តើ​អ្នក​ត្រូវ​សន្សំ​លុយ​ប៉ុន្មាន​ដើម្បី​ចំណាយ​លើ​រឿង​ ៣​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក​?​



អ្នកតែង​ធ្លាប់​ឮ​គេ​និយាយ​ថា សន្សំ​លុយហើយ​​ចេះវិនិយោគ​ ទើប​ធ្វើ​ឲ្យ​អ្នក​មាន។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ទទួល​ចំណេះដឹង​ច្រើន​នោះ​ឡើយ​ថា តើ​ត្រូវ​សន្សំ​លុយ​ដោយ​វិធី​ណាឬ​ក៏​ថា តើ​ត្រូវ​សន្សំ​ប្រាក់​បាន​ប៉ុន្មាន​ទើប​សម្រេច​បាន​គោលដៅ​ដែល​អ្នក​ចង់​បាន? នេះ​ទើប​ជា​បញ្ហា​ស្មុគស្មាញ​មួយ​​ដែល​មនុស្ស​ភាគច្រើន​​កំពុង​ជួបប្រទះ។

មាន​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ល្បីៗ​បាន​ផ្តល់​យោបល់​ច្រើន​ណាស់​ពី​ចំណេះដឹង​សន្សំ​ប្រាក់​នេះ​។ អ្នក​ជំនាញ​ខ្លះ​បាន​ឲ្យ​យោបល់​ថា អ្នក​គួរ​សន្សំ​ ២០ ទៅ ៣០% នៃ​ប្រាក់​ចំណូល​របស់​អ្នក និង​ដោះបំណុល​ឲ្យ​អស់។ យ៉ាងណាមិញ រឿង​នេះ​គួរ​ឲ្យ​សោកស្តាយ​ត្បិតអី​ស្ថានភាព​ហិរញ្ញវត្ថុ​ និង​អត្តចរិត​​ប្រើប្រាស់​លុយ​របស់​មនុស្ស​ម្នាក់ៗ​វា​មិន​ដូចគ្នា​ឡើយ។ អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​គន្លឹះ​​​ក្នុង​ការ​​ត្រៀម​ប្រាក់​សន្សំ​ដោយ​របៀប​ណា​ទើប​អ្នក​សម្រេច​បាន​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ។ ​​

១.តើ​​អ្នក​ត្រូវ​ការ​លុយ​ប៉ុន្មាន​ដើម្បី​គោលដៅ​របស់​អ្នក?
ជំហាន​ដំបូង​គឺ​​អ្នក​ត្រូវ​​កំណត់​គោលដៅ​របស់​អ្នក។ ​វា​​អាច​រួមបញ្ចូល​ទាំង​ការ​​ចំណាយ​សម្រាប់​អាពាហ៍ពិពាហ៍ សងបំណុល​ ​ ប្រាក់សន្សំ​​សម្រាប់​សង្គ្រោះ​បន្ទាន់​   ទិញ​ផ្ទះ​ ផែនការ​បង្កើត​គ្រួសារ​​  លុយ​សម្រាប់​កូនៗ​រៀន​នៅ​​​សាលា​ឯកជន ឬ​មហាវិទ្យាល័យ​ ដំណើរ​កម្សាន្ត ចូលនិវត្តន៍​មុន​អាយុ​  និង​ផែនការ​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​ត្រូវ​ចាំ​ថា បើ​គោលដៅ​របស់​​អ្នក​កាន់តែ​សំខាន់ អ្នក​​ចាំ​បាច់​ត្រូវ​តែ​​​មាន​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​​​គោលដៅ​ទាំង​នោះ​​កាន់តែ​ច្រើន​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ​ បើ​វា​មិន​សូវ​សំខាន់​ទេ​ អ្នក​មិន​ចាំបាច់​​សន្សំ​លុយ​ត្រៀម​ទុក​ច្រើន​​ពេក​នោះ​ទេ ហើយ​ការ​ចំណាយ​ទាំង​នោះ​មិន​​គួរ​លើស​ពី​​ផែនការ​ចំណាយ​នោះ​ទេ។ 

២.តើ​អ្នក​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន​ដើម្បី​ការ​​ចាយវាយ​​ប្រចាំ​ថ្ងៃ?
ឥឡូវ​នេះ​វា​ជា​ពេលវេលា​​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ដើម្បី​ចាយវាយ​ប្រចាំ​ថ្ងៃ ទាំង​ការ​ចំណាយ​ចាំបាច់ និង​មិន​ចាំបាច់?​ ប្រសិន​បើ​អ្នក​ចូលចិត្ត​​ទទួលទាន​អាហារ​ពេលល្ងាច​ច្រើន​នៅ​ហាង​​ទំនើប មិន​​ធ្វើ​ម្ហូប​ខ្លួនឯង​​ ឬ​ជាប់ចិត្ត​តែ​ផលិតផល​​ម៉ាក​ល្បីៗ​ដូច​ជា       Apple អ្នក​គួរតែ​ដឹង​ហើយ​ថា ស្ថានភាព​ចំណាយ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ទិដ្ឋភាព​បែប​ណា។ និយាយ​មក​ដល់​ចំណុច​នេះ អ្នក​ត្រូវ​គូស​រូបភាព​មួយ​ដើម្បី​កំណត់​ពី​អត្តសញ្ញាណ​ជីវិត​ចាយវាយ​ប្រចាំ​ថ្ងៃ​​​​ផ្ទាល់ខ្លួន​​មួយ​របស់​អ្នក​ឡើង​​ថា តើ​អ្នក​ជា​មនុស្ស​​ចាយ​លុយ​ក្នុង​ប្រភេទ​ណា? និង​ជា​ពិសេស​នោះ​គឺ​ថា តើ​អ្នក​​ចាំបាច់​ត្រូវ​ការ​លុយ​ប៉ុន្មាន​ទើប​អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ទាំង​នោះ​បាន? ប្រសិន​បើ​អ្នក​យល់​ថា ​​​អ្នក​កំពុង​សប្បាយ​ចិត្ត​ហ្នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​​​ ហើយ​មាន​លទ្ធភាព​អាច​ធ្វើ​បាន​​យ៉ាង​រលូន​ អ្នក​គួរ​បន្ត​ធ្វើ​វា​ទៀត​។ នៅ ត្រង់​នេះ អ្នក​គួរ​លៃលក​ថា ការ​ចំណាយ​នោះ​ស្ថិត​នៅ​ក្នុង​ខ្ទង់​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ? ក្នុង​មួយ​ខែ? ក្នុង​មួយ​ឆ្នាំ? ហើយ​សម្រាប់​ជា​យោបល់​ល្អ ​អ្នក​គួរ​សន្សំ ១០ ទៅ ២០% លើ​ការ​ចំណាយ​ប្រចាំ​ឆ្នាំ ព្រោះ​ដោយសារតែ​កំណើន​អតិផរណា (ទំនិញ​ឡើង​ថ្លៃ)។

៣.តើ​អ្នក​ត្រូវ​ការ​លុយ​នៅ​ពេល​ណា?
ជំហាន​បញ្ចប់​នោះ​គឺ​អ្នក​ត្រូវ​កំណត់​អាទិភាព​គោលដៅ​របស់​អ្នក និង​បង្កើត​ពេលវេលា​ជាក់លាក់​មួយ​ដើម្បី​សម្រេច​គោលដៅ​​ហិរញ្ញវត្ថុ​។ អ្នក​ត្រូវ​កំណត់​ថា តើ​អ្នក​សម្រេច​​ផែនការ​ហិរញ្ញវត្ថុ​បាន​នៅ​ពេល​ណា? នៅ​​អាយុ​ប៉ុន្មាន? បន្ទាប់​មក​អ្នក​ត្រូវ​រៀបចំ​គម្រោង​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​ចំណែកៗ​ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​គោលដៅ​ធំ។ ឧទាហរណ៍​ថា ​អ្នក​ចង់​​មាន​​លុយ​​​ទុក​ក្នុង​ដៃ​ ៥០ ០០០ ដុល្លារ​នៅ​ពេល​ ៥ ឆ្នាំ​ខាងមុខ។ នេះ​មានន័យ​ថា យ៉ាងហោចណាស់​ក៏​អ្នក​ត្រូវ​ការ​​​សន្សំ​លុយ​​​ឲ្យ​បាន ៨៣៤ ដុល្លារ​ដែរ​ក្នុង​មួយ​ខែៗ។ នេះ​ជា​ឧទាហរណ៍​ងាយៗ​មួយ​ ហើយ​អ្នក​អាច​រៀបចំ​គម្រោង​រក​លុយ​តាម​វិធី​ផ្សេងៗ​ទៀត​ដើម្បី​មក​បង្គ្រប់​ផែនការ​ដែល​អ្នក​បាន​បង្កើត​ឡើង​៕

ប្រភព៖ Businessinsider ​

X
5s