្ននេះ។ លើសពីនេះសន្ទស្សន៍ផលិតកម្មឧស្សាហ៍កម្មមានសន្ទុះកើនឡើងជាង ៣.២% ដែលលើសពីការរំពឹងទុកជាង ២.៣% ។ កាលពីខែកុម្ភៈ លោក Lim Guan Eng ធ្លាប់បានបញ្ជាក់ប្រាប់រួចម្ដងមកហើយថាសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានភាពរឹងមាំជាខ្លាំងហើយបានរំពឹងទុកថាផលិតផលក្នុងស្រុកសរុប (GDP) នឹងមានការកើនឡើងរហូតដល់ជាង ៤.៩% នៅក្នុងឆ្នាំ ២០១៩ នេះរួមជាមួយនឹងការធ្លាក់ចុះអតិផរណាផងដែរ។ ម្យ៉ាងទៀតការធ្លាក់ចុះនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់បានបង្ហាញពីប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលបានលុបបំបាត់ពន្ធលើទំនិញនិងសេវាកម្ម (GST) និងជំនួសវាជាមួយពន្ធលើការលក់និងសេវាកម្ម (SST) ព្រមទាំងបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈមានស្ថេរភាព។ ការធ្វើយុទ្ធសាស្ត្របែបនេះគឺបានផ្ដល់ផលអត្ថប្រយោជន៍ជាច្រើនដល់ស្ថាប័នអាជីវកម្មផ្សេងៗព្រមទាំងអតិថិជនផងដែរ៕ ដោយ៖ នឿន វណ្ណៈ

X
5s