បច្ចេកវិទ្យាថ្មី! កាមេរ៉ាបញ្ញាសិប្បនិម្មិត (AI) អាចចាប់សកម្មភាពជនសង្ស័យលួចអីវ៉ាន់ក្នុងហាងបាន​



ការលួចអីវ៉ាន់ក្នុងហាងនៅតែជាបញ្ហាដ៏ធំនៅជុំវិញពិភពលោក ព្រមទាំងបានធ្វើឲ្យម្ចាស់ហាងនៅប្រទេសសហរដ្ឋអាមេរិកមានការខាតបង់ប្រាក់រាប់ពាន់លានក្នុងមួយឆ្នាំៗ។ ប៉ុន្តែក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុនបានបង្កើតនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI software) ដែលមានសមត្ថភាពអាចចាប់សកម្មភាពចោរលួចឥវ៉ាន់ ហើយផ្ដល់ដំណឹងឲ្យបុគ្គលិកក្នុងហាង ដូចនេះពួកគេអាចបញ្ឈប់ជនសង្ស័យបានភ្លាមៗ។ ក្រុមហ៊ុនជប៉ុនដែលបានបង្កើតកម្មវិធីមានឈ្មោះថា Vaak ប្រើបច្ចេកវិទ្យា AI ខាងលើបាននិយាយថា ការធ្វើការសាកល្បងក្នុងហាងលក់អីវ៉ាន់បានបង្ហាញថាបច្ចេកវិទ្យា AI នេះបានកាត់បន្ថយនូវការបាត់បង់អីវ៉ាន់ពីការលួចរបស់ចោរបាន ៧៧ ភាគរយ តែប្រព័ន្ធនេះមិនទាន់មាននៅសហរដ្ឋអាមេរិកនៅឡើយទេ។ Dubbed Vaakeye ជាប្រព័ន្ធដែលដំណើរការជាមួយកាមេរ៉ាសុវត្តិភាពដើម្បីចាប់សកម្មភាពចោរដែលបុគ្គលិកក្នុងហាងអាចមិនបានដឹង។ ក្រុមអ្នកអភិវឌ្ឍន៍នូវប្រព័ន្ធ AI នេះបានបង្ហាត់បង្រៀនប្រព័ន្ធនេះដោយការបង្ហាញវាក្នុងវីដេអូកាមេរ៉ាសុវត្តិភាពដែលមានរយៈពេលប្រមាណជាង ១០០ ម៉ោង ពីសកម្មភាពកាយវិការធម្មតារបស់អ្នកទិញ និងពីសកម្មភាពលួចរបស់ចោរ ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vaak គឺលោក Ryo Tanaka បានមានប្រសាសន៍ថាប្រព័ន្ធនេះធ្វើការកំណត់សកម្មភាពជនសង្ស័យដោយផ្អែកលើផ្នែកផ្សេងៗនៃបុគ្គលិកលក្ខណៈរបស់អ្នកទិញ ដូចជាការដើរ ចលនាដៃ ការបង្ហាញទឹកមុខ ព្រមទាំងសំលៀកបំពាក់ផងដែរ ។ ប្រសិនបើប្រព័ន្ធនេះចាប់បានសកម្មភាពជនសង្ស័យ វានឹងផ្ដល់ដំណឹងដល់ម្ចាស់ហាងតាមកម្មវិធីក្នុងទូរស័ព្ទដៃ (app) ហើយជាពិសេសគឺធ្វើការទំនាក់ទំនងទៅជនសង្ស័យដោយសួរពីបំណងនៃសកម្មភាពរបស់ជនសង្ស័យ ។ ប្រព័ន្ធ AI នេះវាមិនបានកំណត់បញ្ចាក់ថាជនសង្ស័យទាំងនោះជាចោរលួចឥវ៉ាន់នោះទេ គឺវាគ្រាន់តែផ្ដល់សញ្ញាប្រាប់បុគ្គលិកក្នុងហាងឲ្យធ្វើការឆែកមើលទៅលើជនសង្ស័យទាំងនោះប៉ុណ្ណោះ៕ ដោយ៖ វឌ្ឍនា
X
5s