ចិន​នឹង​ជួយ​សិក្សា​រៀបចំ​ផែន​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ Monorail នៅ​កម្ពុជា​



ប្រទេស​ចិន​បាន​ឯកភាព​ជួយ​សិក្សា​រៀបចំ​នូវ​ផែនការ​អភិវឌ្ឍន៍​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ Monorail​ នៅ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

រូបតំណាង

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Zhou​ Keqin​ អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ បក្សនយោបាយ​ប្រជាជន​ចិន​ នៃ​គណៈកម្មាធិការ​ ក្រុង​ Chongqing​ កាលពី​ថ្ងៃទី​ ២៥​ ខែមីនា​ ម្សិលមិញ​នេះ​ បាន​ស្នើរ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ កម្ពុជា​ និង​ក្រុង​ Chongqing​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ និង​ឡូ​ជី​ស្ទីក​ ជាពិសេស​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ Monorail​ នៅ​កម្ពុជា​ និង​ការ​ជួយ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា​។

ក្នុង​ជុំនួប​ពិភាក្សា​នេះ​ផងដែរ ឯកឧត្តម ​ស៊ុន​ចាន់​ថុ​ល ក៏​បាន​ពិភាក្សា​ពី​ការ​តភ្ជាប់​ច្រករបៀង​ប៉ែក​ខាងត្បូង​ រវាង​ប្រទេស​ចិន​ ក្រុង​ Chongqing​ ប្រទេស​សិង្ហបុរី​ ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ រវាង​ កម្ពុជា​-ចិន​ និង​ប្រទេស​ក្នុង​តំបន់​។

លោក​ Zhou​ បាន​យល់ព្រម​លើ​សំណើ​របស់​ ឯកឧត្តមទេស​រដ្ឋមន្ត្រី​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ក្រុង​ Chongqing​ និង​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ក្នុង​ការសិក្សា​រៀបចំ​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ Monorail​ នៅ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​សិក្សា​លទ្ធភាព​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​ឡូ​ជី​ស្ទីក​រវាង​ប្រទេស​ទាំងពីរ​ ដោយ​លោក​ Zhou​ បាន​សន្យា​ថា​នឹង​រៀបចំ​ក្រុមការងារ​គណៈប្រតិភូ​ នៃ​ការិយាល័យ​ដឹកជញ្ជូន​ក្រុង​ Chongqing​ (Chongqing​ Municipal​ Transport​ Bureau​) និង​ក្រុមការងារ​ឡូ​ជី​ស្ទីក​ ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ៕

ប្រភព៖ CPP.org

X
5s