ចង់​រើ​បម្រាស់​ខ្លួន​ចេញ​ពី​ក្រ​ទៅ​ជា​​​មាន សូម​​ផ្លាស់ប្ដូរ​​ទម្លាប់​អាក្រក់ ៣​ធំៗ​នេះភ្លាម​



"អ្នកក្រ​បាន​​ត្រឹមតែ​សុបិនខណៈ​ដែល​អ្នក​មាន​​ប្រែក្លាយ​ក្តី​សុបិន​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ការពិត"។ នេះ​គឺ​ជា​​ទស្សនៈ​​មួយ​ដ៏​ត្រឹមត្រូវ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ខុសគ្នា​រវាង​អ្នក​មាន និង​អ្នកក្រ។ ​ទម្លាប់​ប្រចាំ​ថ្ងៃ​​ដែល​អ្នកក្រ​ភាគច្រើន​មើល​រំលង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឈរ​នៅ​ឆ្ងាយ​ពី​ក្រោយ​អ្នក​មាន រើ​បម្រាស់​មិន​រួច​ពី​ភាព​ក្រីក្រ។

តើ​អ្នក​មាន​បាន​សង្កេត​ឲ្យ​បាន​ដិតដល់​ហើយ​ឬ​នៅ​ថា ខ្លួន​អ្នក​នៅ​មាន​ទម្លាប់​​មួយ​ចំនួន​ដែល​ផ្ទុយ​ទៅ​នឹង​គោលការណ៍​​ភាព​ជា​អ្នក​មាន។ ចាប់​ពី​ចំណុច​ទី ១ ដល់​ ៣ ខាងក្រោម​នេះ តើ​អ្នក​បាន​បង្កើត​ទម្លាប់​ទាំង​នេះ​ហើយ​ឬ​នៅ​ដើម្បី​សម្រេច​បាន​ភាព​​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក? ​​​​​​​

១. ការ​មិន​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​គ្រា​មាន​អាសន្ន
ចំណុច​គ្រោះថ្នាក់​មួយ​ដែល​គេ​មើល​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​ស្រទាប់​អ្នក​ក្រ គឺ​ការ​មិន​បាន​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ប្រើប្រាស់​​ឲ្យ​បាន​​ត្រឹមត្រូវ​នៅ​ពេល​មាន​អាសន្ន (Emergency Funds)។ អ្នកក្រ​បាន​​បរាជ័យ​ក្នុង​ការ​រៀបចំ​ថវិកា​មួយ​ផ្នែក​សម្រាប់​គម្រោង​នេះ​ឡើង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​​នឹង​ងាយ​ធ្លាក់​ខ្លួន​ ឬ​បន្ត​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​ទៀត​​នៅ​ពេល​មាន​ការ​ចំណាយ​ចាំបាច់​ណា​មួយ​កើត​មាន​ឡើង​​ភ្លាមៗ​ដូច​ជា ត្រូវការ​ប្រាក់​សម្រាប់​សុខភាព ការ​បាត់បង់​ការងារ ឬ​ការ​បរាជ័យ​ក្នុង​ជំនួញ​ជា​ដើម។ ខុស​ពី​អ្នក​ក្រ អ្នក​មាន​បាន​គិតគូរ​​រួច​ហើយ​លើ​គម្រោង​មួយ​នេះ​ ដែល​នេះ​វា​មិន​ងាយ​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ខ្លួន ឬ​អាច​​ធ្វើ​ឲ្យ​​ខ្លួន​រើ​បម្រាស់​ខ្លួន​ពី​ភាព​ក្រីក្រ​បាន។

 ២.មិន​បាន​វិនិយោគ ឬ​វិនិយោគ​មិន​ទាន់​គ្រប់គ្រាន់
សម្រាប់​ស្រទាប់​អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ ការ​វិនិយោគ​គឺ​ជា​​មុខ​ជំនួញ​ដ៏​ចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន។ អ្នក​មាន​យល់​ថា ការ​វិនិយោគ​គឺ​ជា​​ប្រភព​នៃ​ប្រាក់​ចំណូល​ ទោះបី​ជា​ពេល​ខ្លះ​បរាជ័យ ឬ​ទទួល​បាន​ផល​ចំណេញ​តិច​មក​វិញ​ក៏ដោយ។ ការ​វិនិយោគ​ដ៏​ពេញ​និយម​របស់​អ្នក​មាន គឺ​អចលនទ្រព្យ ផ្សារភាគហ៊ុន និង​បង្កើត​មុខ​ជំនួញ​ផ្សេងៗ​ជា​ដើម។ យ៉ាងណាមិញ ការ​យក​លុយ​ទាំង​ដុលៗ​ទៅ​វិនិយោគ វា​ក្លាយ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​សម្រាប់​អ្នក​ក្រីក្រ។ អ្នក​ក្រ​ជា​ទូទៅ ខ្វះ​ការ​សម្រេចចិត្ត គ្មាន​ទំនុកចិត្ត និង​ចំណេះដឹង​ការ​វិនិយោគ មាន​ភាព​ភ័យខ្លាច មិន​ហ៊ាន​ប្រថុយ ដែល​ជា​ហេតុ ធ្វើ​ឲ្យ​មនុស្ស​ជំពូក​នេះ​ពិបាក​សម្រេច​បាន​ភាព​ជោគជ័យ​លើ​​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ។ អ្នក​​គួរ​សាកល្បង​រៀន​វិនិយោគ ចាប់​តាំង​ពី​លុយ​បន្តិចបន្តួច​ទៅ កុំ​រង់ចាំ​លុយ​ច្រើន​បាន​វិនិយោគ។ វិនិយោគ​ផង រៀន​វិនិយោគ​ផង អ្នក​នឹង​​​មាន​ចំណេះដឹង​កាន់តែ​ច្បាស់​ពី​របៀប​វិនិយោគ​តាម​អ្នក​មាន​បាន។

៣. គ្មាន​គោលដៅ​​សម្រាប់​រយៈពេល​វែង
ចំណុច​ដ៏​គួរឲ្យ​អាណិត​អាសូរ​មួយ​ទៀត​របស់​អ្នក​ក្រ​នោះ​គឺ​ថា ពួកគេ​ជា​មនុស្ស​រក​មួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ មិន​បាន​គិតគូរ​វែងឆ្ងាយ​ពី​អនាគត​ហិរញ្ញវត្ថុ​របស់​ខ្លួន។ ពួកគេ​គ្មាន​ក្តី​សុបិនច្បាស់លាស់ មិន​ដឹង​ថា​ចង់​បាន​អ្វី​នៅ​ថ្ងៃ​ខាងមុខ? ចង់​បាន​អនាគត​បែប​ណា? មាន​ការងារ​អ្វី? រក​លុយ​ដោយ​វិធី​ណា? ត្រូវ​រក​លុយ​ឲ្យ​បាន​ប៉ុន្មាន​នៅ​ក្នុង​ឆ្នាំ​ក្រោយ ២​ឆ្នាំ​ខាងមុខ ៥​ឆ្នាំ​ខាងមុខ? សម្រាប់​អ្នក​មាន គឺ​មាន​ភាព​ច្បាស់លាស់​នៅ​ត្រង់​ចំណុច​នេះ។ អ្នក​មាន​បាន​គិតគូរ​វែងឆ្ងាយ​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​សម្រេច​បាន​នៅ​ក្នុង​រយៈពេល ៥ ឬ ១០​ឆ្នាំ​ខាងមុខ។ ពួកគេ​មាន​​យល់​ថា ដើម្បី​សម្រេច​បាន​គោលដៅ​ខាងមុខ ខ្លួន​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ដោយ​វិធី​ណា? ប្រើ​ពេល​ប៉ុន្មាន? ការ​មាន​ផែនការ​គោលដៅ​ជីវិត គឺ​ជា​រឿង​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​មាន៕

ប្រភព៖ Entreprenuer 

 

X
5s