និស្សិត​នារី ​IT​ម្នាក់​រក​ឃើញ​ឱកាស​អាជីវកម្ម​​រហូត​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​



គំនិត​នៃ​ការ​ធ្វើ​អាជីវកម្ម​មាន​នៅ​គ្រប់​ទី​កន្លែង​ ដោយ​វា​អាច​កើត​ឡើង​អាស្រ័យ​លើ​បទពិសោធន៍ ចំណេះ​ដឹង ការ​សង្កេត​ស្វែង​យល់ និង​ការ​ពិចារណា​ល្អិតល្អន់ក៏ថាបាន។ ជាក់​ស្ដែង​លោកស្រី​ ណេង សុខនាង បាន​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​ថ្មី​មួយ​រហូត​ធ្វើ​ឲ្យ​គាត់​បែក​គំនិត​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​បាន​បន្ត​វិវត្ត​ខ្លួន​ឥត​ឈប់​ឈរ​រហូត​ក្លាយ​ខ្លួន​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នៅ​កម្ពុជា។

លោក​ស្រី​ ណេង សុខនាង ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ KOKOPON បាន​ប្រាប់​ពី​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​បង្កើត​ក្រុមហ៊ុន​របស់​លោក​ស្រី​ថា លោក​ស្រី​ធ្លាប់​មាន​គម្រោង​នៃ​ការ​ធ្វើ​អាជីវកម្ម​តាំង​ពី​ពេល​៦​ឆ្នាំ​មុន​ម្លេះ ប៉ុន្តែ​នៅ​ពេល​នោះ​ដោយ​សារ​តែ​លោក​ស្រី​នៅ​ក្មេងខ្ចី​ពេក​ក្នុង​ការ​ចាប់​ផ្ដើម ទើប​ធ្វើ​ឲ្យ​គម្រោង​អាជីវកម្ម​ដំបូង​នោះ​បរាជ័យ។ ក្រោយ​មក​ក្នុង​ឆ្នាំ​២០១៧​ លោក​ស្រី​បាន​សន្សំ​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​បរទេស ហើយ​នេះ​គឺ​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​លោក​ស្រី​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម។

ស្ថាបនិក​ក្រុមហ៊ុន​រូប​នេះ​ប្រាប់​ថា លោក​ស្រី​បាន​សន្សំ​លុយ​រយៈពេល​មួយ​ឆ្នាំ​ពេញ​សម្រាប់​ដំណើរ​កំសាន្ត​មួយ​នេះ​ ហើយ​ប្រទេស​ដែល​លោក​ស្រី​ទៅ​ដំបូង​គេ​គឺ ប្រទេស​ម៉ាឡេស៊ី​ បន្ទាប់​មក​ ក៏​បន្ត​ទៅ​កំសាន្ត​នៅ​ទីក្រុង​សាំងហ្កាពួរ ប្រទេស​សង្ហបូរី​។ នៅ​ទី​នេះ​ ដោយ​សារ​តែ​តម្លៃ​ ទាំង​ការ​ស្នាក់​នៅ​និង​សេវាកម្ម​ផ្សេងៗ​មាន​តម្លៃ​ថ្លៃ ធ្វើ​ឲ្យ​លោក​ស្រី​ជួប​បញ្ហា​ខ្លះៗ ប៉ុន្តែ​ជា​សំណាង​ល្អ​ លោក​ស្រី​បាន​ឃើញ​គេហទំព័រ​មួយ​ដែល​មួយ​ដែល​ផ្ដល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​។

ពេល​នោះ​ហើយ​ដែល​លោក​ស្រី​គិត​ថា​ប្រសិន​បើ​អាច​នាំ​យក​នូវ​បទពិសោធន៍​មួយ​នេះ​ទៅ​កាន់​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន និង​ជួយ​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​គាត់​តាម​រយៈ​បច្ចេកវិទ្យា​នេះ។ ដូច្នេះ​លោក​ស្រី​ក៏​ចាប់​ផ្ដើម ស្រាវជ្រាវ​ទីផ្សារ គម្រោង​បច្ចេកវិទ្យា ការ​រចនា​នានា និង​ព្យាយាម​សួរ​ទៅ​កាន់​អ្នក​ដទៃ ហើយ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​លោក​ស្រី​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​អាជីវកម្ម​នេះ​លេច​ជា​រូបរាង​ឡើង។

សហគ្រិន​ស្រ្តី​វ័យ​ក្មេង​រូប​នេះ​បន្ត​ថា អាជីវកម្ម​នេះ​ថ្មី​ត្បិត​តែ​ដំណើរ​ការ​ទៅ​ជួប​ប្រទះ​នូវ​បញ្ហា​ខ្លះៗ ប៉ុន្តែ​លោកស្រី​រួម​នឹង​ក្រុម​ការងារ​នូវ​តែ​បន្ត​ធ្វើ​ ព្រោះ​តែ​ចង់​ឃើញ​ភាព​រីករាយ​របស់​ប្រជាជន​ខ្មែរ​ ពិសេស​ចំពោះ​យុវជន​ដែល​ពួកគាត់​មិន​សូវ​មាន​ថវិការ​ច្រើន​ក៏​អាច​រីករាយ​ជា​មួយ​នឹង​អ្វីថ្មីៗ​ជា​មួយKOKOPON ផង​ដែរ។

KOKOPON គឺ​ជា​គេហទំព័រ​មួយ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​និង​អតិថិជន​បាន​ស្គាល់​គ្នា​ និង​មួយ​ទៀត​គឺ​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ​អាជីវកម្ម​ ផលិតផល​ ឬ​សេវាកម្ម តាម​រយៈ​គេហទំព័រ​ដោយ​ទាក់​ទាញ​អតិថិជន​តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​ទ្រង់ទ្រាយ​ធំ​នូវ​មុខ​ទំនិញ​ផ្សេងៗ៕

ដោយ៖ ស្រីរ័ត្ន

 

X
5s