អនុវត្តចំណុច ៣នេះដើម្បីប្ដូរពីស្នេហាធុញទ្រាន់ទៅស្នេហាផ្អែមល្ហែមបាត់គ្នាមិនបាន
មិនថាក្ដីស្រលាញ់ដែលអ្នកមានចំពោះគ្នាកម្រិតណា មិនថាអ្នកងប់ងុលចំពោះគ្នាកម្រិតណា ចំណងមិត្តភាពមួយនោះតែងតែមានពេលខ្លះឡើងនិងចុះ គ្រប់ពេលវេលា។ អ្នកគួរត្រៀមចិត្តសម្រាប់ស្នេហាដែលអ្នកកំពុងមាន ព្រោះអ្នកមិនអាចទាមទារពេលវេលាផ្អែមល្ហែមឲ្យកើតមានគ្រប់ពេលវេលាបានទេ។ ដូចនេះដើម្បីធ្វើឲ្យចំណងស្នេហាដែលអ្នកមាននោះ កាន់តែមានភាពជិតស្និទ្ធ អ្នកគួរអនុវត្តតាមវិធីទាំង៣យ៉ាងនេះសិន៖
១) ចែករំលែកក្ដីស្រមៃដែលកំពុងមានរៀងៗខ្លួន៖ អ្នកត្រូវបង្ហាញទៅកាន់ដៃគូស្នេហារបស់អ្នកនូវអ្វីដែលអ្នកចង់ធ្វើជាមួយគ្នា ទោះបីជាកិច្ចការទាំងនោះធំឬតូចក្ដី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែចែករំលែកឲ្យដឹងថា តើអ្វីទៅជាក្ដីស្រមៃធំបំផុតរបស់អ្នក? បន្ទាប់មកចាប់ផ្ដើមឈានជើងមួយជំហានធ្វើយ៉ាងណាឲ្យវាក្លាយជាការពិតបាន។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកនឹងឃើញពីការរីកលូតលាស់នៃសេចក្ដីស្នេហារបស់អ្នកជាមិនខាន។
២) រំលឹកពីរឿងចាស់ៗ៖ វាត្រឹមត្រូវណាស់នៅពេលអ្នកនិយាយពីបទពិសោធន៍ស្នេហាចាស់ៗ ដែលអ្នកធ្លាប់ដើរជាមួយគ្នា ។ អ្នកអាចនឹងធ្វើឲ្យស្នេហាកាន់តែរឹងមាំថែមទៀត។ យោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យAppalachian State University បានបង្ហាញថា៖ «គូស្នេហ៍ដែលសើចសប្បាយជាមួយគ្នា នៅពេលគិតពីរឿងរាវចាស់ៗ ដែលពួកគេធ្លាប់ជួបប្រទះ គឺអាចធ្វើឲ្យមិត្តភាពនោះពោរពេញដោយភាពសប្បាយរីករាយ។» ដូចនេះវាជារឿងល្អមួយ ដែលអ្នកគួរផ្អាកការនិយាយអំពីរឿងការងារ ហើយអង្គុយជជែកគ្នាលេងពីរឿងរ៉ាវដែលគួរឲ្យអស់សំណើច ឬក៏ក្រឡេកទៅពេលវេលាដែលអ្នកណាត់ជួបគ្នាជាលើកដំបូងក៏បាន។
៣) គិតម្ដងហើយម្ដងទៀតពីជម្លោះដែលធ្លាប់មាន៖ នៅពេលអ្នកឈ្លោះទាស់ទែងគ្នា អ្នកត្រូវចេះងាកត្រលប់ក្រោយ រួចស្វែងរកដើមចងមួយណាដែលបង្កើតអោយមានជម្លោះនោះ។ បន្ទាប់មកស្វែងរកអ្វីចំណុចដែលអ្នកគិតថាអាចផ្លាស់ប្ដូរវាបាន។ ពេលដែលអ្នកស្ងប់ស្ងាត់មួយគ្រាក្នុងពេលមានជម្លោះនោះ អ្នកនឹងអាចស្វែងរកឃើញផ្លូវដ៏មានន័យមួយសម្រាប់មិត្តភាពអ្នកជាមិនខាន៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា